• 2022-09-19 03:46:14
  • ព័ត៌មាន

អបអរសាទរ ក្រុមយុវជន​កម្ពុជា យក​ឈ្នះ​វៀតណាម ឡើង​​វគ្គ​​ផ្ដាច់​ព្រ័ត្រ "កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២"!

  • 2022-09-19 03:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​កម្ពុជា ក្រុម​ទី៣ បាន​ឈាន​ទៅដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង "កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២" ហើយ! ក្រោយ​ពី​បាន​យក​ឈ្នះ​ក្រុមយុវជន​ប្រទេស​វៀតណាម​នៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែល​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សាទរ​ចំពោះ​ជយលាភី​របស់​ក្រុម​តំណាង​កម្ពុជា​នេះ។ "សូម​ចូល​រួមអបអរសាទរដល់ប្រតិភូយុវជនអាស៊ានឆ្នើមទាំង ២ក្រុម ដែលបានខិតខំប្រឹងប្រែង តស៊ូព្យាយាមក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាច្រើនវគ្គកន្លងមក រហូតទទួលបានជ័យលាភី Top 2 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២"។

កម្ពុជា​ទើប​នឹង​រៀប​ចំ "កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ២០២២" លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ។ គោល​បំណង ក្នុង​ការ​រៀបចំឡើង​នៃ​កម្មវិធី​នេះ គឺ​ដើម្បីផ្ដល់វេទិកា វោហារកោសល្យ សម្រាប់យុវជន ដើម្បីបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព ជំនាញ និងបំណិន ដូចជាការស្រាវជ្រាវ ការនិយាយជាសាធារណៈ ការផ្ដួចផ្ដើមគំនិតថ្មីៗ នវានុវត្តន៍ការធ្វើការងារជាក្រុម និងដោះស្រាយបញ្ហាប្រឈមនានា។

ក្រោយ​ឆ្លង​ផុត​វគ្គ​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្រុម​យុវជន​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​តទល់​ជាមួយ​ក្រុម​យុវជន​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​យក​ឈ្នះ​ក្រុម​រួម​ជាតិ​របស់​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែរ។ ពួក​គេ​ទាំង​ពីរ​ក្រុម នឹងចូលរួមប្រកួតតស៊ូដោយផ្ទាល់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

តើក្រុមប្រតិភូយុវជនឆ្នើមតំណាងឱ្យប្រទេសមួយណា នឹងក្លាយជាម្ចាស់ពានសម្រាប់រដូវកាលដំបូងរបស់យើង? កុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់ពិសេស តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)៕

អត្ថបទ៖ ទារិកា

មតិយោបល់