• 2022-06-17 09:41:38
  • ព័ត៌មាន

ំមិន​ឈប់​ទេ ឃឹម ហ្វីណង់ ត្រៀម​យុទ្ធសាស្ត្រថែម ធ្វើ​ឲ្យ​​ភ្ញៀវ​ចូល​ភូមិ​ព្រះដាក់ហើយ​ដឹង​តែ​ជាប់​ចិត្ត

  • 2022-06-17 09:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​​ក្នុង​កម្មវិធី "ជជែក​អំពី​ទេសចរណ៍​កម្ពុជា" ក្រោម​ប្រធាន​បទ "សក្ដានុពល​កសិ-ទេសចរណ៍​ស្រុក​បន្ទាយ​ស្រី ភ្ញៀវ​ទេសចរ​អាច​មក​មើល និង​ធ្វើ" របស់​សហភាពសហព័ន្ធយុវជនកម្ពុជា លោក ឃឹម ហ្វីណង់ បង្ហើប​ថា លោក​មាន​ផែនការ​ដើម្បី​ប្រែ​ក្លាយ​ភូមិ​ព្រះដាក់​នៃ​ស្រុក​បន្ទាយ​ស្រី​បន្ថែម​ទៀត។

​ភូមិ​ព្រះដាក់ បច្ចុប្បន្ន​គឺ​ជា​ភូមិ​ដែល​មាន​សក្ដានុពល​ទេសចរណ៍​បំផុត​នៃ​ស្រុក​បន្ទាយ​ស្រី​ក្នុង​ចំណោម​ភូមិ​ទាំង ៣៦ ក្រោយ​ការ​កែ​ទម្រង់​ក្រោម​ផែនការ​អភិវឌ្ឍ​របស់​អភិបាល​ស្រុក​វ័យ​ក្មេង។ ក្រោយ​ប្រែមុខមាត់ ភូមិ​នេះ ក៏​ស្ថិត​ក្នុង​ផែន​ការ​មេ​របស់​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​ខេត្ត​សៀមរាប​ឆ្នាំ ២០២១-២០៣៥ ដោយ​ព្រះដាក់ ត្រូវ​ដាក់​ជា​ភូមិ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម។

ស្រប​តាម​ផែនការ​មេ​របស់​រាជរដ្ឋាភិបាល​នេះ លោក ឃឹម ហ្វីណង់ បាន​បង្ហើប​ថា លោក​មាន​ផែនការ ប្រែ​ក្លាយ​ភូមិ​ព្រះដាក់ ឲ្យ​ទៅ​ជា​ភូមិ​នៃ​បដិសណ្ឋារកិច្ច​ ដើម្បី​ផ្ដល់​នូវ​ភាព​ពេញ​ចិត្ត​ពេញ​ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ដល់​មូលដ្ឋាន។ ផែនការ​នេះ លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដើម​មាន ឬ​យល់​ពី​គំនិត​បែប​បដិសណ្ឋារកិច្ច​កាន់​តែ​ច្រើន។

“ចំណុច​នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​យល់ថា ក្នុង​ពេល​ដែល​ភ្ញៀវ​មក​លេង​ភូមិ​ព្រះដាក់​របស់​យើង​នេះ គឺ​យើង​ជា​អ្នក​ធ្វើ​បដិសណ្ឋារកិច្ច!”។

ក្នុង​ផែនការ​នេះ លោក ឃឹម ហ្វីណង់ បញ្ជាក់​ថា មាន​សកម្មភាព​មួយ​ចំនួន​ដែល​ត្រៀម​អនុវត្ត​ដើម្បី​សម្រេច​​ផែនការ​ប្រែ​ក្លាយ "ភូមិ​ព្រះដាក់" ជា​ភូមិ​បដិសណ្ឋារកិច្ច ក្នុង​នោះ​មាន ៣ចំណុច​សំខាន់ៗ៖

១.ភាព​រួសរាយរាក់ទាក់ពីអ្នកភូមិ៖ លោក ឃឹម ហ្វីណង់ បញ្ជាក់​ថា លោក​ចង់​អ្នក​ភូមិ​មាន​ភាព​រួសរាយរាក់ទាក់ច្រើន​ជាង​មុន។ "ខ្ញុំ​មិន​រំពឹង​អី​ច្រើន​ពី​ពួក​គាត់​ទេ យើង​គ្រាន់​តែ​ចង់​ឲ្យ​គាត់​មាន​ទម្លាប់​រួសរាយ រាក់ទាក់ ញញឹម ព្រោះ​ជា​វប្បធម៌​របស់​ខ្មែរ យើង​ត្រូវ​តែ​ញញឹម ត្រូវ​ចេះ​សំពះ...យើង​ត្រូវ​បង្ហាញ​ពី​ការ​ស្វាគមន៍។ ក្រៅ​ពី​នេះ យើង​ចង់​ភូមិ​ព្រះដាក់ ​ត្រូវ​តែ​ស្អាត អនាម័យ មិនមាន​សម្រាម​នៅ​កន្លែង​លក់​ដូរ ព្រោះ​ទេសចរណ៍​វា​ត្រូវ​ការ​ស្អាត មាន​អនាម័យ។

២.ភាព​ស្មោះ​ត្រង់៖ លោក ហ្វីណង់ បញ្ជាក់​ថា​ក្នុង​ផែន​ការ លោក​សូម​ឲ្យ​បង​ប្អូន​អ្នក​លក់​រក្សា​គោលការ​ណ៍កំណត់​តម្លៃ​មួយ​សម​រម្យ​លើ​ទំនិញ​ក្នុង​មូលដ្ឋាន ដោយ​មិន​អាច​ឡើង​ចុះ​តាម​ឱកាស​នោះ​ទេ ឬ​ក៏​យក​ទំនិញ​ក្រៅ​ពី​ភូមិ​ព្រះដាក់ មក​កុហក​ថា​របស់​អ្នក​ភូមិ​ព្រះដាក់​នោះ​ទេ។

៣.មោទកភាព​ជាមួយ​អត្តសញ្ញាណ​ខ្លួន​ឯង៖ ចំណុច​នេះ លោក​ចង់​បង្កើត​ឲ្យ​អ្នកភូមិព្រះដាក គាត់មាន​អារម្មណ៍​មោទកភាព​នឹង​អត្តសញ្ញាណ​របស់​ខ្លួន​ឯង។ "ចំណុច​នេះ បាន​ន័យ​ថា​យើង​មិន​លើក​ទឹកចិត្ត​ឲ្យ​គាត់​ប្រែក្លាយ ឬ​ធ្វើ​ទំនើប​កម្ម​នូវ​សេវាកម្ម ឬ​ផលិតផល​របស់​ពួក​គាត់​នោះ​ទេ គឺ​ចង់​​រក្សា​នូវ​ភាព​បូរាណ​របស់​គាត់ ប្រពៃណី​បូរាណ​របស់​គាត់"។

រូបភាព៖ហ្វេសប៊ុក ឃឹម ហ្វីណង់

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវ​មាន​មោទកភាព​ជាមួយ​នឹងអ្វី​ដែល​របស់​ខ្លួន​ឯង នឹង​ភាព​បូរាណ​របស់​គាត់ ដែល​ជា​ចំណុច​ខុស​ប្លែក​ពី​គេ។ នេះ​ជា​ផែន​ការ​ដែល​លោក ឃឹម ហ្វីណង់ គ្រោង​នឹង​លើក​កម្ពស់​បន្ថែម​ទៀត ខណៈ​កន្លង​មកបាន​ធ្វើ​ជាហូរហែ​មក​ហើយ។ លោក​លើក​ឡើង​ថា មិន​ត្រឹម​តែ​ភូមិ​ព្រះដាក់​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា ភូមិ​ដទៃ​ទៀត​នៃ​ស្រុក​បន្ទាយ​ស្រី នឹង​ទទួល​យក​អារម្មណ៍ នៃ​បដិសណ្ឋារកិច្ច​នេះ សម្រាប់​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​មក​លេង​ភូមិ​ស្រុក​របស់​ខ្លួន៕​

អត្ថបទ៖ ទារិកា

មតិយោបល់