• 2022-06-15 14:11:28
  • ព័ត៌មាន

ការចាប់ដៃគូរវាងក្រុមហ៊ុន PTT និងក្រុមហ៊ុន ONiON Mobility ដើម្បីពង្រីកស្ថានីយប្តូរអាគុយបន្ថែម គឺជាជំហាននៃការវិវឌ្ឍឈានទៅរកភាពរីកចម្រើននៃវិស័យយានជំនិះអគ្គិសនី នៅកម្ពុជា

  • 2022-06-15 14:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបង្កើនការប្រើប្រាស់យានជំនិះអគ្គិសនី និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា ក្រុមហ៊ុន ONiON Mobility និងក្រុមហ៊ុន PTT បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី14 ខែ មិថុនា ឆ្នាំ 2022 នៅស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ ៥ ជាមួយវត្តមាននៃការអញ្ជើញចូលរួមរបស់លោក Kay Woo ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី និងលោក Nuttapong Kaewtrakulpong – នាយកគ្រប់គ្រងនៃក្រុមហ៊ុន PTT ប្រចាំនៅកម្ពុជា រួមទាំងបុគ្គលិក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ដើម្បីដាក់ឲ្យដំណើរការជាផ្លូវការនូវស្ថានីយប្តូរអាគុយរបស់ក្រុមហ៊ុន ONiON Mobility ចំនួនពីរកន្លែងសំខាន់ៗដែលមានទីតាំង ស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តោយផ្លូវជាតិលេខ១ និងតាមបណ្តោយផ្លូវជាតិលេខ ៥ និងបន្តពង្រីកសាខាជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៃផែនការរបស់ក្រុមហ៊ុនទាំងពីរ។

នេះជាសក្ខីភាព និងជាជំហានក្នុងការឆ្ពោះទៅកាន់ពិភពបៃតង និងគ្មានផ្សែងបំពុលនៅលើដងផ្លូវ ដែលការគាំទ្រនេះ បានបើកផ្លូវឲ្យមានសន្ទុះនៃការគាំទ្រ និងការបញ្ជាទិញយានជំនិះអគ្គិសនី កាន់តែច្រើនឡើងជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ និងសម្រេចឲ្យបានតាមផែនការដល់រាប់ពាន់គ្រឿងក្នុងពេលឆាប់ៗខាងមុខ។

ជាមួយអត្រាកំណើននៃការគាំទ្ររបស់អ្នកបើកបរ និងអ្នកជិះកង់បីអគ្គិសនី នៅលើកម្មវិធីដឹកអ្នកដំណើរ TADA កាលពីពេលថ្មីៗ ក្រុមហ៊ុន ONiON MObility បានបង្កើនកិច្ចសហការដោយបើកបន្ថែមសេវាថែទាំ និងជួសជុលស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាសែនសុខ និងបន្តការផ្តល់ជូនជាច្រើនផ្សេងទៀតដែលនឹងផ្តល់ជូនតាមរយៈក្រុមហ៊ុនទាំងពីរ បន្ទាប់ពីជំហាននៃការចុះអនុស្សរណៈយោគយល់នេះ។

ក្នុងកម្មវិធីនោះផងដែរលោក Kay Woo, ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីបានមានប្រសាសន៍ក្នុងពីធីថា៖ «កង់បីអគ្គិសនី អនៀនធីវ័នរចនាឡើងសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃជាមួយអ្នកបើកបរ។ដោយសារតែហេតុនេះហើយបានជាការចាប់ដៃគូសហការនេះមានសារៈសំខាន់សម្រាប់ការគាំទ្រទៅដល់អ្នកបើកបរ និងសហគមន៍ក្នុងតំបន់។ខ្ងុំជឿជាក់ថាក្រុមហ៊ុន PTT និង ONiON Mobility អាចបន្តដំណើរសហការគ្នាបន្តជាច្រើនទៀតសម្រាប់ការលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនីឲ្យកាន់តែប្រសើរឡើង និងរហ័សជាងមុន។»

ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក គឺជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីថ្មីៗនេះដែលមានការគាំទ្រយ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។

ទន្ទឹមនឹងនេះ លោក Nuttapong Kaewtrakulpong – នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីពង្រីកនិងតភ្ជាប់បណ្តាញរថយន្តអគ្គិសនីនៅកម្ពុជា, ក្រុមហ៊ុន ភីធីធី ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូរសហការណ៍ជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី និងក្លាយជាចំណែកមួយនៃខ្សែបណ្តាញស្ថានីយប្តូរអាគុយរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី។ ក្រុមហ៊ុន ភីធីធី ក៏សូមធ្វើការស្វាគមន៍ក្រុមហ៊ុន អនៀនម៉ូប៊ីលីធី យ៉ាងកក់ក្តៅក្នុងការមកជាដៃគូរសហការរបស់គ្រួសារ ភីធីធី។ កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅ, ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីបានចាប់ផ្តើមប្រតិបត្តិការស្ថានីយប្តូរអាគុយ ចំនួន ២ សាខារួចមកហើយ ដែលមានទីតាំងស្ថិតក្នុងស្ថានីយប្រេងឥន្ធនៈភីធីធីសាខាច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ ១ និងសាខាផ្សារតូច តាមបណ្តោយផ្លូវជាតិលេខ ៥ ខ្ញុំសូមឆ្លៀតយកឳកាសនេះ ថ្លែងអំណរសាទរចំពោះក្រុមហ៊ុនទាំងពីរដែលបានប្រារព្ធពិធីបើកសម្ភោធជាផ្លូវការនូវស្ថានីយប្តូរអាគុយ អនៀន ម៉ូប៊ីលីធី នៅក្នុងស្ថានីយប្រេងឥន្ធនៈភីធីធី យ៉ាងជោគជ័យ។ នេះជាការចាប់ផ្តើមដ៏ល្អនៃភាពជាដៃគូរបស់យើង ហើយខ្ញុំរំពឹងថា យើងនឹងអាចបន្តពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងគាំទ្រដល់បរិស្ថាន និងថាមពលស្អាតនៅកម្ពុជា។ ជាចុងក្រោយក្រុមហ៊ុន PTT មានការកោតសរសើរចំពោះការសហការណ៍ជាមួយ អនៀន ម៉ូប៊ីលីធី ដើម្បីបង្កើនវត្តមានដ៏រឹងមាំ និងយូរអង្វែងរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយគ្នា»។

ភីធីធី (ខេមបូឌា) អិលធីឌី ឬ ភីធីធី គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធនឹងប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈ ក្រុមហ៊ុន ភីធីធី មានអាជីវកម្មផ្សេងទៀតរួមមាន ហាងកាហ្វេ Amazon, ហាងលក់ទំនិញ Jiffy, ហាងលក់ទំនិញ 7-Eleven, ហាងតែ Pearly Tea និងមណ្ឌលថែទាំងរថយន្ត Fit Auto។ ភីធីធី បានពង្រីកអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ ហើយក្លាយជាម៉ាកយីហោកំពូលមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងកេរ្តិ៍ឈ្មោះដែលត្រួវបានគេទទួលស្គាល់ពីសេវាកម្មល្អ គុណភាព និងស្តង់ដារសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលអាចបង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង 500 កន្លែង ក្នុងផែនការឆ្នាំ 2022-2025 ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន 1 កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន 3 កន្លែង និងអនុស្ថានីយដៃគូចំនួន ៥កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់ ៩ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។ ក្នុងនោះកាលពីពេលថ្មីៗកន្លងទៅ នៅថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធ រោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការដែលជារោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង 20 លានដុល្លារអាមេរិក។ ពិធីសម្ពោធនេះបានធ្វើឡើងនៅរោងចក្រអនៀន ម៉ូប៊ីលីធីក្នុងទំហំផ្ទៃដីប្រមាណ 2 ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ 1 ដែលកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់នៅកម្ពុជា៕

មតិយោបល់