• 2022-10-05 03:44:09
  • ព័ត៌មាន

​ប៊ិះស្លាប់ម្ដងហើយ តែ ហង្ស សំណាង នៅតែសឿងយកជីវិតប្ដូរធ្វើជាកញ្ចក់ឆ្លុះសង្គម

  • 2022-10-05 03:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្ស សំណាង បានប្រឡូកក្នុងវិស័យព័ត៌មាន តាមរយៈការបង្កើតអង្គភាពសារព័ត៌មានមួយដោយដាក់ឈ្មោះខ្លួនឯង (HSN) អស់រយៈពេលជាង ៦ឆ្នាំមកហើយ។

ក្នុងរយៈពេលនេះ លោកបានជួបព្យុះភ្លៀងជាច្រើន ដោយព្យុះខ្លះស្ទើរតែឆក់យកជីវិតលោកទៅទៀតផង ប៉ុន្ដែលោកមិនដែលចុះញ៉មឡើយ។ លោក ហង្ស សំណាង បានប្រាប់ Sabay នៅរសៀលថ្ងៃទី៣ ខែសីហា ថាបើទោះបីជាស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ នៃការគាស់កកាយ ឬលាតត្រដាងពីអំពើទុច្ចរិតរបស់មន្ដ្រី និងជនខិលខូចមួយចំនួនក្នុងសង្គមប្រកបដោយគ្រោះថ្នាក់យ៉ាងណាក្ដី ប៉ុន្ដែលោកសុខចិត្ដយកជីវិតធ្វើជាដើមទុន។

ក្នុងវ័យ ៣៩ឆ្នាំ លោក ហង្ស សំណាង បានចុះយកព័ត៌មានគ្រប់ច្រកល្ហកឲ្យតែលោកទទួលបានដំណឹងពីប្រជាពលរដ្ឋ ឬប្រភពដែលសុំមិនបញ្ចេញអត្ដសញ្ញាណ រាយការណ៍ពីបទល្មើសអ្វីមួយ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅលោក និងសហការីម្នាក់ទៀត បានចុះទៅធ្វើសេចក្ដីរាយការណ៍ករណីលួចនាំជ័រកៅស៊ូចេញទៅក្រៅប្រទេសដោយគេចពន្ធចូលរដ្ឋ នៅច្រកD16 ស្ថិតក្នុងស្រុកស្នួល ខេត្ដក្រចេះ។

ក្នុងពេលចុះតាមដាន និងធ្វើសេចក្ដីរាយការណ៍ពីបទល្មើសនោះលោក ហង្ស សំណាង និងសហការី ត្រូវបានជនល្មើសជិះឡានស៊េរីទំនើបមកពាំងផ្លូវមិនឲ្យចេញទៅណារួច។ តែមួយសន្ទុះក្រោយម កលោកក៏បើកឡានសម្រុកចេញ ហើយឡានឈ្មួញនោះក៏បានបើកដេញរហូតធ្លាក់ដល់ទឹកដីខេត្ដមណ្ឌលគិរី។ ជាសំណាងល្អរូបលោក និងសហការី បានបើកឡានចូលក្នុងអធិការដ្ឋាននគរបាលមួយនៅខេត្ដមណ្ឌលគិរីទាំងកណ្ដាលអាធ្រាត ទើបឡានជនល្មើសលែងដេញ។

លោក ហង្ស សំណាង អះអាងថា នេះ គឺគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនទៀតដែលលោកធ្លាប់ជួបប្រទះក្នុងរយៈពេលជាង ៦ឆ្នាំដែលលោកបំពេញវិជ្ជាជីវៈសារព័ត៌មាន។ បន្ទាប់ពីមានករណីប៉ុនប៉ងធ្វើបាបពីជនល្មើស នៃការនាំចេញជ័រកៅស៊ូដោយគេចពន្ធនេះ មានគាំទ្រលោកជាច្រើនបានសួរលោកទាំងដោយផ្ទាល់ និងតាមបណ្ដាញសង្គម តើថាលោកនឹងនៅតែផ្សងលើអាជីពនេះទៀត ឬយ៉ាងណា? ចំពោះសំណួរនេះលោក ហង្ស សំណាង ឆ្លើយតបយ៉ាងខ្លីថា៖“ គ្រួសារខ្ញុំលំបាក…ហើយក្នុងអាជីពនេះខ្ញុំមានតែជីវិតទេ ធ្វើដើមទុន ខ្ញុំតស៊ូដើម្បីធ្វើជាកញ្ចក់សង្គម”៕

អត្ថបទ៖ ទារិកា

មតិយោបល់