• 2022-06-22 09:59:11
  • ព័ត៌មាន

ក្រសួងបរិស្ថាន USAID និងដៃគូវិស័យបរិស្ថាន ចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីកាត់បន្ថយការទិញហូបសាច់សត្វព្រៃ

  • 2022-06-22 09:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF កម្ពុជា) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) បានរួមគ្នាចាប់ផ្តើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ សង្គមលើកទីពីរ ដើម្បី ការពារព្រៃឈើ និងសត្វព្រៃ នៅ កម្ពុជា។

យុទ្ធនាការការពារសត្វព្រៃយើង មានគោលបំណង កាត់បន្ថយ ការដាក់អន្ទាក់ ការទិញលក់ និង ការហូបសាច់សត្វព្រៃ ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តោត លើការ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ដោយសារ ការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់ សុខភាព និងជម្រុញឱ្យមានការប្រមាញ់សត្វព្រៃ។ យុទ្ធនាការទីពីរ ក្នុងចំណោមយុទ្ធនាការចំនួនបី ដែលផ្តល់ ខ្លឹមសារ និងសារគន្លឹះ តាមរយៈប្រព័ន្ធ ពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជន ឲ្យក្លាយជា «ជើងឯកបៃតង» គំរូ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្ត ប្រកបដោយជោគជ័យរបស់ពួកគេ ជុំវិញកិច្ចការពារធនធានធម្មជាតិ របស់កម្ពុជា។

លោក រីឆាត ឈិន ប្រធានការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា «សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃមរតកជាតិរបស់ប្រទេសកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និង សេដ្ឋកិច្ច។ យើងសង្ឃឹមថា ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការពារសត្វព្រៃ»។

គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ពង្រឹងការយល់ដឹងជាសាធារណៈ ក្នុងគោលដៅ ផ្លាស់ប្តូរ ឥវិយាបថ ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារគន្លឺះសំខាន់ៗ ស្តីពី ការកាត់បន្ថយ តម្រូវការទិញនិងហូបសាច់សត្វព្រៃ ដើម្បីចូលរួមការពារព្រៃឈើនិងសត្វព្រៃ និង ធានាចីរភាពនៃជីវភាព រស់នៅរបស់សហគមន៍។

ដូចគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្សនិងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ ក្រសួងបរិសា្ថន អំពាវនាវ ឲ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ យើង ទទូច ឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស និយាយថា «ទេ ចំពោះសាច់សត្វព្រៃ» និងចូលរួមក្នុងកិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិ របស់ព្រះរាជាណាចក្រយើង»។

សូមជម្រាបថា យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់-សូន្យ ដែលដឹកនាំដោយ ក្រសួងបរិស្ថាន សហការជាមួយ ដៃគូក្នុងវិស័យបរិស្ថានកាលពីពេលកន្លងទៅបាន បង្កើតជា យុទ្ធនាការអន្ទាក់-សូន្យ ចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណង លុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃនិងផលិតផលធ្វើពីសត្វព្រៃ ផ្សេងទៀត នៅកម្ពុជា។ យុទ្ធនាការអន្ទាក់-សូន្យ នេះ នឹងបញ្ចប់ នៅខែវិចិ្ឆកា ឆ្នាំ២០២២ ដោយផ្តោតលើ ខេត្តចំនួន ប្រាំមួយ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និង រតនគីរី។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់