• 2022-04-15 03:30:00
  • ព័ត៌មាន

កាន់តែច្បាស់អំពី ការស្នើសុំ និងអត្ថប្រយោជន៍នៃ បណ្ណសមធម៌គាំពារដល់ជនក្រីក្រនៅកម្ពុជា

  • 2022-04-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលកន្លងទៅនេះ ដៃគូអង្គការសង្គមស៊ីវិលបានសហការផ្សព្វផ្សាយអំពីកិច្ចគាំពារសង្គមដែលក្នុងនោះរួមមាន៖ អង្គការអុកស្វាម រួមជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បណ្តាញកសិករ និងធម្មជាតិ (FNN) អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជនផល (FACT) គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ដើម្បីរៀបចំនូវយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេស ដោយមានការគាំទ្រហិរញ្ញវត្ថុពីក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) តាមរយៈអង្គការ GIZ។

យុទ្ធនាការនេះគឺដើម្បីផ្ដល់ឱ្យប្រជាជនគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈកម្មវិធីគាំពារសុខភាពសង្គម និងកម្មវិធីជាតិជំនួយសង្គមនានា។

ការផ្សព្វផ្សាយអំពីសារសំខាន់នៃបណ្ណសមធម៌ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ដល់សហគមន៍នៅខេត្តកំពង់ធំ។ រូបថត៖ FACT

ការផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ដល់សហគមន៍ក្នុងឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបភាពៈ FACT។

ដោយឈរលើគោលការណ៍ប្រជាជនគ្រប់រូបមានសិទ្ធិទទួលបានសេវាសុខភាពសមរម្យ រដ្ឋាភិបាលបានបង្កើតមូលនិធិសមធម៌សុខាភិបាលដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។

មូលនិធិសមធម៌នេះ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សេវាថែទាំសុខភាព ដោយមិនចាំបាច់បង់ថ្លៃដោយខ្លួនឯង។ ពោលគឺរដ្ឋនឹងបង់ថ្លៃសេវាជំនួសតាមរយៈមូលនិធិសមធម៌សុខាភិបាលនេះ ដែលក្នុងនោះសេវាសុខភាពដូចជា៖

  • សេវាសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ
  • ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់អាហារ
  • សេវាថែទាំផ្ទៃពោះ
  • ជំនួយផ្នែកហិរញ្ញវត្ថុ និងសេវាជំនួយសង្គមផ្សេងៗទៀត ក្រោមកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។

ដើម្បីទទួលបានអត្ថប្រយោជន៍គាំពារសង្គមខាងលើ គ្រួសារត្រូវតែមាន “បណ្ណសមធម៌”។ បណ្ណនេះត្រូវបានផ្ដល់ដោយអជ្ញាធរភូមិឃុំដែលលោកអ្នករស់នៅ ក្រោយពីទទួលបានការស្មើសុំ និងការវាយតម្លៃ។

ខ្លឹមសារនៃយុទ្ធនាការផ្សព្វផ្សាយមានដូចខាងក្រោម៖

ប្រសិនបើលោកអ្នកមិនទាន់មានបណ្ណសមធម៌ខាងលើ លោកអ្នកអាចធ្វើការស្នើសុំទៅអាជ្ញាធរភូមិឃុំ ដែលលោកអ្នករស់នៅ។ បន្ទាប់ពីការស្នើសុំ ខាងអាជ្ញាធរនឹងធ្វើការវាយតម្លៃស្ថានភាពគ្រួសាររបស់លោកអ្នក។ បន្ទាប់ពីទទួលបានការអនុម័ត សមាជិកទាំងអស់នៃគ្រួសាររបស់អ្នក ជាអ្នកដែលទទួលបានអត្ថប្រយោជន៍ពីបណ្ណនេះនឹងត្រូវធ្វើការថតរូប និងទទួលបានបណ្ណ។ គួរបញ្ជាក់ថា៖ បណ្ណសមធម៌មានសុពលភាពរយៈពេលរហូតដល់ទៅ ៣ឆ្នាំឯណោះ។

ប្រសិនបើអ្នក ឬសមាជិកណាមួយនៃគ្រួសាររបស់លោកអ្នកត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែអ្នកមិនមានបណ្ណសមធម៌ និងមិនមានថវិកាសម្រាប់បង់ថ្លៃមន្ទីរពេទ្យ អ្នកអាចធ្វើការស្នើសុំជាមួយនឹងភ្នាក់ងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅមន្ទីរពេទ្យបាន។ ប៉ុន្តែបណ្ណនេះ មានសុពលភាពត្រឹមមួយឆ្នាំប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅសាលាឃុំដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទទៅកាន់លេខ ១២៧៣៕ កាន់តែច្បាស់ លោកអ្នកអាចចូលទស្សនាក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់