- 2023-02-14 03:22:22
- ព័ត៌មាន
របាយការណ៍ពីឥណ្ឌា មានពលរដ្ឋខ្មែរជិត ១០០ នាក់បានទៅផ្លាស់ប្ដូរថ្លើម
- 2023-02-14 03:22:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របាយការណ៍ពីឥណ្ឌា មានពលរដ្ឋខ្មែរជិត ១០០ នាក់បានទៅផ្លាស់ប្ដូរថ្លើម
ចន្លោះមិនឃើញ
មេរោគថ្លើមកម្រិតធ្ងន់ធ្ងរ ដូចជាក្រិនថ្លើម មហារីកថ្លើម គឺជាឃាតករលាក់មុខ ដែលយាយីអាយុជីវិតរបស់មនុស្សទូទាំងពិភពលោក ក្នុងកម្ពុជាក៏ដូចគ្នា ដោយក្នុងនោះមានរបាយការណ៍មកថា មានពលរដ្ឋកម្ពុជាប្រមាណជិត ១០០នាក់ បានទៅធ្វើការផ្លាស់ប្ដូរថ្លើមនៅឥណ្ឌា។
នាពេលបច្ចុប្បន្ន ឥណ្ឌា គឺប្រទេសល្បីមួយខាងវេជ្ជសាស្ត្រ ក្នុងនោះការព្យាបាលថ្លើម ដោយការវះកាត់ប្ដូរថ្លើមថ្មី។ តាមលោកវេជ្ជបណ្ឌិត Arvinder Singh Soin គ្រូពេទ្យឯកទេសខាងព្យាបាលជំងឺថ្លើមគ្រប់ប្រភេទនៃមន្ទីរពេទ្យ Medanta Medicity នៃប្រទេសឥណ្ឌា បានឲ្យដឹងថា គិតមកត្រឹមពេលនេះ លោកបានព្យាបាលដោយការវះកាត់ប្ដូរថ្លើមឲ្យអ្នកជំងឺថ្លើមមកពីជុំវិញពិភពលោកប្រមាណ ៤ ០០០ករណីហើយ។
ចំណុចគួរកត់សម្គាល់លោកវេជ្ជបណ្ឌិតបានបង្ហើបថា ក្នុងចំណោមនោះក៏មានអ្នកជំងឺថ្លើមជាជនជាតិកម្ពុជាផងដែរ ដែលមានចំនួន ៧៥ នាក់។ លោកថា ជំងឺថ្លើមកំពុងបង្កការព្រួយបារម្ភជាសកល ក្នុងនោះ វិទ្យាស្ថាន Medanta គឺជាមជ្ឈមណ្ឌលប្តូរថ្លើមធំជាងគេទី 2 និងក្នុងចំណោមមជ្ឈមណ្ឌលប្តូរថ្លើមរបស់ម្ចាស់ជំនួយដែលទទួលបានជោគជ័យបំផុតនៅក្នុងពិភពលោក។
តាមរបាយការណ៍ពីវេជ្ជបណ្ឌិតជនជាតិឥណ្ឌាដដែល Medanta បានធ្វើការប្តូរ 30 ដងក្នុងមួយខែជាមួយនឹងអត្រាជោគជ័យ 96%។ ក្នុងចំណោមនោះ ការប្តូរថ្លើមជាង 10 ដង/ខែ ត្រូវបានធ្វើសម្រាប់អ្នកជំងឺអន្តរជាតិមកពីជុំវិញពិភពលោក។
លោកវេជ្ជបណ្ឌិត Arvinder Singh Soin គឺជាបុគ្គលឆ្នើមដែលបានបង្កើតក្រុមការងារជំនាញវះកាត់ប្ដូរថ្លើមប្រចាំនៅមន្ទីរពេទ្យ Medanta Medicity ដែលទទួលបានជោគជ័យកម្រិតសកល។ លោកបានមកប្រទេសកម្ពុជាលើកទី១ ក្នុងបេសកកម្មផ្សព្វផ្សាយពីហានិភ័យនៃជំងឺថ្លើម ទី២ទៀត គឺលោកមកលេងសួរសុខទុក្ខអ្នកជំងឺជាជនជាតិខ្មែរដែលធ្លាប់ទៅទទួលយកការព្យាបាលពីលោកផង។
នៅក្នុងសន្ទរកថារបស់លោកក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្ដាហ៍មុន លោកវេជ្ជបណ្ឌិត Arvinder Singh Soin បានព្រលយថា ពលរដ្ឋកម្ពុជា ក៏មានអ្នកជំងឺថ្លើមច្រើនដែរ។ លោកថា ជំងឺនេះពួនសម្ងំក្នុងខ្លួនយើងយ៉ាងស្ងៀមស្ងាត់ និងស្ទើរមិនមានអាការអ្វីខុសប្រក្រតីលេចចេញមកក្រៅ។ ដូច្នេះមានតែការទៅធ្វើតេស្តរកមើលប៉ុណ្ណោះ ទើបអាចដឹងថា យើងមានជំងឺនេះឬអត់។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ករណីរកឃើញមានជំងឺក្រិន ឬមហារីកថ្លើម សូមប្រញាប់ស្វែងរកការព្យាបាលដោយការវះកាត់ប្ដូរថ្លើម ឲ្យលឿនតាមតែអាចធ្វើបាន ពីព្រោះការយឺតយ៉ាវ នាំឲ្យមានបញ្ហាទៅកាន់សិរីរាង្គផ្សេងទៀត ជាហេតុធ្វើការព្យាបាលកាន់តែពិបាក និងមានហានិភ័យខ្ពស់ថែមទៀត៕