- 2022-05-27 09:45:42
- ព័ត៌មាន
ត្រៀមៗប្ដូរយានយន្ត! កម្ពុជា ដាក់ទិសដៅច្បាស់ លើការប្រើប្រាស់យានយន្តអគ្គីសនីក្នុងស្រុក
- 2022-05-27 09:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមៗប្ដូរយានយន្ត! កម្ពុជា ដាក់ទិសដៅច្បាស់ លើការប្រើប្រាស់យានយន្តអគ្គីសនីក្នុងស្រុក
ចន្លោះមិនឃើញ
ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធាន បទ៖ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឯ កឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ចេញឲ្យដឹងថា កម្ពុជាមានផែនការច្បាស់លាស់ក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គីសនីនៅកម្ពុជា។
ផែនការនេះ គឺដើម្បីចូលដោះស្រាយវិបត្តិរបស់សកលលោកអំពីការប្រែប្រួលអាកាសធាតុ ដោយសារការបំពុលពីការសាយភាយឩស្ម័យកាបូន។ ដូច្នេះហើយ ប្រទេសនានាបានរៀបគោលនយោបាយរៀងខ្លួន ក្នុងលើកកម្ពស់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនីជំនួសឲ្យយានយន្តដើរដោយចំហេះក្នុង ខណៈប្រទេសអ្នកផលិត ពិសេសបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប បានបញ្ចេញផែនការបញ្ឈប់សង្វាក់ផលិតកម្មផលិតរថយន្តប្រើសាំងត្រឹមឆ្នាំ ២០៣៥។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០ដូចគ្នា។សម្រាប់សកម្មភាពគាំទ្រដល់គោលនយោបាយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងថា ក្រសួងបាន និងកំពុងធ្វើការជាមួយដៃគូ ក៏ដូចជាផ្នែកដែលពាក់ព័ន្ធច្រើនទាំងជាតិ និងអន្តរជាតិ ទាំងផ្នែកឯកជន និងផ្នែករដ្ឋាភិបាល។
ជាមួយគ្នា ក្រសួងក៏បានសហការជាមួយEnergy Lab និងGIZដើម្បីផ្សព្វផ្សាយបន្ថែម បានរៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ បានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ដូច្នេះហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានច្រើន ព្រោះថា ធៀបនឹងយានយន្តដើរដោយចំហេះខាងក្នុង គឺរថយន្តអគ្គីសនីសន្សំសំចៃបានច្រើនទាំងថវិកា និងកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងស្រទាប់បរិយាកាស។
ចំណុចសំខាន់មួយ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គីសនី កម្ពុជាតម្រូវឲ្យមានទីតាំងសម្រាប់សាកថ្មរថយន្តដើរដោយអគ្គីសនីឲ្យបានច្រើនទីតាំង។ ត្រង់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងកំពុងធ្វើការជាមួយដៃគូហើយ ហើយជាក់ស្ដែងគិតត្រឹមពេលនេះ កម្ពុជាមានកន្លែងសាកថ្មរថយន្តអគ្គីសនីចំនួន ៥ទីតាំង ដែល ៤ទីតាំងគាំទ្រដោយ UNDP និង០១ ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា។
ជាមួយគ្នា ក្រសួងក៏កំពុងសហការជាមួយអង្គការUNDPផងដែរ ក្នុងការសិក្សា និងចងក្រងផែនទីចង្អុលផ្លូវស្តីពីហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនឹងកំណត់ អំពីទីតាំងជាក់លាក់ លក្ខខណ្ឌនៃការរៀបចំស្ថានីយបញ្ចូលថាមពល ដើម្បីស្វែងរកដៃគួវិនិយោគ និង ពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលទូទាំងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការ សូមស្វាគមន៍រាល់ការវិនិយោគពីផ្នែកឯកជនលើស្ថានីយសាកថ្មរថយន្តអគ្គីសនី។ ដូច្នេះប្រសិនបើផ្នែកឯកជនណាចាប់អារម្មណ៍ សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពិនិត្យលើ នីតិវិធីនៃការស្នើសុំ និងទាក់ទងអគ្គិសនីកម្ពុជាដើម្បីពិនិត្យការស្នើសុំការផ្គត់ផ្គង់អគ្គិសនីផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអាត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលជាផ្នែកលើកទឹកចិត្តឲ្យមានការនាំចូលរថយន្តអគ្គីសនីចូលមកកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាលបានបញ្ចុះអត្រា ពន្ធយានយន្តអគ្គិសនីប្រមាណ៥០% ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើផងដែរ។
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។
យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថា នឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕