• 2022-04-22 07:31:41
  • ព័ត៌មាន

ប្រវត្តិសាស្ត្រ​ហើយ ​ម៉ាស៊ូត មាន​តម្លៃ​ថ្លៃ​ជាង​សាំង តើ​ដឹង​ទេ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

  • 2022-04-22 07:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​យានយន្ត​ដែល​កំពុង​ប្រើ​ប្រាស់​យានយន្ត​ប្រើ​ម៉ាស៊ូត មានការ​ខក​ចិត្ត ក្រោយ​ប្រេង​ប្រភេទ​នេះ ស្រាប់​តែ​ហក់​ឡើង​ខ្ពស់​ជាង​ប្រេង​សាំង​ធម្មតា។ តើ​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា ម៉ាស៊ូត មាន​តម្លៃ​ថ្លៃ​ជាង​ប្រេង​សាំង​ធម្មតា​នា​ពេល​នេះ?

តម្លៃសាំង​នៅ​ស្ថានីយនៅ​ក្នុង​ថ្ងៃ​ទី ២២ មេសា​នេះ

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ស្ដី​ពី​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ពី​ថ្ងៃទី ២១-៣០ មេសា តម្លៃ​លក់​រាយ​សម្រាប់​ម៉ាស៊ូត គឺ​មាន​តម្លៃ ៥ ៥០០រៀល​ក្នុង​១លីត្រ។ តម្លៃ​នេះ គឺ​បាន​ហក់​ឡើង ៤០០រៀល​ក្នុង​១លីត្រ ធ្វើ​ឲ្យ​ខ្ពស់​ជាង​តម្លៃ​ប្រេង​សាំង​ធម្មតា​ដែល​មាន​ត្រឹម ៥ ១៥០​រៀល​ក្នុង​១លីត្រ ខណៈ​នៅ​មុន​ឆ្នាំ​ខ្មែរ ប្រេង​សាំង​ធម្មតា និង​ម៉ាស៊ូត មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា។

ស្ថានភាព​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​យានយន្ត​ប្រភេទ​ម៉ាស៊ូត មាន​ការ​ខក​ចិត្ត ខណៈ​ប្រេង​ប្រភេទ​នេះ មាន​តម្លៃ​ទាប​ជាង​សាំង​ធម្មតា ច្រើន​ឆ្នាំ​មក​ហើយ ហើយ​នោះ​ជា​មូលហេតុ​ម្ចាស់​យានយន្ត​ខ្លះ បាន​សុខ​ចិត្ត​ប្ដូរ​រថយន្ត ឬ​ប្ដូរ​ពី​ប្រើ​ម៉ាស៊ីន​សាំង មក​ម៉ាស៊ីន​ម៉ាស៊ូត​ទៀត​ផង។ តើ​មាន​បញ្ហា​អ្វី​ពី​ក្រោយ​ម៉ាស៊ូត ហក់​ឡើង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​លើ​សាំង​ធម្មតា?

តាម​ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខធិការ​ក្រសួង​ពាណិជ្ជកម្ម មាន​ហេតុផល​មួយ​ចំនួន​ជាប់​ពាក់​ព័ន្ធ​បញ្ហា​នេះ។ ហេតុផល​ទី១ ការ​ប្រែ​ប្រួល​ឡើង ឬ​ចុះ​លើ​តម្លៃ​ជាក់​ស្ដែង​ណា​មួយ​នៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា គឺ​អនុឡោម​តាម​ការ​ប្រែប្រួលហាង​ឆេង​ទីផ្សារ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ។

ចំណុច​នេះ​ ដូច​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែរ ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ក្រសួង​មិនមែន​ជា​អ្នក​កំណត់​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈនៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់​តែ​ស្រង់តម្លៃ​ឡើង ចុះ​នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​យោង​ប៉ុណ្ណោះ។ តាម​ទីផ្សារ​អន្តរជាតិ តម្លៃ​ប្រេង​ឥន្ធនៈ មាន​តម្លៃ ០,៧៧៦ដុល្លារ​ក្នុង​១លីត្រ។

ដោយ​ឡែក ម៉ាស៊ូត តម្លៃ ០,៩៣៦៤ ដុល្លារ​ក្នុង​១លីត្រ។ តួលេខ​នេះ ឃើញ​ថា ម៉ាស៊ូត មាន​តម្លៃ​ខ្ពស់​ស្រាប់​ពី​ទីផ្សារ​អន្តរជាតិ។ ប៉ុន្តែ​បើ​សួរ​ថា ហេតុអ្វី​ម៉ាស៊ូត​ទីផ្សារ​អន្តរជាតិ​ថ្លៃ​ជាង​សាំង​ធម្មតា? គឺ​មាន​ហេតុផល​ពាក់ព័ន្ធ​ខ្លះ​​ទៀត​ជាប់​ទាក់​ទង​នឹងយុទ្ធនាការ​សកល​ ដែល​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​ខ្យល់ ដែល​នៅ​ក្នុង​នោះ​មាន​និយាយ​ដល់​ការ​បំភាយ​ជាតិ​ពុល​ចូល​ទៅ​ក្នុង​បរិយាកាស​ពី​យានយន្ត​ដែល​ប្រើ​ម៉ាស៊ូត។

កម្ពុជា​បាន​ចូល​រួម​យុទ្ធនាការ​ត្រួតពិនិត្យគុណភាព​ខ្យល់ ជា​ពិសេស​គុណភាព​ខ្យល់​សាធារណៈ​នៅ​តាម​ទីប្រជុំជន​ធំៗ ដោយ​តាម​ដានលើ​កំហាប់​ភាគល្អិត​និចលមានវិជ្ជមាត្រតូច​ជាង ២,៥មីក្រូម៉ែត្រ(ហៅកាត់ថា PM2.5) ដែល​មាន​ការ​កើន​ឡើង​ក្នុង​កម្រិត​អាច​បង្កហានិភ័យដល់​សុខភាព​សាធារណៈ និង​គុណភាព​បរិស្ថាន។

ក្នុង​ន័យនេះ កម្ពុជា បាន​ដាក់​ចេញ​វិធានការណ៍ ៧ចំណុច ក្នុង​នោះ​ចំណុច​ទី២ នៃ​សារាចរ​លេខ ០១ សរ ចុះ​ថ្ងៃ​ទី ២ មករា ២០២០ បាន​និយាយ​អំពីការ​គ្រប់​គ្រង​គុណភាព​ប្រេង​ឥន្ធនៈ​ដែល​មាន​ផ្ទុក​ជាតិ​ស្ពាន់​ធ័រ​ខ្ពស់។ ចំណុច​ទី​២ នៃ​សារាចរ​នេះ បាន​ចែង​ថា ចាប់​ពី​ថ្ងៃ​ទី ១ មករា ២០២០ ត​ទៅកម្ពុជា អនុវត្ត​ស្តង់ដារ​កម្រិត​ស្ពាន់ធ័រ​ដែល​មាន​ក្នុង​ប្រេង​ឥន្ធនៈ​ប្រភេទ៣(EURO III)។

ចាប់​ពី​ថ្ងៃ​ទី ១ មករា ២០២១ ត​ទៅ អនុវត្ត​ស្តង់ដារ​កម្រិត​ស្ពាន់ធ័រ​ដែល​មាន​ក្នុង​ប្រេង​ឥន្ធនៈ​ប្រភេទ៤(EURO IV) និង​ថ្ងៃ​ទី ១ មករា ២០២៤ អនុវត្ត​ស្តង់ដារ​កម្រិត​ស្ពាន់ធ័រ​ដែល​មាន​ក្នុង​ប្រេង​ឥន្ធនៈ​ប្រភេទ៥(EURO V)។ ចំណុច​នេះ​ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​ផ្ដើម​អនុវត្ត​ស្តង់​ដា៤ ហើយ​ប្រេង​ម៉ាស៊ូត​ដែល​នាំ​ចូល​កម្ពុជា​ប្រភេទ​គុណភាព​ល្អ និង​មាន​តម្លៃ​ដើម​ថ្លៃ។

តម្លៃ​សាំង​កាល​មុន​ចូល​ឆ្នាំ​ខ្មែរ

ឯកឧត្តម ប៉ែន សុវិជាតិ៖ "សូមបញ្ជាក់ថាប្រេងម៉ាស៊ូតដែលនាំចូល និង ថ្លៃប្រេងម៉ាស៊ូតយកជាមូលដ្ឋានក្នុងការគណនានេះគឺជាប្រភេទ0,005% ដែលជាប្រភេទម៉ាស៊ូតគុណភាពល្អ ស្របតាមលក្ខខណ្ឌតម្រូវនៃសារាចរលេខ០១ស.រ ចុះថ្ងៃទី២ ខែមករាឆ្នាំ ២០២០"។

ឯកឧត្តម​បន្ត​ថា ការនាំចូលប្រេងម៉ាស៊ូតដែលមានកំរិតស្ពាន់ធ័រទាបនេះ ជាការចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ដូចមានចែងក្នុងសារាចរ។ ដូច្នេះថ្លៃប្រងម៉ាស៊ូតដែលនាំចូលនេះថ្លៃបន្តិច ប៉ុន្តែអនុលោមតាមស្តង់ដារនៃការអនុវត្តជាអន្តរជាតិ ដែលចូលរួមទាំងការទប់ស្កាត់ការបំពុលបរិស្ថានផងនិងការពារគ្រឿងម៉ាស៊ីនយានយន្តផង៕

អត្ថបទ៖ ទារិកា

មតិយោបល់