• 2023-04-03 09:14:46
  • ព័ត៌មាន

ដល់​ពេល​ហើយ! នេះ​ល្បែង​ប្រជាប្រិយខ្មែរ ដែល​លេង​សប្បាយណាស់ក្រោម​ពន្លឺ​ដួង​ខែ​ដ៏​ត្រចង់!

  • 2023-04-03 09:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​ច្រើន​ណាស់ ហើយ​មួយ​ៗ​សុទ្ធ​តែ​មាន​អត្ថន័យ និង​ខ្លឹមសារ​ល្អ​ៗ​គួរ​ឲ្យ​ស្ងើច​សរសើរ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង សកម្មភាព​នៃ​ការ​លេង​ទៀត​សោត គឺ​សុទ្ធ​សប្បាយ​ៗ រឹត​ចំណង​ទាក់​ទង​រវាងគ្នា និង​គ្នាបាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។

ល្បែង​ប្រជាប្រិយ​ខ្មែរ​ ភាគ​ច្រើន​បាន​កកើត​ឡើង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​នៃ​ប្រជាកសិករ​តាម​សម័យ​កាល​នីមួយៗ ​ដោយ​គ្មាន​កាល​បរិច្ឆេទ ​ឬឈ្មោះ​អ្នក​បង្កើត​ អ្នក​ផ្ដួច​ផ្ដើម ​និង​ពី​ប្រវត្តិ​ច្បាស់​លាស់​នោះទេ​ គឺមាន​ប្រភព​ចេញ​ពី​កម្លាំង​ពល​កម្ម​ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ប្រជាកសិករ​ និង​ជា​ការ​ចេះ​តៗ​គ្នា​តែប៉ុ​ណ្ណោះ។

ដូច​ពោល​ខាង​លើ "ល្បែង​ប្រជាប្រិយ​ខ្មែរ" មាន​ច្រើន​ណស់ ដែល​ភាគច្រើន​គឺ​សម្រាប់​លេង​កម្សាន្ត​នៅពេល​មាន​ពិធី​បុណ្យទាន​ម្តងៗ ជាពិសេស​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​តែ​ម្ដង។ យ៉ាងណា ការ​វិវត្ត​នៃ​សង្គម ពិសេស​បច្ចេកវិទ្យា ធ្វើ​ឲ្យ​បែប​បទ​នៃ​ការ​កម្សាន្ត​ក៏​ផ្លាស់​ប្ដូរ​ដែរ។យ៉ាងណា​មិញ បច្ចុប្បន្ន ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ស្ទើរតែ​មិន​សូវ​បាន​គេ​ស្គាល់ និង​​មិន​សូវ​បាន​ឃើញ​មាន​លេង​ផង។ ឥឡូវ​ដល់វេលា​សម​គួរ​ល្មម​យើង​នឹក​គិត​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ​យើង​ឡើង​វិញ។ នៅ​ពេល​នេះ សូម​រំលឹក​ប្រិយមិត្ត​ពី​ល្បែង​មួយ​ដែល​គេ​និយម​លេង​នៅ​ក្រោម​ពន្លឺ​ដួង​ខែ​ដ៏​ត្រចង់ នោះ​គឺ៖

រូបភាពពីសៀវភៅ "​ល្បែងប្រជាប្រិយខ្មែរ"

១. ល្បែង​ស្តេចចង់​ ឬល្បែងអៀវ

តាម​សៀវភៅ "ល្បែង​ប្រជាប្រិយ​ខ្មែរ" ល្បែងស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ គ្រប់​ភូមិ​ស្រុក ទូ​ទាំង​កម្ពុជ​រដ្ឋ តែង​លេង នៅ​ពេល​ទំនេរក្នុង​វេលា​យប់​ខែភ្លឺ។ អ្នក​លេង​​មាន​ប្រុស​​មាន​​ស្រី​​ជា​​ច្រើន​​នាក់ មិន​កំណត់។ ពេល​លេង​គេចែក​គ្នា​ជា ២​ពួក ប្រុស ១ពួក ស្រី ១ពួក។ ក្នុង​បណ្តាអ្នកទាំង ២ពួកនោះ គេតាំងប្រុស ឬ​​ស្រី​​ម្នាក់​​ធ្វើ​ជា​​ស្តេច ឲ្យអង្គុយនៅទី​មួយចំកណ្តាលទី លើកៅអី ឬ​លើ​វត្ថុ​អី្វ​មួយ មានត្បាល់ជាដើម។

កាលអ្នកធ្វើជាស្តេចអង្គុយលើទីមួយដ៏សមគួរហើយ ខាងស្រីគេ ឲ្យស្រីៗ ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្តេច​​ថា ខ្លួនស្រឡាញ់ឈ្មោះណាមួយ ឧបមាថា ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬក៏មក​ឈរនៅកន្លែងដើមវិញ។

ខាង​ប្រុស​ គេ​ឲ្យ​ប្រុស​ម្នាក់​ដើរ​ចូលទៅរកស្តេចដែរ ប្រសិនជាមិ​ន​ចំ​ឈ្មោះ​ដែល​គេ​ខ្សឹប​ទុក​ជា​មុន​ទេ​ក៏​ហី​ទៅ តែបើប្រុស​ដែល​មក​នោះ​ចំលើ​ឈ្មោះ​ដែល​នារី​គេ​បាន​​ខ្សឹប​នោះ​មែន ស្តេចស្រែកថា “អៀវៗ” ហើយ​ឲ្យ​​​នារី​នោះ​ជិះ​បុរស នោះតម្រង់​ទៅរក​កន្លែង​គេ កំពុងជិះគេស្រែកថា “អៀវៗ” ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​កន្លែង​ខាងនារី។

បន្ត​មក​ដល់​ខាងប្រុស​ម្ដង ដោយ​គេ​ឲ្យ​គ្នា​គេម្នាក់ ចូល​ទៅខ្សឹប បើប្រុសនោះចូលទៅខ្សឹបថា “ខ្ញុំ” ស្រឡាញ់នាងណាមួយ ឧបមាថា “ខ” ខ្សឹបហើយគេថយទៅវិញ បើនារី​ម្នាក់នោះឈ្មោះ “ខ” ចូល​ទៅ​មែន ស្តេច​ស្រែក​ថា “អៀវៗ” ហើយឲ្យបុរស​នោះ ជិះនារី​នោះ ស្រែកថា “អៀវៗ”​ ដូចគ្នា។

បានសេចក្តីថា បើខាង​ណា​ចូលទៅខ្សឹបថា ខ្លួន​ស្រឡាញ់​ឈ្មោះ “ក” ហើយ បែរជា ឈ្មោះ “ខ” ចូលមករកស្តេចវិញ នោះ​​ស្តេចមិន​ឲ្យ​អ្នក​ខ្សឹបជិះ ឬអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឲ្យម្ខាង​ចូល​ទៅ​ខ្សឹប​ជា​ថ្មីទៀត ។ ចេះតែផ្លាស់គ្នា​តាមរបៀបនេះរហូត​ដល់ពេល​ឈប់។ អ្នកដែលធ្វើជាស្តេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេចប្រកបដោយអគតិ ច​ង់ឲ្យអ្នកណាជិះអ្នកណា ក្រៅ​ពីឈ្មោះ ដែលគេខ្សឹបក៏បាន គឺថា បើម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ “ក” ហើយទោះ​បី​ឈ្មោះ “ខ” ចូលមក ស្តេច​ស្រែ​​​​​ក​ថា “អៀវៗ” ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិន​បាន​​ឮ​​អ្នក​​មុនខ្សឹបថា ស្រឡាញ់ឈ្មោះ ណាៗ ទេ។ តែបើមាន​របៀបលេង​លំអៀង​​បែប​នេះ អ្នក​លេង​ណា​ដែល​ចាប់​ថ្នាក់បាន តវ៉ាឡើង អាចសុំគេ​ឲ្យ​ប្តូរ អ្នកធ្វើស្តេចបាន ប្រសិន​បើ​អ្នក​ធ្វើ​ស្តេច​ប្រកប​ដោយ​សច្ចៈ និងយុត្តិធម៌ នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្ស​ឲ្យ​ប្រកប​ដោយសច្ចៈ និង​យុត្តិធម៌ មិនឲ្យ ប្រកបដោយអគតិ (សេចក្តីលំអៀង) ៤យ៉ាងគឺ៖

– ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់ – ទោសាគតិ លំអៀងព្រោះខឹង – ភយាគតិ លំអៀងព្រោះខ្ខាច – មោហាគតិ លំអៀងព្រោះភន្ត័ច្រឡំ

ម្យ៉ាងទៀត ជាការបង្ហាត់ឲ្យមនុស្សចេះ ជ្រើសរើសតាំង​គ្នាឲ្យធ្វើការជា​តំណាង ភ្នែក​ច្រមុះ​ខ្លួនផង គឺត្រូវចេះជ្រើសរើសរកអ្នកណា ដែលគេយល់​ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អ តាមគន្លងធម៌ពិតៗ៕

អត្ថបទ៖ ទារិកា

មតិយោបល់