• 2023-04-10 03:57:27
  • ព័ត៌មាន

បទ​ពិសោធ​ពិត​រដូវ​ចូល​ឆ្នាំ យុវជន​ម្នាក់ ចែករំលែក​រឿងហួសចិត្ត​ពេល​ទៅ​លេង "៣ ដក ១" នៅ​ចាក់អង្រែ

  • 2023-04-10 03:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ពេល​រដូវ​ចូល​ឆ្នាំ​ដូច្នេះ គ្រប់​គ្នា​តែង​មាន​អារម្មណ៍​ល្អ ទន្ទឹង​ថ្ងៃ​សម្រាក​មក​ដល់​បាន​ទៅ​ស្រុក​ជួប​ជុំ​ញាតិមិត្ត។ តែ​ជាមួយ​គ្នា​អ្នក​ខ្្លះ​ ក៏​អង្គុយ​នឹក​ឃើញ​រឿង​រ៉ាវ អនុស្សាវរីយ៍​ទាំង​ឡាយ​ក្នុង​រដូវ​នេះ​ទៅ​ហើយ ដូច​លោកស៊ី​ណា ជា​អ្នក​ខេត្ត​ពោធិ៍សាត់​បាន​នឹក​ឃើញ​រឿង​ហួស​ចិត្ត​របស់​លោក​ពេល​ទៅ​លេង​បោះឈូង និង​លេង​ល្បែង​ប្រជាប្រិយជាច្រើន​ទៀត​នៅ​តំបន់​ចាក់អង្រែ​។

ស៊ីណា បាន​ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​មក​កាន់​ទំព័រ "នឹកឡើងហួសចិត្ត" របស់ Sabay កាល​ពី​ឆ្នាំ​មុន ដែល​ខាង​ក្រោម​នេះ គឺ​ជា​ការ​រៀប​រាប់​របស់​លោក​ទាំង​ស្រុង៖

បក​ក្រោយ​ទៅ​អំឡុង​ឆ្នាំ ២០០០-២០០១ នៅ​វេលា​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ភ្នំពេញ​កន្លែង​លេង​សប្បាយ​ពេញ​និយម​នា​រដូវ​ចូល​ឆ្នាំ គឺ​មាន​តែ​នៅ​ចាក់​អង្រែ​ទេ ព្រោះ​តំបន់​នោះ​នៅ​ជិត​ក្រុង និង​មាន​នារី​ធ្វើ​ការ​រោងចក្រ​ច្រើន។ តែ​ឥឡូវ​មិន​ដឹង​មាន​គេ​លេង​ទៀត​ឬ​អត់​ហ្ន៎!

ល្បែង ៣ ដក ១ កាល​លេង​នៅ​បុណ្យភូមិ ២០១៨

ជា​រឿយ​ៗ ខ្ញុំ​លឺ​ដំណឹង​តាម​មិត្តភ័ក្ដិ​ថា នៅ​ចាក់​អង្រែ​រៀងរាល់​យប់​មុន​ចូល​ឆ្នាំ​ខ្មែរ​ប្រមាណ ១ខែ គឺ​មាន​គេ​លេង​បោះ​ឈូង លេង​៣ដក១ និង​ល្បែង​ផ្សេង​ៗ​ទៀត​សប្បាយ​ណាស់។ ដំណឹង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​កូរ​ពោះ​ដែរ ព្រោះ​ខាន​លេង​ច្រើន​ឆ្នាំ​ហើយ តាំង​ពី​មាន​រឿង​លេង​ឈូង​កៀប​ដៃ​កូន​ក្រមុំ​គេ​ឡើង​សន្លប់​នៅ​ឯ​ស្រុក​កំណើត​មក។ បែប​នេះ ខ្ញុំ​ក៏​សម្រេច​បបួល​មិត្តភ័ក្ដិ​ទៅ​លេង​នៅ​ចាក់​អង្រែ​ដែរ។ យប់​ទី​១ មិន​អី យប់​ទី​២នៅ​តែ​រលូន គឺ​លេង​សប្បាយ​ណាស់...លុះ​ដល់​យប់​ចុង​ក្រោយ ក៏​មាន​រឿង​តែ​ម្ដង តែ​មិន​មែន​រឿង​វាយ​តប់​គ្នា​ជាមួយ​នរណា​ទេ គឺ​រឿង​ជា​មួយ​ឆ្កែ។

បើ​ខ្ញុំ​ចាំ​មិន​ខុស យប់​នោះ គឺ​ខ្ញុំ​លេង​ល្បែង ៣ដក១(ឥឡូវ​ចង់​ភ្លេច​លេង​បាត់​ហើយ...បើ​បង​ប្អូន​ណា​នៅ​ចាំ​ជួយ​ប្រាប់​ផងគេលែងយ៉ាងម៉េច) ដោយ​មាន​រត់​ដេញ​គ្នា​ផង។ ខ្ញុំ​ត្រូវ​គេ​ដេញ...អីចឹង​ហើយ​ក៏​ប្រឹង​រត់​គេច​ជា​រង្វង់​ចុះ​ឡើង...ផ្សំ​នឹង​រាត្រី​កាល​រៀង​ងងឹត​មិន​សូវ​ច្បាស់​ផង ផ្សំ​នឹង​មិន​បាន​មើល​ផង ស្រាប់​តែ​ខ្ញុំ​រត់​ទៅ​ជាន់​ឆ្កែ ដែល​វា​ដេក​មើល​មនុស្ស​លេង មិន​ដឹង​តាំង​ពី​ពេល​ណា ផ្លាប់​មួយ​ជើង។

ភ្លាម ទំនង​វា​ភ្ញាក់​ផង ហា​មាត់​ត្របាក់​ជើង​ខ្ញុំ​គ្រឹប...ត្បិត​ថា​មួយ​គ្រឹប​នោះ​ខ្លាំង​ដែរ តែ​ដោយ​សារ​បាន​ខោ​ខោវប៊យ​យោង ​ជើង​ខ្ញុំ​មិន​របួស​ធ្ងន់​ទេ គឹ​ត្រឹម​រលាត់​ស្បែក​បន្តិច​ប៉ុណ្ណោះ។ បែប​នេះ ការ​លេង​សប្បាយ​នៅ​តែ​បន្ត​ជា​ធម្មតា ដេញប៉ផាប់ចាប់ពភីង​ជាមួយ​គេ​ឯង​ទៀត​សប្បាយ​ដល់​ក។ លុះ​ត្រឡប់​មក​ផ្ទះ​គេង​មួយ​យប់ រហូត​ភ្លឺ​ឡើង ស្រាប់​តែ​កន្លែង​ដែល​ឆ្កែ​ខាំ​នោះ ហើម និង​ឡើង​ជាំ​ខ្មៅ មើល​ទៅ​គួរ​ឲ្យ​ខ្លាច...ខ្ញុំ​ក៏​ទៅ​ប្រាប់​អ៊ុំ(កាល​ណោះ​ស្នាក់​នៅ​ផ្ទះ​ជាមួយ​អ៊ុំ​ស្រី) អ៊ុំ​ខ្ញុំ​ក៏​ប្រាប់​ថា មិន​កើត​ទេ...ឆ្កែ​នេះ​អាច​មាន​ពិស(ចាស់​និយាយ​ដែរ​ថា ឆ្កែ​ខ្លះ​មាន​ពិស ឆ្កែ​ខ្លះ​អត់​ពិស​ទេ) អីចឹង​គាត់​ក៏​ប្រាប់​ឲ្យ​ទៅ​ចាក់​ថ្នាំ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ខាង​ត្បូង​កាល់​ម៉ែត្រ។

ខ្ញុំ​ក៏​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​អ៊ុំ...ថ្ងៃ​ដំបូង​អត់​បាន​ចូល​ក្នុង​ពេទ្យ​ព្រោះ​ទៅ​ដល់​ថ្ងៃ​ហើយ...សន្តិសុខ​ប្រាប់​ថា ស្អែក​ចាំ​មក ហើយ​ត្រូវ​មក​ពី​ព្រលឹម​ម៉ោង ៥ជិត​ភ្លឺ​ក៏​បាន ដើម្បី​បាន​លេខ​មុន​គេ។ ថ្ងៃ​ទី២ ខ្ញុំ​ក៏​ក្រោក​តាំង​ម៉ោង ៥ជិត​ភ្លឺ ធ្វើ​ដំណើរ​ពី​ម្ដុំ​ផ្សារ​កាប់​គោ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដើម្បី​ចាប់​លេខ។ ម៉ោង​ប្រមាណ​ជា ៨ ទើប​ដល់​លេខ​ខ្ញុំ​ត្រូវ​ចូល។

ពេល​ចូល​ទៅ​ដល់​ក្នុង ខ្ញុំ​ភ្ញាក់​ក្រញាង...លោក​ព្រះ​អ្ហើយ ស្មាន​មាន​តែ​ខ្ញុំ​ឆ្កែ​ខាំ គឺ​មនុស្ស​រាប់​រយ​នាក់​ឯណោះ ដែល​ត្រូវ​អា​សុនខ​ខាំ គ្រាន់​តែ​ហេតុផល​ផ្សេង​គ្នា...ដល់​អីចឹង នឹក​អស់​សំណើច​ដែរ។ ពេល​បាន​ជួប​ពេទ្យ ពេទ្យ​ប្រាប់​ថា របួស​ឆ្កែ​ខាំ​ខ្ញុំ​នេះ ត្រូវ​ចាក់​ថ្នាំ​រយៈ​ពេល​២​សប្ដាហ៍(កាល​ណោះ​មិន​ដឹង​ចាក់​រាល់​ថ្ងៃ ឬ​ចាក់​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​ទេ ភ្លេច​ទៅ...ដូច​ចាក់​មួយ​ថ្ងៃ រំលង​មួយ​ថ្ងៃ)។

អីចឹង​ខ្ញុំ​ពិត​ជា​គ្មាន​ជម្រើស​ឡើយ...គឺ​ត្រូវ​មក​ចាក់​រាល់​ពេល មិន​ឲ្យ​ខកខាន​ដាច់​ខាត ព្រោះ​បើ​ខាន​តែ​១​ពេល ថ្នាំ​នឹង​អស់​ប្រសិទ្ធភាព។ ការ​ចាក់​ថ្នាំ​ឆ្កែ​ខាំ​បន្ត​មក​ដល់​វេលា​ចូល​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​គ្រប់​ដូស​ទៀត អីចឹង​ធ្វើ​ម៉េច​ទៅ​ព្រោះ​ត្រូវ​ទៅ​ស្រុក...កាល​ណោះ ឲ្យ​មាន​ឱកាស​ទៅ​ផ្ទះ​នៅ​ស្រុក អរ​ចង់​ងាប់ អីចឹង​ពិត​ជា​មិន​ចង់​ខកខាន​ទេ។ ដូច្នេះ ខ្ញុំ​ក៏​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ។

"លោក​គ្រូ ខ្ញុំ​ចាក់​ថ្នាំ​អត់​ទាន់​គ្រប់​ផង ឥឡូវ​ដល់​ចូល​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ត្រូវ​ទៅ​ស្រុក​ទៀត តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?”។ គ្រូ​ពេទ្យ​ឆ្លើយ "ដូច​ប្រាប់​អីចឹង​ថ្នាំ​នេះ មិន​អាច​ខាន​បាន​ទេ...តែ​បើ​ប្អូន​ចង់​ទៅ​ស្រុក​ខាន​មិន​បាន​ទេ ទិញ​ថ្នាំ​យក​ទៅ​ឲ្យ​ពេទ្យ​នៅ​ស្រុក​ហ្នុង​ចាក់​ឲ្យ​ទៅ!"។ "បាទ...បាទ...លោក​គ្រូ...ខ្ញុំ​ទិញ​ៗ" ខ្ញុំ​ឆ្លើយ​យ៉ាង​លឿន ព្រោះ​ជម្រើស​នេះ​ល្អ។

ប៉ុន្តែ​តាម​គ្រូ​ពេទ្យ វិទ្យាស្ថាន​ប៉ាស្ទ័រ អត់​មាន​ថ្នាំ​សម្រាប់​លក់​ដូរ​ទេ គឺ​គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​ទិញ​នៅ​វិទ្យាស្ថាន​ពេទ្យ​មួយ​នៅ​ទួលគោក ខ្ញុំ​ភ្លេច​ឈ្មោះ​ទៅ។ ពេល​ទៅ​ដល់ ក៏​បាន​ទៅ​ចូល​ជួប​ពេទ្យ​នៅ​ទី​នោះ និង​រៀបរាប់​តាម​ដំណើរ​រឿង គ្រូ​ពេទ្យ​ក៏​ឆ្លើយ​ថា មាន​ថ្នាំ​ឆ្កែ​ខាំ​នេះ​សម្រាប់​លក់​មែន។

តម្លៃ​ថ្នាំ​កាល​ណោះ គឺ​មួយ​អំពូល ១៥០០០​រៀល...តម្លៃ​មិន​ថ្លៃ ខ្ញុំ​អរ​ណាស់ ក៏​សម្រេច​ទិញ​ចំនួន ៤​អំពូល​យក​ទៅ​ចាក់​នៅ​ស្រុក។ ប៉ុន្តែ​មុន​លក់​អោយ លោក​គ្រូ​ពេទ្យ​ផ្ដាំ​ថា ថ្នាំ​ត្រូវ​នៅ​ក្នុង​ទឹកកក​រហូត មិន​អាច​ដាច់​ទេ បើ​ដាច់​ទឹកកក​ក៏​អត់​ប្រសិទ្ធភាព​ដែរ។ និយាយ​ទៅ​លក្ខខណ្ឌ​អី ក៏​ខ្ញុំ​យល់​ព្រម​ដែរ អោយ​តែ​បាន​ទៅ​ស្រុក។ ដូច្នេះ​ក្រោយ​ពី​ព្រមព្រៀង​លោក​គ្រូ​ពេទ្យ​បាន​រៀប​ចំ​ថ្នាំ ដាក់​ក្នុង​ថង់​ទឹក​កក​អោយ​ស្រេច​ប្រគល់​មក​ខ្ញុំ។ ខ្ញុំ​ខំ​រក្សា​វា​ក្នុង​ទឹកកក​រហូត​អត់​ដាច់​មែន គឺ​បាន​ប្ដូរ​មក​ដាក់​ក្នុង​ធុង​វិញ​ដែល​អាច​រក្សា​កុំ​ឲ្យ​ទឹក​កក​ឆាប់​រលាយ។ តាំង​ពី​នៅ​ភ្នំពេញ ​រហូត​ដល់​ស្រុក​កំណើត ខ្ញុំ​ឱប​ធុង​ទឹកកក​រហូត​ខ្លាច​កំពប់។ ប៉ុន្តែ​ការ​ខិត​ខំ​តាំង​ពី​ភ្នំពេញ រហូត​ដល់​ស្រុក​ប្រែ​ជា​គ្មាន​ន័យ ព្រោះ​ពេល​ទៅ​ដល់​ស្រុក រវល់​តែ​ដើរ​លេង ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក ភ្លេច​ចាក់​ថ្នាំ​នោះ​ឲ្យ​ឈឹង។

ខ្ញុំ​ភ័យ​ណាស់...មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ រហូត​ដល់​ត្រឡប់​មក​ភ្នំពេញ​វិញ ខ្ញុំ​បាន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ប្រាប់​ពី​រឿង​ដែល​ខ្ញុំ​ភ្លេច​ចាក់​ថ្នាំ។ ស្រាប់​តែ​គ្រូ​ពេទ្យ​ឆ្លើយ៖ "មាន​អី...បើ​ខាន​ចាក់...ចាប់​ផ្ដើម​ចាក់​បន្ត​វិញ​ទៅ ទាល់​តែ​គ្រប់​ថ្ងៃ!”។ ព្រះ...! បើ​អីចឹង ម៉េច​មិន​ប្រាប់​តាំង​ពី​ដំបូង...ឲ្យ​ខ្ញុំ​ឆ្លេ​ឆ្លា​រត់​រក​ទិញ​ថ្នាំ អស់​ទាំង​លុយ អស់​ទាំង​កម្លាំង​ខំ​ឱប​ធុង​ទឹកកក​តាំង​ពី​ភ្នំពេញ​ដល់​ពោធិ៍សាត់ ហើយ​មក​និយាយ​ហី...អីចឹង​ទៅ។ ខ្ញុំ​មិន​បាន​ខឹង​គ្រូ​ពេទ្យ គ្រាន់​តែ​ហួស​ចិត្ត​ប៉ុណ្ណោះ!

អត្ថបទ៖ ទារិកា

មតិយោបល់