- 2022-04-26 07:41:14
- ព័ត៌មាន
ប្រវត្តិគួរឲ្យចាប់អារម្មណ៍ពីវត្តបុរាណ! វត្តឯកភ្នំអាយុជាង២០០ឆ្នាំ និងរូបបដិមាដ៏ធំបំផុត កម្ពស់២៥ ម៉ែត្រ
- 2022-04-26 07:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិគួរឲ្យចាប់អារម្មណ៍ពីវត្តបុរាណ! វត្តឯកភ្នំអាយុជាង២០០ឆ្នាំ និងរូបបដិមាដ៏ធំបំផុត កម្ពស់២៥ ម៉ែត្រ
ចន្លោះមិនឃើញ
ប្រាសាទឯកភ្នំ មានឈ្មោះដើមថា នរេន្ទ្រគ្រាម ដែលមានន័យថា ភូមិរបស់ព្រះរាជា មានទីតាំងស្ថិតនៅក្នុង ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកភ្នំឯក ខេត្តបាត់ដំបង ចម្ងាយ១៤ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះត្រូវបានកសាងឡើង ក្នុងឆ្នាំ១០២៧ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីតម្គល់សិវលិង្គមួយឈ្មោះថា (ស្រីសូរ្យវឫស្វរៈ) ដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។
នៅជុំវិញបរិវេណប្រាសាទឯកភ្នំនេះត្រូវបានអ្នកស្រុកស្រុះស្រួលគ្នាកសាងវត្ត ព្រះវិហារ សម្រាប់ព្រះសង្ឃគង់នៅ ដែលគេអោយឈ្មោះថា វត្តឯកភ្នំ ហើយអ្នកស្រុកជិតឆ្ងាយក៏នាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែ។ បើតាមប្រសាសន៍របស់ឧបាសិកា ញិប ម៉ៅ អាយុ ៧៥ឆ្នាំរស់នៅភូមិរហាល ឃុំពាមឯក ជាជំនួយការវត្ត ប្រាប់អោយដឹងថា វត្តនេះបានកកើតឡើងដំបូងតាំងពីស.វទី១៨ ពស២៣០០ គ .ស១៧៥៧ បច្ចុប្បន្ន មានអាយុកាលជាង២០០ឆ្នាំ។
ដោយសារតែអាយុកាល និងប្រទេសយើងទទួលរងនៅសង្គ្រាមជាច្រើនលើកច្រើនសារ វត្តនេះត្រូវរងនៅការខូចខាត ជាអន្លើរ។ទើបតែនៅឆ្នាំ១៩៩១ ព្រះវិហារនេះបានជួសជុលសារជាថ្មីក្នុងជំនាន់ព្រះចៅអធិការ អៀម ឡុង, ប៉ិច ឈួន, ចក់ ឈុក និងព្រះតេជគុណ ឈួម បូ, ឧបាសិកា គង់ ជី លោកអាចារ្យ ទូច កាយ, សុន ធូក, ហែម ប្រម, ភិន ណាន់ ព្រមទាំងពុទ្ធបរិស័ទ ទាំងអស់ សរុបទឹកប្រាប់ ១៦៥, ២៩៩ ដុល្លារ និងត្រូវបានកសាងរួចជាស្ថាពរ សម្ពោធបញ្ចុះសីមាជាថ្មីឆ្នាំ ២០០១។ ចំណែករូបបដិមា ដែលនៅខាងជើងព្រះវិហារវិញ ត្រូវបានកសាង នៅឆ្នាំ២០០៣ ដោយព្រះចៅអធិការវត្ត និងប្រជាជន ព្រមទាំងពុទ្ធបរិស័ទ ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ហើយមានកម្ពស់ប្រមាណជា២៥ ម៉ែត្រ ។
សូមជម្រាបថា ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉ម នៃប្រាសាទនិងកំពែងធ្វើពីថ្មបាយកៀ្រម ហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។ នៅទីនោះមានដើមពោធិ៍១៨ ដើម ដុះព័ទ្ធជុំវិញប្រាសាទ បង្កើតអោយមានជាម្លប់យ៉ាងត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។នៅខាងត្បូងប្រាសាទនៅសល់គូទឹក ដែលបច្ចុប្បន្នបានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់។ ប្រាសាទឯកភ្នំនេះគេសង្គេតឃើញមានចម្លាក់ក្បាច់ជាច្រើន មានភាពរស់រវើកគួរអោយចង់ទស្សនានៅសេសសល់ តាមផ្នែកមួយចំនួន ដែលឆ្លុះបញ្ចាំងពីជំនឿក្នុងលិទ្ធិព្រហ្មញ្ញសាសនា យ៉ាងជ្រាលជ្រៅទៀតផង។
ប្រភព៖មន្ទីរទេសចរណ៍ខេត្តបាត់ដំបង