- 2023-02-23 07:00:00
- ព័ត៌មាន
ប្រយ័ត្នបងប្អូន! កុំប៉ះពាល់សត្វឈឺឬងាប់ ក្មេងស្រីម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង
- 2023-02-23 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នបងប្អូន! កុំប៉ះពាល់សត្វឈឺឬងាប់ ក្មេងស្រីម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង
ចន្លោះមិនឃើញ
យោងតាមការផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC នាថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ២០២៣នេះបានឱ្យដឹងថា មានករណីកុមារីម្នាក់ស្លាប់ដោយឆ្លងជំងឺផ្តាសាយបក្សីH5N1 នៅខេត្តព្រៃវែង។
ករណីរកឃើញជំងឺផ្តាសាយបក្សី H5N1 លើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ដំបូងកុមារីចាប់ផ្ដើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្ដើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហើយ និងធ្វើពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC សូមបងប្អូនកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិងបក្សីព្រៃ អ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥ ។
សូមជម្រាបថា ផ្តាសាយបក្សីជាប្រភេទជំងឺម្យ៉ាង ដែលចម្លងពីសត្វស្លាបមកមនុស្សតាមរយៈការចាប់កាន់ ឬបរិភោគសាច់សត្វឈឺ ឬងាប់ដោយសារមានផ្ទុកវីរុស ។ ទោះជាយ៉ាងណា ជំងឺនេះត្រូវបានកម្ចាត់ដោយមានអនាម័យក្នុងជីវិតរស់នៅ ។
ចំពោះរោគសញ្ញានៃជំងឺផ្តាសាយបក្សីជាទូទៅបង្ហាញអាការ៖
គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម
ភាគច្រើនមានជំងឺរលាកសួតធ្ងន់ធ្ងរ
មួយចំនួនតូចមានរោគសញ្ញាដូចផ្តាសាយធម្មតា ហើយជាវិញដោយមិនបាច់ព្យាបាល
មកដល់ពេលនេះគ្មានវ៉ាក់សាំងសម្រាប់ការពារវីរុសជំងឺផ្តាសាយបក្សីទេ តែមានថ្នាំប្រឆាំងវីរុសគ្រុនផ្តាសាយគឺមានប្រសិទ្ធភាពខ្លាំងនៅក្នុងការព្យាបាលផងដែរ ។ ដូច្នេះដើម្បីការពារការកើតមានជំងឺផ្តាសាយបក្សី H7N9 នេះលោកអ្នកគប្បីអនុវត្តតាមវិធីខាងក្រោម៖
អនាម័យដៃ៖ លាងដៃមុនពេលបរិភោគអាហារ បន្ទាប់ពីចេញពីបង្គន់កាន់ឬកើបកាកសំណល់សត្វ និងបន្ទាប់ពីការថែទាំអ្នកជំងឺ ត្រូវលាងដុសសម្អាតដៃនឹងសាប៊ូឱ្យស្អាត ។
អនាម័យផ្លូវដង្ហើម៖ នៅពេលក្អកឬកណ្តាស់ ខ្ទប់មាត់របស់អ្នក ។
សុវត្ថិភាពម្ហូបអាហារ៖ ផលិតផលសាច់និងស៊ុតត្រូវចម្អិនឱ្យឆ្អិនល្អ ។
កុំបរិភោគសត្វឈឺឬងាប់ដោយជំងឺ ។
បើមានរោគសញ្ញាសង្ស័យណាមួយ គួរតែប្រញាប់មកជួបជាមួយគ្រូពេទ្យនិងត្រូវរាយការណ៍ពីស្ថានភាពជំងឺជាបន្ទាន់ ៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង