• 2022-10-26 09:55:00
  • ព័ត៌មាន

អ្នកវិទ្យាសាស្ត្រគួរដឹងពីចំណុចទាំង៥នេះ ដើម្បីប្រឡងជាប់បានពិន្ទុល្អ

  • 2022-10-26 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់វិទ្យាសាស្រ្តពិត ជាមុខវិជ្ជាដែលផ្តោតសំខាន់ទៅលើគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវិវិទ្យា ឫមុខវិជ្ជាដែលពាក់ព័ន្ធខាងវិទ្យាសាស្រ្តពិត។ ថ្នាក់វិទ្យាសាស្រ្តពិតងាយយកនិទ្ទេសល្អ ជាងវិទ្យាសាស្រ្តសង្គម ព្រោះសិស្សនិទ្ទេសA និងB ភាគច្រើនជាសិស្សថ្នាក់វិទ្យាសាស្រ្តពិត។ ហើយពេលដែលប្អូនបានបញ្ចប់ថ្នាក់ទី១២ខាងវិទ្យាសាស្ត្រពិត ប្អូនអាចបន្ត ជំនាញនៅសាកលវិទ្យាល័យ ឬចាប់យកការងារជាច្រើនដូចជា គ្រូបង្រៀន (គណិត រូប គីមី ជីវ: …) គ្រូពេទ្យ សំណង់ ស្ថាបត្យកម្ម គូសប្លង់ អេឡិចត្រូនិច ICT( បច្ចេកវិទ្យា ព័ត៌មានវិទ្យា ឬ កុំព្យូទ័រ) វិស្វកម្មទូរគមនាគមន៍ វិទ្យាសាស្ត្របរិស្ថាន វិស្វកម្មជីវសាស្ត្រ វិស្វករអគ្គិសនី វិស្វកម្មមេកានិច គីមីចំណីអាហារ បច្ចេកទេសកសិកម្ម ជាដើម។

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិក៏ចាប់ផ្តើមមានភាពសុក្រឹត ហើយកាន់តែមានភាពតឹងតែងឡើង ដែលអនុញ្ញាតឱ្យសិស្សពូកែៗអាចបញ្ចេញសមត្ថភាពប្រកបដោយភាពជឿជាក់ និងទទួលបានតម្លៃយ៉ាងខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន។ ខាងក្រោមនេះជាចំណុច សំខាន់ៗ ដែលសិស្សជ្រើសរើសថ្នាក់វិទ្យាសាស្ត្រគួរដឹង ដើម្បីប្រឡងជាប់បានពិន្ទុល្អ ដែលនឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ។

១. អនុវត្តទៅលើការធ្វើវិញ្ញាសាផ្សេងៗ៖

គួរតែធ្វើការអនុវត្តទៅលើវិញ្ញាសាផ្សេងៗ ដូចជា៖ គណិត រូប គីមី ជីវៈ និងវិញ្ញាសាសរសេរផ្សេងទៀត ដើម្បី កំណត់ពេលវេលា ថាតើរយៈពេលដែលក្រសួងឲ្យមក ៩០នាទី ឬ ១៥០នាទី តើយើងអាចធ្វើទាន់ជាមួយវិញ្ញាសាទាំងអស់នោះដែរឬក៏អត់? ក្រៅពីនោះគួរសាកល្បង ធ្វើវិញ្ញាសាផ្សេងទៀត ក្រៅពីវិញ្ញាសាឆ្នាំចាស់ ដែលជាស្តង់ដាប្រឡងដូចគ្នា ដើម្បីឲ្យដឹងថា តើលំហាត់ក្នុងមេរៀនមួយណាដែលយើងមិនទាន់ចេះ ហើយមេរៀនណាដែលយើងត្រូវការពង្រឹងបន្ថែមទៀត។

២. គួរតែចំណាយពេលសិក្សាដោយខ្លួនឯងជាជាងសម្រុករៀនគួរតែម្យ៉ាង៖

ការរៀនគួរគឺជាក៏ផ្នែកមួយជួយជម្រុញឱ្យការអនុវត្តន៍លំហាត់ឬមេរៀនរបស់យើងបានស្វែងយល់កាន់តែច្រើនផងដែរ តែការចំណាយពេលធ្វើការសិក្សាដោយខ្លួនឯងទៀតសោតគឺរិតតែសំខាន់ ដោយធ្វើដូចនេះយើងអាចដឹងថា ត្រូវសិក្សាអំពីចំនុចខ្សោយរបស់ខ្លួនពិតប្រាកដ និងធ្វើឲ្យស្គាល់ពីខ្លួនឯងកាន់តែច្បាស់ ថាតើយើងរៀនរបៀបម៉េចទើបមានប្រសិទ្ធភាព ។

៣. អនុវត្តលំហាត់ជាមួយ YouTube៖

សម្រាប់សិស្សដែលជ្រើសយក មុខវិជ្ជាវិទ្យាសាស្ត្រពិត ក្រៅពីការរៀនគួរបន្ថែម អ្នកគួរងាកមកសាកល្បងតេស្តសមត្ថភាពខ្លួនឯង តាមរយៈវិធីនេះ។ នៅលើ YouTube មានអ្នកបង្កើតវីដេអូបង្រៀនរបៀបគណនាចម្លើយ និងគន្លឹះប្លែកៗ ដែលភាគច្រើនជាសិស្សពូកែ ឬលោកគ្រូ អ្នកគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រពិតនោះតែម្ដង។ ដូចនេះ អ្នកគូរស្វែងរកយកមកអនុវត្តឲ្យបានជាប្រចាំ ក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងនាពេលខាងមុខ។

៤. ចង់បាននិទ្ទេសល្អត្រូវកុំមើលរំលងមុខវិជ្ជាផ្នែកអក្សរ៖

នៅត្រង់ចំណុចនេះ អាចសិស្សមួយចំនួនផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រច្រើន រហូតពេលខ្លះ មិនបានរំឭកមេរៀនដទៃទៀត ដូចជា ភូមិ ប្រវត្តិជាដើម។ ដូច្នេះមុខវិជ្ជាទាំងអស់នេះ បើសិនជាសល់ពេលពីការដោះស្រាយលំហាត់ ឬគណនា គួរចំណាយពេលខ្លះ ដើម្បីមើលទៅលើមេរៀនទាំងនោះខ្លះ ទើបអាចធ្វើការប្រឡងបានពិន្ទុច្រើនដូចគ្នា ។

៥. ទុកការប្រឡងឆមាសទី២ដូចជាការប្រឡងថ្នាក់ជាតិ៖

ការប្រឡងឆមាសដែលរៀបចំឡើងនៅតាមវិទ្យាល័យនីមួយៗ គឺធ្វើឡើងតាមគោលការណ៍របស់ក្រសួងដើម្បីវាស់កម្រិតក៏ដូចជាការស្ទង់សមត្ថភាពរបស់សិស្សានុសិស្សមុននឹងការប្រឡងផ្លូវការចូលមកដល់ ដូចច្នេះការប្រឡងនេះគឺសំខាន់ណាស់សម្រាប់អ្នកទាំងអស់គ្នា ដូចនេះត្រូវខំប្រឹងឲ្យខ្លាំងដូចគ្នា កុំធ្វើការបើកចាក់ កុំលួចចម្លង មានន័យថាយកការប្រឡងនេះ ទុកជាការវាស់ស្ទង់សមត្ថភាពខ្លួនឯង ថាតើយើងអាចធ្វើបានកម្រិតណា ដើម្បីត្រៀមខ្លួនក្នុងការប្រឡងថ្នាក់ជាតិ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់