• 2022-10-07 03:10:23
  • ព័ត៌មាន

យុទ្ធសាស្ត្រ​សំខាន់​ៗ​របស់​កម្ពុជា ដើម្បី​សម្រេចគោដៅក្លាយជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០

  • 2022-10-07 03:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​យន្តការ ក៏​ដូច​ជាយុទ្ធសាស្ត្រ​សំខាន់​មួយ​ចំនួន ដើម្បី​នាំ​កម្ពុជា​ឈាន​ទៅ​សម្រេច​គោល​ដៅ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​​ឆ្នាំ ២០៥០។

ថ្លែងក្នុងពិធីបើកសន្និសីទ "ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២" ក្រោមប្រធាន បទ "ការស្ដារកម្ពុជាឡើងវិញពី វិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩" នាសណ្ឋាគារសុខាភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាសម្រេចគោលដៅខាង​លើ ដើម្បីធានាការអភិវឌ្ឍប្រកប ដោយនិរន្តរភាព។

សម្តេចតេជោ បញ្ជាក់​ថា កម្ពុជានឹងងើបឡើងវិញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ប៉ុន្តែទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ នៅលើសកលលោកនេះ ហើយ​ក្នុង​នោះ កម្ពុជា​មាន​ផែនការ​ដូច​ខាង​ក្រោម៖

១.បន្ថែម​លើ​ការ​ចាក់វ៉ាក់សាំង រាជរដ្ឋាភិបាល​ជំរុញ​ការ​វិនិយោគ​លើ​វិស័យសុខាភិបាល ដើម្បី​រៀប​ចំ​វិស័យ​សុខាភិបាល​មួយ​ដែល​រឹង​មាំ ដែល​អាច​ជួយ និង​ការពារ​ប្រជាជន​ពី​ជំងឺ​កូវីដ១៩ ក៏​ដូច​ជា​ជំងឺ​រាតត្បាត​ដទៃ​ទៀត​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​នៅ​ពេល​អនាគត។

២.ការ​អភិវឌ្ឍន៍ លើ​ប្រព័ន្ធ​គាំពារ​សង្គម គឺ​ជា​ការ​វិនិយោគ​លើ​ប្រជាជន និងផ្ដល់​សន្តិសុខ សេដ្ឋកិច្ចជូន​ប្រជាជន ជា​ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល នឹង​បន្ត​ពង្រឹង​ប្រព័ន្ធ​ជំនួយ​សង្គម និង​សន្តិសុខ​សង្គម និង​ពង្រីក​វិសាលភាព​គ្រប​ដណ្ដប់​ឲ្យ​កាន់​តែ​ចំ​ទឹសដៅ ជា​ពិសេស​តាម​រយៈ​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​ដែល​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យ​ចូល​ក្នុង​ប្រព័ន្ធ​ដើម្បី​ទទួល​បាន​កិច្ច​គាំពារ​ផ្សេង​ៗ។

៣.ការ​អភិវឌ្ឍន៍​ធនធានមនុស្សៈ តាម​សម្ដេច ទាំង​ចំណេះដឹង និង​ជំនាញ គឺ​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះបាន ក្នុង​លើក​កម្ពស់​ផលិតភាព​សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្ដូររចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពី​ការ​ផ្លាស់​ប្ដូរសេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្មដែលមានជំនាញទាប ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ជំនាញ និង​បច្ចេកវិទ្យា។​

៤.កំណត់​យក​ការ​អភិវឌ្ឍន៍​សហគ្រានធុនតូច និង​មធ្យម​ជា​អាទិភាព​ចម្បង តាម​រយៈ​ការ​គាំទ្រ​ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ការ​កែ​សម្រួល​បរិយាកាស​ធុរកិច្ច និង​ការលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ជា​ដើម។

៥.ការចាប់យកកាលានុវត្តភាព​ក្នុង​សម័យឌីជីថលៈ បច្ចេកវិទ្យាឌីជីថលបាន​បោះជំហានយ៉ាងលឿន​ប្រកប​ដោយ​សក្ដានុពល ដែល​ការ​​រីកចម្រើន​របស់​បច្ចេកវិទ្យា បាន​ផ្ដល់​ឱកាស​ដល់​បណ្ដា​ប្រទេស​នៅ​លើ​សកលលោក អាច​ធ្វើ​ការ​ចាប់​យក​បច្ចេកវិទ្យា​មក​ធ្វើ​ជាឧបករណ៍​ដើម្បី​អនុវត្ត​សង្គម​ជាតិ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​​ប្រែក្លាយ​ឧស្សាហកម្មប្រពៃណី ទៅ​ជាឧស្សាហកម្ម​ទំនើប​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ដូច្នេះ​កម្ពុជា ក៏​មិន​ត្រូវ​ខកខាន​ក្នុង​ការ​ចាប់​យក​កាលានុវត្តន៍​ដ៏​ធំ​ធេង​នេះ​ដែរ តាម​រយៈ​ការ​ជំរុញ​ការ​អនុវត្ត​ឲ្យ​មាន​ល្អ​ប្រសើរនូវ​ក្របខណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ រួម​នឹងគោល​នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ ២០៣៥ និង​គោលនយោបាយ​ដទៃ​ទៀត​។

៦.ការ​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចបៃតង និង​ភាពធន​ទៅ​នឹង​អាកាសធាតុ ក៏​ជា​ផ្នែក​មួយ​ចាំបាច់​សម្រាប់​ទ្រទ្រង់​កិច្ច​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព តាមរយៈការ​គាំទ្រ ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​បៃតង និង​ជំរុញ​ការ​ធ្វើ​អន្តរកាល​មថាមពល និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាបៃតង។

៧.ការ​បន្ត​ពង្រឹង​ពិពិទកម្មហិរញ្ញវត្ថុ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុទាំង​មូលប្រកប​ដោយ​ភាពធន និង​បរិយាបន្ន ដោយមាន​ការ​ចូល​រួម​ពីវិស័យ​ឯកជន គឺ​ពិត​ជា​មាន​សារសំខាន់។ ជាមួយ​គ្នា​នេះ ការ​អនុវត្ត​កម្មវិធី​​កែទំរង់គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ ដែល​អាច​ឲ្យរាជរដ្ឋាភិបាល​បង្ហូរ​ថវិកាកាន់​តែ​ច្រើន​ទៅ​កាន់​វិស័យ​អាទិភាព បង្កើន​នូវ​ធនធានវិនិយោគ​សារធារណៈ​ អាច​សន្សំ​លើក​ស្ទួយឯករាជ្យភាព​ខាង​ផ្នែក​ថវិកា​របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​គោលនយោបាយ និង​វិធានការណ៍​អន្តរាគមន៍​ទាំង​ឡាយ ដើម្បី​ជួយ​ប្រជាជន​ និង​វិស័យ​ឯកជន ដែល​បាន និង​កំពុង​បន្តរងផលប៉ះពាល់​ពីវិបត្តិ​កូវីដ១៩។ ក្នុង​ន័យ​នេះ​ ការ​អនុវត្ត​ន៍ដោយជោគជ័យ​នូវ​គោលដៅ​ធំ​ៗ​របស់​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​អនាគត៕

អត្ថបទ៖ ទារិកា

មតិយោបល់