• 2022-06-08 03:54:02
  • ព័ត៌មាន

តាមដាន​ឲ្យ​ដឹង ថា​តើ​កម្ពុជា​ មាន​ការ​បន្ធូរបន្ថយ​អ្វី​ខ្លះ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គីសនី​ក្នុង​ស្រុក!

  • 2022-06-08 03:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​យានយន្ត​អគ្គីសនី​ជំនួស​យានយន្ត​ប្រើ​ដោយ​ចំហេះ​ពី​ខាង​ក្នុង​ដែល​បំភាយ​កាបូន​ខ្ពស់​ចូល​ទៅ​ក្នុង​បរិកាស។

កម្ពុជា​មាន​ផែនការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​យានយន្ត​អគ្គីសនីឱ្យបានប្រមាណ៤០% ព្រម​ទាំង​ម៉ូតូ​ប្រើ​ប្រាស់​ថាម​ពល​អគ្គីសនី ៧០% នៅឆ្នាំ២០៥០ ដើម្បី​រុញ​ឲ្យ​ការ​បំភាយ​ឧស្ម័ន​កាបូន​ធ្លាក់​ដល់​សូន្យ សង្គ្រោះ​ស្រទាប់​បរិយាកាស។ កិច្ចការ​នេះ ក្រសួង​បាន និង​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ជា​ច្រើន មាន​ទាំង ​អូស្ត្រាលី អង់គ្លេស។

ជាមួយ​គ្នាក្រសួងក៏បានសហការជាមួយ Energy Lab និងGIZដើម្បីផ្សព្វផ្សាយបន្ថែម និង​បាន​រៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួងដែលមានក្រុមហ៊ុនចំនួន១២ ព្រម​ទាំង​បានចូលរួមដើម្បីផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ​ថែម​ទៀត។ជាមួយគ្នានេះផងដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា៖ ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនី នៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។

ក្រៅ​ពី​សកម្មភាព​ទាំង​នេះ តើ​រាជរដ្ឋាភិបាល​មាន​គោល​នយោបាយ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ចំពោះ​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គីសនី​នៅ​កម្ពុជា​មាន​ប្រសិទ្ធភាព?ឯកឧត្តម ឈួន វន់ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ព្រម​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក បាន​ប្រាប់ Sabay តាម​ទូរស័ព្ទ​ថា រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ដាក់ចេញ​យន្តការ​លើក​ទឹកចិត្ត​តាម​រយៈ​ការ​បន្ធូរបន្ថយ​មួយ​ចំនួន​រួច​ហើយ។

អំពី​​គោល​នយោបាយ​លើក​ទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់​យានយន្ត​អគ្គិសនី​នេះ នៅតាមប្រទេសនីមួយៗមាន​សភាព​ខុសៗគ្នា ប្រទេសខ្លះមានការលើកលែងពន្ធនាំចូល០% ប្រទេសខ្លះ១០% ប្រទេសខ្លះ៣០%។ ដោយ​ឡែក​សម្រាប់កម្ពុជា ឯកឧត្តម ឈួន វន់ បញ្ជាក់​ថា ក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាល បាន​សម្រេច​បន្ថយអាករ​ពិសេស​ចំពោះពន្ធ​នាំ​ចូល​យានយន្តអគ្គិសនីពី៣០%មក១០%ផងដែរ។

ឯកឧត្តម ថ្លែង​ថា “សម្រាប់​រថយន្ត​មាន​ពន្ធ​នាំ​ចូល​ពិសេស​ចំនួន​៣ ហើយ​១ក្នុង​ចំណោម​នោះ គឺ​ពន្ធ​អាករ​ពិសេស យើង​បាន​បន្ធូរ​បន្ថយ​ពី ៣០% មក ១០% ដែរ...ហើយ​បើ​បូក​ជាមួយ​ពន្ធ​ផ្សេង​ៗ ធ្វើ​ឲ្យ​ពន្ធ​នាំ​ចូល​រថយន្ត​ប្រភេទ EV(Electronic Vehicle) នេះ​មាន​ប្រមាណ​តែ ៥០-៦០%​ទេ ធៀប​នឹង​រថយន្ត​ធម្មតា​មាន​ដល់ ១០០%-១២០%”។

ក្រៅ​ពី​គោល​នយោបាយ​លើក​ទឹក​ចិត្ត​តាម​រយៈ​ការ​បន្ធូរបន្ថយ​ពន្ធ​អាករ​ពិសេស​នាំ​ចូល​យានយន្ត​អគ្គីសនី ឯកឧត្តម ឈួន វន់ ប្រាប់​ទៀត​ ក្រសួង​ក៏​បាន​សហការជាមួយអង្គការUNDP និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនី មួយចំនួនក្នុងនោះរួមមាន៖ ០៤ទីតាំងត្រូវបានគាំទ្រដោយអង្គការUNDP និង០១ ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា ក្នុង​ន័យ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​អគ្គីសនី​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

ឯកឧត្តម​បញ្ជាក់​ថា ដោយ​សារ​អ្វី​ៗ​ក្នុង​ដំណាក់​កាល​ដំបូង និង​កំពុង​សិក្សា កម្ពុជា​មិន​ទាន់​មាន​ផែន​ការ​ច្បាស់​លាស់​នៅ​ឡើយ​អំពី​ចំនួន​ស្ថានីយ​សាក​ថ្ម​ថា​គួរ​មាន​ចំនួន​ប៉ុន្មាន។ ប៉ុន្តែ​ជា​គោលការណ៍ នឹង​ជំរុញ​ឲ្យ​មាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ជាមួយ​គ្នា ក្រសួង​ក៏​កំពុង​ធ្វើ​ការ​ជាមួយ UNDP ពី​ផែនទី​បង្ហាញផ្លូវRoadmapចង្អុលបង្ហាញទីតាំងជាក់លាក់សម្រាប់ការបំពាក់ស្ថានីយ៍សាក យានយន្តអគ្គីសនី​ក្នុងរយៈពេលខ្លី មធ្យម និងវែង ស្រប​ទៅតាមតម្រូវការ​ជាក់ស្តែងផងដែរ។

តាម​របាយការណ៍​ក្រសួង​សាធារណការ កម្ពុជា ទទួល​កំណើន​យានយន្តអគ្គីសនី​​ចុះ​បញ្ជី​នៅ​ក្រសួង​កើន​ឡើង ៦០០% សម្រាប់​៤​ដើម​ឆ្នាំ​នេះ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២១ និង ១៤៨គ្រឿង គិត​ត្រឹម​ពាក់​កណ្ដាល​ខែឧសភា ក្នុងនោះរថយន្តអគ្គីសនី​ចុះ​បញ្ជីចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%៕​

អត្ថបទ៖ ទារិកា

មតិយោបល់