• 2022-06-15 04:21:40
  • ព័ត៌មាន

មកស្គាល់បុគ្គលគំរូ ៨ រូប យុវជនខ្មែរគួរចំណាយពេលស្ដាប់ អាន រៀនសូត្រតាម នឹងនាំជីវិតឱ្យល្អប្រសើរ

  • 2022-06-15 04:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay សូមបង្ហាញបុគ្គលដ៏គំរូជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា ដែលគួរឱ្យយុវជនទាំងឡាយចំណាយពេលស្ដាប់ អាន និងយកជាគំរូល្អជាងចំណាយពេលទៅលើរឿងទាំងឡាយណាដែលជះឥទ្ធិពលមិនល្អមកលើជីវិត។ សូមលើកយកបុគ្គលចំនួន ៨ រូប ដែលអាចចាត់ទុកថា ជាអ្នកដែលមានឥទ្ធិពលវិជ្ជមានដល់សង្គម និងយុវជនខ្មែរ នាបច្ចុប្បន្ននេះ៖

១.លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ស្ទើរតែពេញមួយជីវិតរបស់លោកតាបណ្ឌិត កុល ផេង លោកបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា។ លោកតាបានបណ្ដុះបណ្ដាលកូនខ្មែរជាច្រើននាក់ឱ្យក្លាយជាយុវជនពោរពេញដោយសមត្ថភាព និងប្រកបដោយគុណធម៌ តាមថ្នាលបណ្ដុះបណ្ដាល សាបព្រោះចំណេះដឹង ប្រកបដោយគន្លងធម៌ តាមរយៈការបង្កើតនូវសាលារៀនឱ្យកូនខ្មែរបានសិក្សារៀនសូត្រ។ បិតាស្ថាបនិកនៃសកលវិទ្យាល័យបញញ្ញាសាស្ត្រកម្ពុជា តែងតែផ្ដល់ឱវាទល្អៗ មានតម្លៃមិនអាចកាត់ថ្លៃបាន តាមរយៈវេទិកាផ្សេងៗរាប់មិនអស់ និងទទួលបានក្ដីស្រលាញ់យ៉ាងលើសលុបពីយុវជនខ្មែរ។

២.អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏ជាបុគ្គលដ៏គំរូក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ការអប់រំដល់យុវជនកម្ពុជា តាមរយៈការបើកសាលាដ៏មានគុណភាព AIS ។ លោកតែងចំណាយពេលវេលាចែករំលែកនូវសារលើកទឹកចិត្ត បទពិសោធ បំណិនជីវិត មេរៀនល្អៗ មិនថាផ្នែកផ្លូវចិត្ត និងសុខភាពរាងកាយនោះទេ។ តាមរយៈការចែករំលែកល្អៗទាំងនោះហើយ បានធ្វើឱ្យក្លាយជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាលឱ្យយុវជន មានការរីកចម្រើនទាំងប្រាជ្ញា ស្មារតី និងការអភិវឌ្ឍខ្លួន។ សារល្អៗពីលោកវេជ្ជបណ្ឌិតមានអត្ថន័យជ្រាលជ្រៅ និងចំណុចសំខាន់ៗដែលជាវិបត្តិនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។

៣.ឯកឧត្ដមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្លាប់ជាក្មេងឆ្លងកាត់សង្គ្រាម ក្រោយរួចផុតពីគ្រាប់កាំភ្លើង នៅសម័យប៉ុលពត លោកបានបង្កើតទំព័រជីវិតថ្មីរបស់លោកយ៉ាងជោគជ័យ ដោយសារការខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូគ្រប់ស្ថានភាពលំបាកមិនរុញរា។

  • លោកបានបញ្ចប់ការសិក្សា៖

  • បណ្ឌិតផ្នែកធុរកិច្ចរដ្ឋបាល

  • បណ្ឌិតផ្នែកច្បាប់

  • អនុបណ្ឌិតផ្នែកធុរកិច្ចរដ្ឋបាល

  • អនុបណ្ឌិតផ្នែកគ្រប់គ្រង

  • បរិញ្ញាបត្រសេដ្ឋកិច្ច

  • អតីតសិស្សវិទ្យាល័យស៊ីសុវត្ថិ

តាមរយៈការផ្ដល់បទសម្ភាសជាមួយ Sabay កន្លងទៅ បាននិយាយដល់រឿងជីវិតលំបាក លោករៀបរាប់មិនអស់ទេ តែយ៉ាងណាលោកចង់ដាស់តឿនដល់យុវជនជំនាន់ក្រោយ បើទោះជាប្រទេសសុខសន្តិភាពគ្មានសង្រ្គាមមែនពិត តែយុវជនជាទំពាំងស្នងឫស្សី មិនត្រូវរំលងការសិក្សានោះឡើយ។ លោកថ្លែងហាក់អស់សំណើចបន្តិច៖ "កាលខ្ញុំនៅរៀន អ្វីដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកនោះ គឺគ្មានបាយញ៉ាំ តែមកដល់សម័យឥឡូវ យុវជនមួយចំនួនលំបាកត្រឹមគ្មានម៉ូតូជិះទៅរៀន ពិបាករកការងារធ្វើ ពិបាករកការងារដែលមានប្រាក់ខែច្រើន ពិបាកគ្មានលុយទិញឡានថ្លៃៗ ឬពិបាកមិនបានប្រើទូរសព្ទទំនើបទៅវិញ" ។

៤.ឯកឧត្ដម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ជាម្ចាស់ស្នាដៃសៀវភៅ «គ្មានអ្នកណាកើតមកក្រទេ» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅស្ដីពីជិវិតពុះពារ តស៊ូ ការលើកកម្លាំងចិត្ត កុំឱ្យយុវជនឆាប់ចុះចាញ់អ្វីដោយងាយៗ។ ឯកឧត្ដម មានខ្សែជីវិតដ៏គួរឱ្យចាប់អារម្មណ៍ដោយចេញពីត្រកូលកសិករកម្សត់លំបាក តែមានគោលដៅជីវិតច្បាស់លាស់ ក្លាហាន រហូតធ្វើឱ្យលោកទទួលបានឱកាសជាច្រើន។ ឯកឧត្ដម វ៉េង សិរីវុឌ្ឍ ក៏ជាបុគ្គលដ៏ឆ្នើមតែងតែចែករំលែកគន្លឹះល្អៗទៅដល់យុវជនខ្មែរតាមរយៈវេទិកាជាច្រើនផងដែរ។

៥.លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា

ហេតុអ្វីបានជាអ្នកគួរតែសិក្សាពីលោកជំទាវ ជា សិរី? ស្ត្រីខ្មែររូបនេះបានប្រឡូកក្នុងអាជីពការងារជាអ្នកដឹកនាំជាន់ខ្ពស់នៅធនាគារជាតិកម្ពុជា និងបានលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើវេទិកាអន្តរជាតិជាច្រើន។ លោកជំទាវ មិនត្រឹមឆ្នើមក្នុងវិស័យការងារប៉ុណ្ណោះទេ តែក៏ជាអ្នកចែករំលែកដ៏ល្អជាគំរូទៅដល់ស្ត្រីផ្សេងៗទៀតតាមរយៈសារល្អៗ និងការចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយនានា។ បើនិយាយក្នុងអាជីពការងារចិញ លោកជំទាវបានសម្រេចស្នាដៃជាច្រើន ដើម្បីឱ្យប្រព័ន្ធធនាគារកាន់តែមានភាពងាយស្រួល ដូចជាកម្មវិធី «បាគង» ជាដើម។ លោកជំទាវជាស្ត្រីខ្មែរដែលមានមុខនៅលើទូរទស្សន៍លំដាប់ពិភពលោកដូចជា៖ CNN BBCជាដើម។

៦.លោកអគ្គនាយក សោម សម្បត្តិ

លោក សោម សម្បត្តិ ជាបុគ្គលជោគជ័យមួយរូប ដែលខំប្រឹងតស៊ូតាំងពីជីវភាពខ្សត់ខ្សោយ រហូតក្លាយជានាយកប្រតិបត្តិ នៃសហគ្រាស ផលិតថ្នាំពណ៌ជាតិ Cam-Paint ដ៏ល្បីឈ្មោះក្នុងវិស័យជំនួញ និងលេចមុខជាវាគ្មិន ក្នុងកម្មវិធីជាច្រើននៅកម្ពុជា។

៧. លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay

លោកជាបុគ្គលដ៏លេចធ្លោមួយរូបក្នុងវិស័យមុខជំនាញ ជាពិសេសផ្នែក Digital ។ ជានិមិត្តរូបមួយរូបសម្រាប់យុវជនខ្មែរ ដោយជារឿយៗលោកតែងបង្ហាញមុខជាវាឃ្មិនក្នុងវេទិកាសាធារណៈជាច្រើនរាប់មិនអស់។ លោកកំពុងកាន់កាប់មុខជំនួញជាច្រើននៅក្នុងវិស័យរោងភាពយន្ត អាហារ និងការកម្សាន្ត ព្រមជាមួយនឹងវិបសាយ Sabay ដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា។

៨.លោកបណ្ឌិត ង៉ែត សុខឡា

យុវជនវ័យក្មេងរូបនេះបច្ចុប្បន្នកំពុងក្លាយជានិមិត្តរូបនៃយុវជនជំនាន់ក្រោយ ដោយសារសមត្ថភាព និងប្រវត្តិការសិក្សា ការងារ ដ៏គួរឱ្យចាប់អារម្មណ៍។ ជានិស្សិតដែលសិក្សានៅសាលាបញ្ញាសាស្ត្រកម្ពុជា យុវជន ង៉ែត សុខឡា បានចូលរួមក្នុងសកម្មភាពជាច្រើនបម្រើដល់សង្គមជាតិ រហូតធ្វើឱ្យគេទទួលបានឱកាសជាច្រើនពីលោកតា បណ្ឌិត កុល ផេង ហើយថ្មីៗនេះ យុវជនរូបនេះក៏ទើបទទួលបានសញ្ញាបត្របណ្ឌិតដ៏គួរឱ្យមានមោទកភាព។ លោកបណ្ឌិត ង៉ែត សុខឡា ក៏ជាវាឃ្មិនមួយរូបប្រកបដោយវោហាសព្ទ និងតែងមានវត្តមានលើវេទិកាជាច្រើន ៕

អត្ថបទ៖ ច័ន្ទឫទ្ធិ

មតិយោបល់