• 2022-04-07 03:12:21
  • ព័ត៌មាន

នេះ​ហើយ​ជាហេតុផល ដែល​ទេពធីតាឆ្នាំថ្មីទាំងអស់ មិន​អាច​ជិះ​សត្វជំនិះត្រូវ​នឹង​ឆ្នាំ​របស់​ខ្លួន​បាន

  • 2022-04-07 03:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកមានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនលោកតែងតែមានការយល់ច្រឡំពីទំនៀមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសអំពី បុត្រីទាំង ៧ អង្គនៃកបិលមហាព្រហ្ម។ ក្នុងផ្នត់គំនិតបងប្អូន តែងយល់ថា ទេពធីតា ដែលនឹងចុះមកថែរក្សាជម្ពូទ្វីពមនុស្សលោក ជារៀងរាល់ឆ្នាំក្នុងពិធីចូលឆ្នាំខ្មែរ ទេវតា នឹងជិះសត្វតំណាងឱ្យពង្សធាតុនៃសត្វតាមឆ្នាំ ។ ឧទាហរណ៍ គេតែងយល់ថា ទេវតាឆ្នាំថ្មី ឆ្នាំខាល ឆ្នាំនេះផ្ទាល់ ត្រូវតែជិះខ្លា ជាពាហនៈ ព្រោះតំណាងឆ្នាំទាំង ១២ ឆ្នាំខាលមានសត្វខ្លាជាតំណាង ។

តាមពិតទៅការយល់ឃើញបែបនេះ គឺពុំត្រឹមត្រូវនោះឡើយ ព្រោះបុត្រីកបិលមហាព្រហ្ម មានតែ ៧ អង្គ បើសិនជាមានយានជំនិះតាមពង្សធាតុឆ្នាំ ដែលមានសត្វទាំង ១២ ជាតំណាង តើធ្វើដូចម្ដេចនឹងជិះអស់នោះ បើទេពធីតាមានតែ ៧ អង្គ។ ដូច្នេះមានន័យថា បុត្រីទាំង ៧អង្គនៃកបិលមហាព្រហ្មមានយានជំនិះរៀងៗខ្លួន មិនមែនសត្វទាំង ១២នោះទេ ។

ដើម្បីឲ្យងាយយល់ត្រូវចងចាំថា សត្វទាំង ១២ គឺតំណាងឱ្យពង្សធាតុមនុស្ស ដែលត្រូវកើតចំឆ្នាំណា ឧទាហរណ៍អ្នកកើតចំឆ្នាំវក គឺមានសត្វស្វា ជាសត្វតំណាងឆ្នាំរបស់ខ្លួន ។ ចំណែកឯទេវតាជាបុត្រីទាំង ៧ អង្គឯណោះវិញ គឺមានយានជំនិះផ្សេងៗពីគ្នាដែរ មិនមែនជាសត្វទាំង ១២ នៃពង្សធាតុមនុស្សនោះទេ ។

តោះឥឡូវទៅស្គាល់អំពីព័ត៌មានលម្អិតរបស់ ទេពធីតាមហាសង្ក្រាន្តទាំង៧តំណាងថ្ងៃនីមួយៗមានដូចខាងក្រោម កុំឲ្យយល់ច្រឡំតទៅទៀត៖

១.បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យគឺ ត្រូវវេនបុត្រីទី ១ ព្រះនាម ទុង្សាទេវី ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម សោយផ្លែឧទុម្ពរ (ផ្លែល្វា) ជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងគង់លើពាហនៈ ស្តេចគ្រុឌ។

២.បើសង្ក្រាន្តចូលចំថ្ងៃច័ន្ទគឺ ត្រូវវេនបុត្រីទី ២ ព្រះនាម គោរាគទេវី ទ្រង់អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស សោយប្រេងជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វខ្លា។

៣.បើសង្ក្រាន្តចូលចំថ្ងៃអង្គារគឺ ត្រូវវេនបុត្រីទី ៣ ព្រះនាម រាក្យសាទេវី ទ្រង់អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក សោយលោហិតជាភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងគង់លើពាហនៈ សត្វសេះ។

៤.បើសង្ក្រាន្តចូលចំថ្ងៃពុធគឺ ត្រូវវេនបុត្រីទី ៤ ព្រះនាម មណ្ឌាទេវី ទ្រង់អម្ពរពណ៌អន សៀតផ្កាចម្ប៉ា សោយទឹកដោះសិប្បីជាភក្សាហារ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វលា។

៥.បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍គឺ ត្រូវវេនបុត្រីទី ៥ ព្រះនាម កិរិណីទេវី ទ្រង់អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង និងគង់លើពាហនៈ សត្វដំរី។

៦.បើសង្ក្រាន្តចូលចំថ្ងៃសុក្រគឺ ត្រូវវេនបុត្រីទី ៦ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរពណ៌ស សៀតផ្កា ចង្កុលណី សោយចេកណាំវ៉ាជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងគង់លើពាហនៈ សត្វក្របី។

៧.បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍គឺ ត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈ សត្វក្ងោក៕

សូមជម្រាបថា មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។

ប្រភព៖ ឧត្តម អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀមទម្លាប់ខ្មែរ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់