/63521a2396a18_1666324980_medium.jpg)
- 2022-10-21 04:06:52
- ព័ត៌មាន
អបអរ! ប្រជាពលរដ្ឋតាំងទីលំនៅនៅតំបន់អភិវឌ្ឍថ្មី រុនតាឯក ទទួលបានលក្ខខណ្ឌពិសេសដល់ទៅ២
- 2022-10-21 04:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! ប្រជាពលរដ្ឋតាំងទីលំនៅនៅតំបន់អភិវឌ្ឍថ្មី រុនតាឯក ទទួលបានលក្ខខណ្ឌពិសេសដល់ទៅ២
ចន្លោះមិនឃើញ
តាមសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលនៅព្រឹកនេះជាមួយបងប្អូនប្រជាពលរដ្ឋនៅ រុនតាឯក បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅមកនៅតំបន់អភិវឌ្ឍន៍ថ្មីនេះ ទទួលបានលក្ខខណ្ឌអំណោយផលពិសេសចំនួន ២។
លក្ខខណ្ឌពិសេសនេះ គឺជាការលើកទឹកចិត្ត ក៏ដូចជាតបស្នងរបស់បងប្អូនប្រជាពលរដ្ឋអតីតអ្នករស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមកតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក។ លក្ខខណ្ឌលើកទឹកចិត្តទី១៖ គឺប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី នឹងមិនតម្រូវឲ្យបង់ប្រាក់សម្រាប់ការភ្ជាប់ចរន្តអគ្គីសនីសម្រាប់ប្រើប្រាស់នោះទេ។
នេះជាការផ្ដល់របស់ អគ្គីសនីកម្ពុជា ហៅកាត់ថា EDC តាមរយៈសម្ដេចតេជោ ហ៊ុន សែន។ ការផ្ដល់នេះ គឺរាប់ចាប់តាំងពីការប្រើប្រាស់ចរន្តទាបពី ៥អំពែ រហូតដល់ជាង ១០០អំពែ។ យ៉ាងនេះក្ដី ប្រជាពលរដ្ឋត្រូវចំណាយខ្លួនឯងខ្លះដែរលើការខ្សែភ្លើងដែលត្រូវរត់ចូលទៅក្នុងផ្ទះសម្រាប់ការប្រើប្រាស់ផ្សេងៗ។
សម្ដេចថ្លែងថា៖ "ការតចរន្តចូលទៅដល់របងផ្ទះរបស់យើង គឺអត់មានយកប្រាក់ទេសម្រាប់ប្រជាពលរដ្ឋដែលរស់នៅកន្លែងហ្នឹង(រុនតាឯក) តែកន្លែងផ្សេងគឺយក ប៉ុន្តែការតចេញពីកន្លែងហ្នឹងចូលទៅក្នុងផ្ទះ ទាំងខ្សែភ្លើង ទាំងអំពូលភ្លើងប៉ុន្មានអីប៉ុន្មាន អាហ្នឹងគឺយើងចេញលុយខ្លួនឯង"។
លក្ខខណ្ឌលើកទឹកចិត្តទី២៖ បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯកនេះ និងពាក់ស្នែងទាំងអស់ នឹងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិលើទ្រនាប់ដីដែលខ្លួនរស់នៅ។ យ៉ាងណា ប័ណ្ណកម្មសិទ្ធិនេះនឹងផ្ដល់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត និងជាប់ឆ្នោតមករស់នៅរុនតាឯក និងពាក់ស្នែងប៉ុណ្ណោះ។
សម្ដេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើការងារនេះសម្រាប់ប្រជាពលរដ្ឋ។ សម្ដេចលើកឡើងថា ធ្វើបែបនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ សម្រាប់ស្នើសុំកម្ចីប្រាក់ពីធនាគារយកមកប្រើប្រាស់លើតម្រូវការផ្សេងៗ ព្រោះបើក្នុងលក្ខខណ្ឌដីសម្បទានសង្គមកិច្ច គឺពលរដ្ឋមិនអាចខ្ចីធនាគារបានទេ។
គិតត្រឹមពេលនេះ មានពលរដ្ឋចំនួន ៥៨៦៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាននៅតំបន់រមណីយដ្ឋានអង្គរ ដោយព្រមទាំង រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងស្រាយបញ្ហារំដោះសហគមន៍ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ជាថ្នូរនឹងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានេះ ត្រូវបណ្ដេញចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ការនេះ ក៏មានប្រជាពលរដ្ឋជាច្រើនមិនសុខចិត្តចាកចេញ ប៉ុន្តែខ្លះក៏ព្រមទទួលសំណងពីរាជរដ្ឋាភិបាលមករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ដែលគិតមកត្រឹមពេលនេះ មានការស្ម័គ្រចិត្តចំនួន៣លើក ក្នុងនោះលើកទី១ ចំនួន ១ ១១៧គ្រួសារ លើកទី២ ចំនន ២ ៨៥៣លើកទី៣ ១៨៩៥ សរុប ៥ ៨៦៥គ្រួសារ ថែមដោយ ៥៩៤គ្រួសារទៀត ដែលសុខចិត្តផ្លាស់ទីលំនៅចេញពីតំបន់ដែលមានជាប់ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធស្ថាបនាទីក្រុង ពិសេសតាមដងផ្លូវ និងតាមដងស្ទឹងសៀមរាប។
ក្នុងមតិសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋដែលមានការយល់ដឹង និងយោគយល់ចំពោះកិច្ចការនេះ ដែលជាការបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាតំបន់រមណីយដ្ឋានអង្គរនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូបន្តទៀត ចៀសវាងត្រូវបណ្ដេញដូចប្រទេសមួយចំនួន៕