• 2022-04-25 05:50:00
  • ព័ត៌មាន

ស្ដាយណាស់! កុំចោលអី អាចទេបើបែរមកច្នៃស្វាយទុំ ធ្វើវាឱ្យទៅជាដំណាប់ស្វាយនោះ?

  • 2022-04-25 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែករំលែកតៗគ្នាជាច្រើនពាន់នាក់ ក្រោយមានកសិករម្នាក់ បានលើកឡើងថា ដាំស្វាយបានផលហើយអត់អ្នកទិញ ទុកទុំជ្រុះចោលរាប់តោន សោកស្ដាយជាពន់ពេក។

គណនីហ្វេសប៊ុកមួយមានឈ្មោះ Sen Phonn កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២២នេះបានបង្ហោះលើគណនីរបស់ខ្លួនថា «មានអារម្មណ៍យ៉ាងមិចដែលខំធ្វើបានផលហើយអត់អ្នកទិញបងប្អូនចាក់ចោលប្រហែល ៣០តោន អ្នកធ្វើចំការដូចខ្ញុំ ឃើញទន់ខ្លួនអស់ដើរអត់ចង់ទៅមុខ ចំការរង្វង់មូលធំបន្ទាយស្រី»

តាមគណនីហ្វេសប៊ុកខាងលើ បានបង្ហាញឱ្យដឹងថា តម្លៃផ្លែស្វាយចុះថោកខ្លាំង មិនដឹងពីមូលហេតុ នៃការធ្លាក់ថ្លៃស្វាយខ្លាំងដល់ថ្នាក់នេះទេ ហើយអ្នកទិញក៏អត់មានទៀត។ ក្រោយមានការបង្ហោះបែបនេះ មហាជនជាច្រើនសំដែងក្ដីសោកស្ដាយយ៉ាងច្រើននាក់នឹងបានដាក់បន្ទុកថា ហេតុអ្វីអាជ្ញាធរពាក់ព័ន្ធមិនអើរពើ រកដំណោះស្រាយជូនកសិករ ដោយបណ្ដោយឱ្យកើតមានករណីបែបនេះរាល់ឆ្នាំ ធ្វើឱ្យពលរដ្ឋចោលផ្លែស្វាយរាប់សិបតោន ស្ដាយណាស់។ ដោយឡែកខ្លះទៀត បានខមិនដោយផ្ដល់ជាគំនិតថា បើសិនស្វាយគ្មានទីផ្សារលក់មិនចេញ មិនគួរណាចោលអញ្ចឹងទេ អាចទេបើគួរតែកែច្នៃទៅជាដំណាប់ស្វាយវិញ?

ទន្ទឹមនេះ បើតាមការខមិនរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Lyly Ya បានបង្ហាញពីដំណោះស្រាយ ដោយបង្ហាញថា «បងអាចទិញជាចង្រ្កានឡដូចគេដុតនំប័ងមកឆ្នៃយកផ្លែស្វាយទំល្មមៗបងចិតសំបកចេញយកចិតយកតែសាច់ស្វាយហាន់ជាចង្វាមូល ក្នុងមួយផ្លែអាចចិតយក ៦ទៅ៨ចំណិត បងអាចយកទៅចូលឡដុតធ្វើជាដំណាប់ស្វាយ បងអាចច្រកជាកំប៉ុងឬ រឺថង់បិតមុខជិតលក់បាន ហើយរស់ជាតិគឺឆ្ងាញ់ជាងដំណាប់ស្វាយផែន បងមិនចាំបាច់ប្រលាកលអ្វីទេ ហើយទុកបានយូរខែទៀត ។ ក្រៅពីនេះទៀត បងកុំយកចោលអីស្តាយវា កសិករទាំងអស់គួរនាំគ្នាឆ្នៃជាដំណាប់ស្វាយវិញអាចលក់ក្នុងហាងក៏បានលក់មុខផ្ទះក៏បានលក់តាមអនឡាញក៏បាន លក់នៅផ្សារក៏ដាច់សាកល្បងធ្វើទៅវាពិតជាប្រពៃណាស់»

សូមជម្រាបថា កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទធ្លាប់បានលើកឡើងថា ផ្លែស្វាយស្ថិតក្នុងតម្លៃទាប ដោយសារផ្លែស្វាយ នៅមិនទាន់មានគុណភាពល្អគ្រប់គ្រាន់ស្របតាមស្តង់ដារ ដូចជា ទំហំផ្លែតូច គ្មានសោភ័ណភាព និងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញរបស់ក្រុមហ៊ុន ឬតម្រូវការរបស់ឈ្មួញ។ ក្រសួងបន្តថា ជាទូទៅ តម្លៃផលិតកម្មកសិកម្ម រួមទាំងស្វាយ នៅកម្ពុជា និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក តែងមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់និងតម្រូវការ ដូចជាក់ស្តែងតម្លៃស្វាយមានការធ្លាក់ចុះ ដោយសារតែដល់រដូវកាលប្រមូលផលធ្វើឱ្យបរិមានផលិតផលច្រើនជាងតម្រូវការ ។

កសិករខ្មែរនៅរៀងរាល់រដូវប្រមូលផលដំណាំផ្លែស្វាយ តែងតែមានកង្វល់ជានិច្ចក្នុងការស្វែងរកទីផ្សារលក់នូវទិន្នផលរបស់ខ្លួន ជាពិសេសកសិកផលសឹងតែទាំងអស់នេះរបស់កសិករខ្មែរ មិនមានទីផ្សារច្បាស់លាស់នោះទេ។ មានន័យថា បើខេត្តណានៅជាប់ប្រទេសថៃ កសិករខ្មែរលក់កសិផលឲ្យទៅឈ្មួញថៃ ហើយបណ្តាលខេត្តជាប់ប្រទេសវៀតណាម គឺកសិករនឹងលក់ឲ្យឈ្មួញវៀតណាម ដូច្នេះតម្លៃកសិផល គឺស្ថិតនៅលើមាត់របស់ឈ្មួញ ដែលពេលខ្លះឈ្មួញបានទម្លាក់ថ្លៃយ៉ាងទាប រហូតកសិករខ្លះសុទ្ធចិត្តទុកឲ្យផលដំណាំទុំជ្រុះចោលក៏មាន ។

ដោយមើលឃើញពីបញ្ហានេះ ទាំងរាជរដ្ឋាភិបាល និងវិនិយោគទុន គួរតែសិក្សាលម្អិតអំពីចំនុចខ្វះខាត សិក្សាស្រាវជ្រាវរកដំណោះស្រាយ ដោយបោះទុនបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ រកទីផ្សារ ដោយកែច្នៃផ្លែស្វាយដែលកសិករលក់មិនចេញ ដើម្បីសម្រួលបន្ទុករបស់គាត់។ មិនត្រឹមតែធានាឱ្យបាននូវចំណូលដ៏មានស្ថេរភាពរបស់កសិករប៉ុណ្ណោះទេ ថែមទាំងបង្កើនសេដ្ឋកិច្ចជាតិផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់