• 2022-04-13 07:25:00
  • ព័ត៌មាន

អង្គការអុកស្វាម ក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការសង្គមស៊ីវិលរួមគ្នាផ្សព្វផ្សាយកិច្ចគាំពារសង្គមទូទាំងប្រទេស

  • 2022-04-13 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្សព្វផ្សាយអំពីការគាំពារដល់សុខភាពស្ត្រីដែលមានផ្ទៃពោះ និងភាពធំធាត់ប្រកបដោយសុខភាពល្អរបស់កុមារតូចៗពិតជាមានសារសំខាន់ណាស់។ ថ្វីដ្បិតសង្គមបច្ចុប្បន្ននេះ មានភាពជឿនលឿនក្ដី ប៉ុន្តែចំណេះដឹង ក៏ដូចជាការផ្សព្វផ្សាយលើទិដ្ឋភាពនេះនៅមិនទាន់ទូលំទូលាយគ្រប់គ្រាន់នៅឡើយ។

តួយ៉ាង ប្រជាជននៅតាមស្រុក-ភូមិនៅមិនទាន់ទទួលបានព័ត៌មានពេញលេញ និងយល់ច្បាស់នៅឡើយ ។ ក្នុងន័យនេះ អង្គការអុកស្វាម រួមសហការជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បណ្តាញកសិករ និងធម្មជាតិ (FNN) អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ដើម្បីរៀបចំនូវយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេសដោយមានការគាំទ្រហិរញ្ញវត្ថុពីក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) តាមរយៈអង្គការ GIZ។

យន្តការផ្សព្វផ្សាយកិច្ចគាំពារសង្គមនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានអំពីកិច្ចគាំពារសង្គមដល់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ទាំងអ្នកនៅជនបទ តំបន់ដាច់ស្រយាល អ្នកនៅតាមដងទន្លេ និងជនជាតិដើមភាគតិចដែលរស់នៅតំបន់ភ្នំ។ រូបថត៖ អង្គការអុកស្វាម យុទ្ធនាការនេះបានរៀបចំឡើងនៅទូទាំងប្រទេសដោយផ្ដោតសំខាន់លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាព។

ដើម្បីទទួលបានសាច់ប្រាក់ឧបត្ថម្ភអ្នកទទួលផលត្រូវចុះឈ្មោះក្នុងកម្មវិធីនេះ នៅសាលាឃុំ ឬសង្កាត់ ដោយភ្ជាប់ជាមួយនឹងបណ្ណសមធម៌ ឬបណ្ណអាទិភាព រួមជាមួយនឹងសៀវភៅសុខភាពមាតា ឬបណ្ណសុខភាពកុមារ។ បន្ទាប់ពីការចុះឈ្មោះ ស្ត្រីជាម្ដាយនឹងទទួលបានបណ្ណគណនីវីងមួយ ដែលផ្ដល់ដោយអាជ្ញាធរឃុំ/សង្កាត់ ទុកសម្រាប់ដកប្រាក់ឧបត្ថម្ភតាមបញ្ឈរវីងបន្ទាប់ពេលពិនិត្យសុខភាព។

ការឧបត្ថម្ភនេះគឺមាន ច្រើនដំណាក់កាលទៅតាមការពិនិត្យសុខភាពមុនពេលសម្រាល រហូតដល់កុមារមានអាយុ ២៤ខែ៖

  • ស្ត្រីមានផ្ទៃពោះនឹងទទួលបានការឧបត្ថម្ភពេលទៅពិនិត្យផ្ទៃពោះ មុនសម្រាលចំនួន៤ដង ម្ដងៗគឺមានចំនួនទឹកប្រាក់ ៤ម៉ឺនរៀល និងទទួលបានទឹកប្រាក់ ២០ម៉ឺនរៀលបន្ថែមទៀតនៅពេលសម្រាល។

  • បន្ទាប់ពីសម្រាលរួចរហូតដល់ទារកមានអាយុ២៤ខែ ម្ដាយ និងទារកត្រូវទៅពិនិត្យសុខភាពចំនួន ១០ដងទៀតហើយម្ដងៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺនរៀល។

ការផ្សព្វផ្សាយអង្គការ HACC ដល់សហគមន៍រួមទាំងអ្នកផ្ទុកមេរោគអេដស៍ អ្នកប្រើគ្រឿងញៀន អ្នកធ្វើការផ្នែកសេវាកម្សាន្ត នៅភ្នំពេញ។ រូបថត៖ HACC។

កម្មវិធីគាំពារសង្គមសំខាន់ៗដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល នៅមិនទាន់ត្រូវបានប្រជាពលរដ្ឋកម្ពុជាស្គាល់ជាទូទៅនៅឡើយទេ។ យោងតាមការសិក្សាមួយ ៥៤% នៃអ្នកឆ្លើយតបនឹងបទសម្ភាស បានដឹងអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើ ហើយ ៤១%បានដឹងអំពីមូលនិធិសមធម៌សុខាភិបាល។

តាមការឱ្យដឹងពីលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមមានប្រសាសន៍ថា ៖ “កិច្ចគាំពារសង្គមគឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនពីផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមនៅទូទាំងវដ្តជីវិតរបស់ពួកគេ ។ កិច្ចគាំពារសង្គមបានបង្ហាញពីសក្ដានុពលក្នុងការគាំទ្របុគ្គលដែលរស់នៅក្នុងភាពក្រីក្រ ឬបុគ្គលដែលប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ។ ដូច្នេះ ជាការចាំបាច់និងបន្ទាន់ដែលត្រូវធ្វើការសម្របសម្រួលកិច្ចសហការពហុភាគី ដើម្បីដោះស្រាយបញ្ហាកង្វះខាតចំណេះដឹង និងការយល់ដឹង ។”

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា៖ “ជាការសំខាន់ណាស់ដែលយើងត្រូវលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីប្រព័ន្ធគាំពារសង្គមកម្ពុជា និងអភិវឌ្ឍវប្បធម៌នៃការយល់ដឹងអំពីកិច្ចគាំពារសង្គម ឈានទៅពង្រីកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។ យើងមានទំនួលខុសត្រូវក្នុងការអប់រំសាធារណជនអំពីអត្ថប្រយោជន៍ដែលប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គមផ្តល់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ បុគ្គលដែលទទួលបានព័ត៌មានច្បាស់អំពីអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម នឹងកាន់តែសកម្មក្នុងការប្រើប្រាស់កម្មវិធីនេះ ។”

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

គំនិតផ្ដួចផ្តើមនេះ គាំទ្រដល់ការបង្កើតយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដែលជាកិច្ចសហការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម (ដែលរូមមានក្រសួង-ស្ថាប័នចំនួន ១១) អង្គការអុកស្វាម និងអង្គការសង្គមស៊ីវិលចំនួនប្រាំមួយ ដែលតំណាងឱ្យអង្គការសង្គមស៊ីវិល និង/ឬ អង្គការនៅថ្នាក់សហគមន៍ ចំនួនជាង ៧០០ ៕

កាន់តែច្បាស់ តោះចុចមើលពត៌មានខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់