/6384724fab845_1669624380_medium.jpg)
- 2022-11-28 08:37:12
- ព័ត៌មាន
ប្រកាសរៀបចំពិព័រណ៍សៀវភៅលើកទី ៩ ខណៈកត់សម្គាល់ថាការអានកើនឡើងខ្លះ តែភាគច្រើនកើនលើប្រលោមលោក
- 2022-11-28 08:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាសរៀបចំពិព័រណ៍សៀវភៅលើកទី ៩ ខណៈកត់សម្គាល់ថាការអានកើនឡើងខ្លះ តែភាគច្រើនកើនលើប្រលោមលោក
ចន្លោះមិនឃើញ
កម្មវិធីពិព័រណ៌សៀវភៅកម្ពុជា ត្រៀមនឹងរៀបចំជាលើកទី៩របស់ខ្លួននៅដើមខែក្រោយនេះ ក្រោយពីទទួលបានជោគជ័យលើបេសកកម្មរបស់ខ្លួន ៨លើករួចមកហើយដោយបានធ្វើឃើញភាពខុសប្លែកគ្នាខ្លះនៅលើទម្លាប់នៃការអាន។
សកម្មភាពលើទី៩នេះ គ្រោងនឹងរៀបចំឡើងក្រោមប្រធានបទ "មួយថ្ងៃអាន មួយថ្ងៃដឹង"។ កម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅនៅក្នុងសង្គមខ្មែរ ជាពិសេសយុវជន និងយុវនារីខ្មែរដែលជាទំពាំងស្នងឬស្សី ដែលជាធនធានមនុស្សដ៏សំខាន់ដើម្បីអភិវឌ្ឍប្រទេសជាតិយើង។
បេសកកម្ម៨លើករួចមកហើយ បូករួមទាំងលើកទី ៩នេះទៀត តាមលោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជា បានបញ្ចេញឲ្យដឹងថា ពិព័រណ៌សៀវភៅ មានគោលដៅ២ធំៗ គឺទី១ លើកកម្ពស់ការអាននៅក្នុងសង្គមកម្ពុជា និងទី២ បង្កើនការបោះពុម្ភផ្សាយសៀវគ្រប់ប្រភេទ ដែលឯកសារដំបូងដែលឈានទៅបណ្ដុះទម្លាប់នៃការអាន។
ការអានសៀវភៅ ឬឯកសារគ្រប់ប្រភេទ គឺជាសកម្មភាពនៃការបណ្ដុះពុទ្ធិ បង្កើតការគិតវិជ្ជមាន ឈានទៅរកការបង្កើតថ្មី និងសម្រេចគោលដៅតូចធំនានា។ ទន្ទឹមនឹងយុវជននៅបណ្ដាប្រទេសរីកចំរើន មានទម្លាប់ដាក់សៀវភៅជាប់ខ្លួន ទុកសម្រាប់អានពេលទំនេរនោះ យុវជនកម្ពុជា នៅមិនទាន់មានទម្លាប់បែបនេះនៅឡើយ។ ផ្ទុយទៅវិញ ការកាន់ទូរស័ព្ទចុចលេង ឬតាមដានព័ត៌មានលើបណ្ដាញសង្គម គឺជាទម្លាប់ទៅវិញ។
យ៉ាងនេះក្ដី ពិព័រណ៌សៀវភៅ បានអះអាងពីសញ្ញាវិជ្ជមាននៃបេសកកម្មរបស់ខ្លួន។ លោកស្រី ខ្លូត វិបុលឡា បានអះអាងថា ពិព័រណ៌សៀវភៅ ដែលបានចាប់ផ្ដើមបេសកកម្មដំបូងរបស់ខ្លួន កាលពី៨ឆ្នាំមុន មានស្ដង់សៀវភៅ ត្រឹមតែ ១០ នោះ នៅឆ្នាំទី ៩ នេះ អាចទាក់ទាញម្ចាស់ស្នាដៃ អ្នកបោះពុម្ភសៀវភៅ សរុបជិត ២០០ស្តង់ឯណោះ។
មិនត្រឹមប៉ុណ្ណឹង នៅក្មុងសកម្មភាពរបស់ខ្លួនកាលពីឆ្នាំ ២០១៩ ពិព័រណ៌សៀវភៅ បានទាក់ទាញអ្នកចូលរួមសរុបដល់ទៅជាង ១៨ម៉ឺននាក់ឯណោះ ដែលនេះជាតួលេខខ្ពស់បំផុតទៀត។ មិនត្រឹមប៉ុណ្ណោះ គេក៏កត់សម្គាល់ភាពប្រសើរឡើងខ្លះ នៃការអានដែរ ដោយស្រង់ចេញពីការលក់ចេញសៀវភៅគ្រប់ប្រភេទ ពិសេសប្រភេទប្រលោមលោកពីកម្មវិធីពិព័រណ៌។ នេះបើតាមឯកឧត្តម គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តមបានប្រសាសន៍ថា ប្រភេទសៀវភៅប្រលោម លក់ដាច់ច្រើនជាងប្រភេទសៀវភៅប្រភេទផ្សេងៗ ហើយបើទោះមិនមានអ្វីមកធានាអះអាងថា សៀវភៅគ្រប់ប្រភេទ ក្នុងនោះមានប្រលោមលោកដែលត្រូវបានទិញទៅ ត្រូវបានគេអានចប់អស់ ឬក៏ទិញទៅទុកចោលនោះ ឯកឧត្តម បានគូសបញ្ជាក់ពីការរីកចម្រើនមួយ និងថា ប្រលោមលោក ជាកម្លាំងចលករមួយដែលនាំយុវជនកម្ពុជាផ្ដើមមាទម្លាប់នៃការអាន។
ជាមួយនឹងការកត់សម្គាល់នៃការកើនឡើងការអានសៀវភៅប្រលោមលោក គេឃើញមានភាពខុសគ្នាខ្លះ ពីទម្លាប់នៃការអានរបស់យុវជននៅបណ្ដាប្រទេសអភិវឌ្ឍ ដែលភាគច្រើនចូលចិត្តអានអំពីប្រវត្តិសាស្ត្រ ការរីកចម្រើនរបស់សង្គម ឬចំណេះដឹងផ្សេងៗ ដែលអាចបណ្ដុះនៅគំនិតជឿនលឿន គំនិតអភិវឌ្ឍ ជាជាងការអានប្រលោមលោក ជាប្រភេទសាច់រឿងប្រឌិត ដែលបានមកវិញនូវអារម្មណ៍រំជើបរំជួល រំភើប សោកសៅតាមប្រឌិតញាណរបស់អ្នកនិពន្ធនោះ ដែលហាក់ឆ្ងាយពីការអានដើម្បីចំណេះដឹងសម្រាប់កសាងអភិវឌ្ឍសង្គមមួយនោះ ប៉ុន្តែទម្លាប់នេះ នៅតែទទួលបានការសាទរ។
ស្រដៀងគ្នានឹងឯកឧត្តម គឹម ពិនន់ លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូរកម្ពុជា និងជានាយកអង្គការ ស៊ីប៉ា(Sipar) មានប្រសាសន៍ដោយលើកឡើងថា នោះនៅតែសញ្ញាវិជ្ជមាននៃទម្លាប់អាននៅក្នុងសង្គមកម្ពុជា។ លោកបានថ្លែងថា ប្រលោមលោក ជាប្រភេទឯកសារបម្រើឲ្យចំណីអារម្មណ៍ ដែលងាយទាក់ទាញបានការចាប់អារម្មណ៍ច្រើនជាង ហើយនោះជាការចាប់ផ្ដើមទម្លាប់អាន។
ហើយបន្ទាប់ពីមានទម្លាប់នៃការអានហើយ យុវជននឹងឈានទៅអានប្រភេទឯកសារចំណេះដឹងផ្សេងៗ ដែលមានភាពលំបាកជាងមិនខាន។ ប៉ុន្តែប្រសិនបើចាប់ផ្ដើមជាមួយ ការអានឯកសារពិបាកៗ ស្មុគស្មាញភ្លាមៗពីដំបូង យុវជនងាយនឹងបោះបង់ការអានវិញ។
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្ថែមថា មានឧទាហរណ៍ជាច្រើនថា ការអភិវឌ្ឍន៍សង្គម ឬបច្ចេកវិទ្យាជាច្រើន គឺផ្ដើមចេញពីស្រមើស្រមៃបស់អ្នកនិពន្ធប្រលោមលោកពីដំបូង។ ជាក់ស្ដែង យន្តហោះ មានវត្តមានក្នុងប្រលោមលោកមន្ត ទើបបណ្ដាលចិត្តឲ្យក្រុមអ្នកវិទ្យាសាស្ត្រ សិក្សា និងអភិវឌ្ឍតាមក្រោយក៏មាន រហូតដល់ចេញជាយន្តហោះមកដល់បច្ចុប្បន្ន។ ដូច្នេះឯកឧត្តម បានគូសបញ្ជាក់ថា ការអានប្រលោមលោក ក៏ជាការរីកចម្រើននៃការអាននៅក្នុងសង្គមកម្ពុជា។
ពិព័រណ៌សៀវភៅ នឹងរៀបចំនៅក្នុងបរិវេណបណ្ណាល័យជាតិចំនួន ៣ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ០៩ ដល់ ១១ ធ្នូ ២០២២ខាងមុខនេះ៕