/kumnith-Social/social(30)/63e369728f4f9_1675848000_medium.jpg)
- 2023-02-08 09:36:02
- ព័ត៌មាន
ស្ថាប័នជំនាញហិរញ្ញវត្ថុ ក្រើនរំលឹកប្រជាពលរដ្ឋពីហានិភ័យខ្ពស់ ចំពោះការប្រើប្រាស់កម្ចីក្រៅផ្លូវការ
- 2023-02-08 09:36:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នជំនាញហិរញ្ញវត្ថុ ក្រើនរំលឹកប្រជាពលរដ្ឋពីហានិភ័យខ្ពស់ ចំពោះការប្រើប្រាស់កម្ចីក្រៅផ្លូវការ
ចន្លោះមិនឃើញ
បើទោះវិស័យធនាគារ និងហិរញ្ញវត្ថុ មានស្ថានភាពល្អប្រសើរក៏ពិតមែន និងបានរួមចំណែកក្នុងការស្ដារឡើងវិញពីការប៉ះពាល់ពីមេរោគកូវីដ១៩ ប៉ុន្តែជាមួយប្រជាពលរដ្ឋដែលជាអ្នកប្រើកម្ចីជាច្រើនក៏ទទួលហានិភ័យពីការប្រើប្រាស់កម្ចីក្រៅផ្លូវការផងដែរ។
កម្ចីក្រៅផ្លូវការ សំដៅដល់ការខ្ចីប្រាក់តាមអនឡាញមួយចំនួនជាមួយក្រុមដែលគ្មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្ម និងទទួលស្គាល់ដោយស្ថាប័នជំនាញខាងផ្នែកហិរញ្ញវត្ថុ។ បច្ចុប្បន្ន ក្រុមនេះ បាន និងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជា ជាមួយការផ្ដល់កម្ចីមានលក្ខខណ្ឌងាយៗដើម្បីទទួលកម្ចី តែបង្កជាហានិភ័យខ្ពស់បំផុត។
ដើម្បីទប់ស្កាត់ និងបង្ការហានិភ័យទាំងនេះ ស្ថាប័នជំនាញបាន និងកំពុងដុតដៃដុតជើង។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា សមាគមទាំងពីរ ABC និងCMA បាន និងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ព្រមទាំងបានដាក់ចេញក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិធានផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដើម្បីជួយឱ្យវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី (អតិថិជន) មានការរីកចម្រើនទាំងអស់គ្នា។
ថ្មីៗនេះទៀតសោត ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ទើបបានចេញសេចក្ដីថ្លែងការរួម ស្តីពីការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។
តាមលោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានប្រតិបត្តិករក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុស្របច្បាប់គិតត្រឹមដំណាច់ឆ្នាំ ២០២២ដូចជា៖ ធនាគារ ៦០ ធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ ៥ និងមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានភិតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកប្រតិបត្តិការតតិភាគី ៥ គ្រឹះស្ថានផ្ដល់សេវាទូទាត់ប្រាក់ ៣៤ អ្នកផ្ដល់សេវាប្រព័ន្ធចែករំលែកព័ត៌មានចំនួន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្ដូរប្រាក់មានជិត ៣០០០។
ទន្ទឹមនឹងនេះ អនុប្រធានសមាគមធនាគារនៅកម្ពុជាដដែល បានថ្លែងទៀតថា សមាគមបានផ្សព្វផ្សាយពីបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាត្រឹមត្រូវជូនសាធារណៈជន ដើម្បីឱ្យពួកគាត់យល់ជ្រាបអំពីគ្រឹះស្ថានផ្លូវការ យល់ដឹងពីការប្រើប្រាស់សេវាហិរញ្ញវត្ថុបានត្រឹមត្រូវ និងចៀសវាងពីការប្រើប្រាស់កម្ចីក្រៅផ្លូវការដែលមានហានិភ័យខ្ពស់។
ក្នុងន័យនេះដែរលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្នើបងប្អូនប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់កម្ចី ដោយក្នុងនោះ ត្រូវផ្ទៀងផ្ទាត់ចំពោះស្ថាប័នផ្លូវការដែលមានការទទួលស្គាល់ ហើយសមាគមបានបង្ហាញជូនរួចហើយនោះ។ លោកថា សម្រាប់ប្រជាពលរដ្ឋនៅរាជធានី ដែលទទួលបានព័ត៌មានច្រើន អាចកត់សម្គាល់បានថា ស្ថាប័នណាមួយមានច្បាប់ត្រឹមត្រូវ ប៉ុន្តែប្រជាពលរដ្ឋនៅតាមសហគមន៍អាចមានការពិបាក។
ក្នុងស្ថានភាពេះ លោកថ្លែងទៀតថា ករណីមិនដឹងថាស្ថាប័នណាមួយស្របច្បាប់ឬអត់ ប្រជាពលរដ្ឋ គួរសាកសួរទៅអាជ្ញាធរមូលដ្ឋាន។ ជាមួយគ្នា ប្រជាពលរដ្ឋខ្លួនឯង ត្រូវផ្ទៀងផ្ទាត់ឲ្យមែនទែនពីភាពស្របច្បាប់របស់ភ្នាក់ងារស្ថាប័នកម្ចីណាមួយ ដោយសារសាកសួរពីអាជ្ញាប័ណ្ណ និងបើអាចត្រូវសួររក និងទៅឲ្យដល់ទីតាំងស្ថាប័នផ្ដល់កម្ចីមួយនោះ ប្រយោជន៍បានមើលពីឯកសារពាក់ព័ន្ធនានា។ ប្រសិនបើមានការសង្ស័យណាមួយចំពោះប្រតិបត្តិករផ្ដល់កម្ចី ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ច។
នៅក្នុងផែនការសកម្មភាពឆ្នាំ ២០២៣ សមាគមទាំងពីរ ABC និងCMA បានដាក់ទិសដៅបន្តថា នឹងបន្តផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុថែមទៀតដល់ប្រជាជន និងទប់ស្កាត់ហានិភ័យការប្រើប្រាស់កម្ចីក្រៅផ្លូវការ៕