- 2022-03-15 04:41:25
- ព័ត៌មាន
សមិទ្ធផលថ្មី! ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ តម្លៃជាង២២លានដុល្លារ ជិតដាក់ឲ្យប្រើប្រាស់ហើយ!
- 2022-03-15 04:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមិទ្ធផលថ្មី! ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ តម្លៃជាង២២លានដុល្លារ ជិតដាក់ឲ្យប្រើប្រាស់ហើយ!
ចន្លោះមិនឃើញ
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨ ទៅ៩៩ភាគរយហើយ នៃគម្រោងទាំងមូល ហើយរដ្ឋបាលរាជធានី គ្រោងដាក់ឲ្យដំណើរការ ប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ ខាងមុខ ។នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។
ផ្អែកតាមលក្ខណៈបច្ចេកទេស ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ៖
-ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមក ជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។
-ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
-ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ចំណែកផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ ប្រវែងសរុប ១៣០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។
ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោច ក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
សូមជម្រាបថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក
ប្រភព៖រដ្ខបាលរាជធានីភ្នំពេញ