- 2022-05-26 10:17:15
- ព័ត៌មាន
ត្រូវរួមគ្នាដោះស្រាយ តាមរបាយការណ៍ស្ត្រីម្នាក់ក្នុងចំណោម ៥នាក់ រងអំពើហិង្សាពិសេសក្នុងអំឡុងកូវីដ១៩
- 2022-05-26 10:17:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវរួមគ្នាដោះស្រាយ តាមរបាយការណ៍ស្ត្រីម្នាក់ក្នុងចំណោម ៥នាក់ រងអំពើហិង្សាពិសេសក្នុងអំឡុងកូវីដ១៩
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឆ្នាំ ២០២០ បានឲ្យដឹងថា មានស្ត្រីម្នាក់ក្នុងចំណោម៥នាក់ដែលមានអាយុពី ១៥ទៅ ៤៩ឆ្នាំ ធ្លាប់បានរងគ្រោះដោយអំពើហិង្សាលើរាងកាយ។
បើទោះជារាជរដ្ឋាភិបាលមានការខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងយ៉ាងណា ប៉ុន្តែអំពើហិង្សាក្នុងគ្រួសារ ឬអំពើហិង្សាពីដៃគូស្និទ្ធស្នាល រួមមានអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត នៅតែកើតឡើងញឹកញាប់បំផុតទៅស្ត្រីក្នុងប្រទេសកម្ពុជា ដែលទាមទារឲ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធ។
ក្នុងន័យនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេសនៃសហព័ន្ធអាល្លឺម៉ង់ បានបើកយុទ្ធនាការថ្មីៗនេះផ្សព្វផ្សាយព័ត៌មានសាធារណៈអំពីយន្តការដោះស្រាយ និងប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្ត្រី។
តាមលោក Felipe De La Torre បានឲ្យដឹងថា យុទ្ធនាការនេះ មានរយៈពេល ៦ ដោយមានទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមប្រព័ន្ធឌីជីថល។ លោកថ្លែងថា "យើងមានគោលបំណងបញ្ជ្រាបចំណេះដឹងអំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតឡើងនៅក្នុងក្រុងភ្នំពេញ និងដើម្បីឲ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះទេ ប៉ុន្តែវាក៏ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គម និងសហគមន៍ផងដែរ"។
លោកបន្តថា យុទ្ធនាការនេះនៃគម្រោងរបស់ UNODC គឺផ្ដោតលើវិធីសាស្ត្រនគរបាលសហគមន៍ក្នុងការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ។ គម្រោងនេះនឹងធ្វើការជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា ដោយផ្ដោតទៅលើការកសាងសមត្ថភាពរបស់នគរបាលជួរមុខទាំងអស់ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជំនាញកំណត់អត្តសញ្ញាណ ជំនាញរាយការណ៍ និងសរសេររបាយការណ៍ពីករណីហិង្សាលើស្ត្រីដែលកើតឡើង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងលោកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃកិច្ចការនារី បានទទួលស្គាល់បញ្ហានេះ ខណៈ Dr Angelika Stauder លេខាទី១ និងជាប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានលើកឡើងថា អ្វីៗមិនអាចទៅរួចដោយផ្អែកតែលើសមត្ថកិច្ចនោះទេ។
លោកបានលើកឡើងថា "មន្ត្រីនគរបាលតែម្នាក់ មិនអាចដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រីទេ ព្រោះវាជាបញ្ហាសង្គមដែលទាមទារឲ្យមានការឆ្លើយតបពីសង្គមទាំងមូល!"។" ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា សមត្ថកិច្ចមានអំណាច និងការទទួលខុសត្រូវជាពិសេសលើករណីនេះ នោះគឺការការពារជនរងគ្រោះពីហានិភ័យបន្ថែមទៀត រួមទាំងការចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានាផង។
តាមរបាយការណ៍ ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ និងការិយាល័យសង្គមកិច្ច និងសុខមាលភាព មានខណ្ឌ សហគមន៍ចំនួន៦ ស្ថិតក្នុងខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានការប្រឈមហានិភ័យខ្ពស់នឹងអំពើហិង្សាទាក់ទងនឹងយេនឌែរ ក្នុងនោះមាន ខណ្ឌដង្កោរ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។
យុទ្ធនាការនេះ នឹងមានការប្រើប្រាស់ Hastag “ឈប់ទ្រាំនឹងអំពើហិង្សា" និងសារគន្លឹះ "មានអាជ្ញាធរ និងអ្នកជំនាញចាំជួយអ្នកជានិច្ច"។ សកម្មភាពទាំងនេះ គឺលើកទឹកចិត្តដល់ជនរងគ្រោះ និងសាក្សីត្រូវហ៊ានជំនះគំនាបវប្បធម៌ និងសង្គមពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវហា៊ននិយាយតាមរយៈការបណ្ដុះមតិ និងអារម្មណ៍វិជ្ជមានចំពោះការស្វែងរកជំនួយនៅពេលចាំបាច់៕