• 2022-10-21 04:50:04
  • ព័ត៌មាន

វគ្គសិក្សា បង្រៀនយុវជនគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនលើកទី១ នឹងចាប់ផ្ដើមចុងសប្ដាហ៍នេះ!

  • 2022-10-21 04:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិក្ខាសាលាបណ្តុះបណ្តាល «រៀនពីលុយ (Rean PiLuy)» គឺជាសិក្ខាសាលារបស់គម្រោងរៀនពីលុយ ដែលរៀបចំឡើងដោយសភាយុវជន (Youth Assembly) ក្រោមមានការគាំទ្រពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង, ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

នេះជាគម្រោង របស់យុវជនស្ម័គ្រចិត្តកម្ពុជាដើម្បីចូលរួមចំណែកនៅក្នុងការងារសង្គម ក៏ដូចជាចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ព្រមទាំងផ្តល់ឱកាសហាត់ការងារតាមរយៈការបំផុសគំនិតសុទិដ្ឋិនិយម និងរៀបចំអនុវត្តគម្រោងរវាងយុវជន និងយុវជនដូចគ្នាផងដែរ។

គម្រោងរៀនពីលុយ គឹផ្តោតសំខាន់ទៅលើ ប្រធានបទហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយមានបេសកម្ម បង្កើតភាពងាយស្រួលក្នុងការទទួលយកចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន។ ចក្ខុវិស័យស្នូលរបស់យើង គឺក្លាយជាកន្លែងដែលមនុស្សគ្រប់វ័យ មកពីគ្រប់មជ្ឈដ្ឋាន អាចរៀនសូត្រ ចែករំលែក និងអនុវត្តហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយសុវត្ថិភាព និងប្រសិទ្ធភាព។

សិក្ខាសាលាបណ្តុះបណ្តាល “រៀនពីលុយ (Rean PiLuy)” ឆ្នាំ២០២២ នេះផងដែរនឹងមានរយៈពេល ៦សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ ០៤ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ Kampus។ សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខក្នុងសប្តាហ៍នេះ គឺជាវគ្គដំបូងតម្រង់ទិសសម្រាប់សិក្ខាកាមដែលបានដាក់ពាក្យចូលសិក្សា និងបានជាប់ទៅតាមល័ក្ខន្តិកៈរបស់សិក្ខាសាលា ដើម្បីស្ដាប់កិច្ចពិភាក្សាស្ដីពី «យុវជន និងអក្ខរកម្មហិរញ្ញវត្ថុ» ដោយមានការចូលរួមពី តំណាងនៃធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងព័ត៌មានលម្អិត លក្ខ័ណ្ឌផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅ សប្តាហ៍បន្ទាប់។

សិក្ខាកាមដែលចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងឆ្លងកាត់សកម្មភាពពីរដំណាក់កាល គឺដំណាក់សិក្សា និងដំណាក់កាលអនុវត្ត។ នៅក្នុងដំណាក់កាលសិក្សា គឺសិក្ខាកាមនឹងទទួលបានមេរៀន និងការចែករំលែកពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ទាក់ទងនឹងប្រធានបទជាច្រើនដូចជា ការសន្សំ និងការគ្រប់គ្រងការចំណាយ អតិផរណា ឥណទាន និងការគ្រប់គ្រងបំណុល ។ល។ ដើម្បីជាជំនួយដល់សិក្ខាកាមសម្រាប់ដំណាក់កាលទី២ គឺសិក្ខាកាមនឹងសិក្សាអំពីប្រធានបទមួយចំនួនផ្សេងទៀត ទាក់ទងនឹងការអភិវឌ្ឍជំនាញទន់ ដូចជាការគិតបែបច្នៃប្រឌិត និងការគ្រប់គ្រងគម្រោង។

នៅក្នុងដំណាក់កាលទីពីរនេះ ក៏ជាការអនុវត្តលំហាត់ផងដែរ ដោយសិក្ខាកាមនឹងត្រូវធ្វើការជាក្រុម ហើយទទួលការប្រឹក្សាពីអ្នកបច្ចេកទេសណែនាំ ដើម្បីបង្កើតគម្រោងដើម្បីសង្គម ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅក្នុងសង្គម។ នាថ្ងៃចុងបញ្ចប់នៃសិក្ខាសាលាបណ្តុះបណ្តាល ក្រុមនីមួយៗនឹងត្រូវធ្វើបទបង្ហាញ អំពីគម្រោងរបស់ខ្លួនទៅកាន់ គណៈកម្មការដើម្បីទទួលបានការវាយតម្លៃ និងមតិកែលម្អ។ ក្រុមដែលមានគំនិតច្នៃប្រឌិតខ្ពស់ គឺនឹងទទួលបានថវិកាសម្រាប់អនុវត្តគម្រោងរបស់ពួកគេ។

អត្ថប្រយោជន៍សម្រាប់យុវជន

◦ ឱកាសសិក្សា និងអភិវឌ្ឍជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

◦ ឱកាសអភិវឌ្ឍជំនាញទន់ ដូចជាភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហា

◦ ពង្រីកបណ្ដាញទំនាក់ទំនង ជាមួយយុវជនដ៏ទៃទៀត និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ

◦ ទទួលបានលិខិតទទួលស្គាល់ការចូលរួមពីគម្រោងរៀនពីលុយ

◦ ឱកាសដឹកនាំគម្រោងដើម្បីសង្គម និងចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសង្គម

គួររំឮកផងដែរថា ក្រុមការងារគម្រោងរៀនពីលុយ ដែលរៀបចំឡើងដោយសភាយុវជន (Youth Assembly) គាំទ្រដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង, ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺបានចម្រាញ់សាធារណជន និងយុវជនដែលបានដាក់ពាក្យចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាល “រៀនពីលុយ (Rean PiLuy)” ឆ្នាំ២០២២ សរុបចំនួន ៧៨នាក់ ដោយបានឆ្លងកាត់ការសម្ភាសន៍ ហើយជាចុងក្រោយក្រុមការងារយើងបានជ្រើសរើសសិក្ខាកាមចំនួន ៣០នាក់ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនាពេលខាងមុខនេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់