- 2023-04-27 03:35:00
- ព័ត៌មាន
ពិធីរៀបចំ ការយាងសោយព្រះទិវង្គតនៃ ព្រះបាទនរោត្តម ព្រះសុវណ្ណកោដ្ឋ នាឆ្នាំ១៩០៤
- 2023-04-27 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីរៀបចំ ការយាងសោយព្រះទិវង្គតនៃ ព្រះបាទនរោត្តម ព្រះសុវណ្ណកោដ្ឋ នាឆ្នាំ១៩០៤
ចន្លោះមិនឃើញ
នៅពេលដែលព្រះករុណាជាអម្ចាស់ស្តេច រៀបនឹងសុវណ្ណគត ពួកមន្ត្រីរាជការតូចធំ អ្នកតំណាងរាជការបារាំងសេស ព្រមដោយព្រះស្នំ បាទបរិចារិកាទាំងអស់ សឹងតែមកដេកនៅចាំហ្លួងរាល់ថ្ងៃពុំដែលដាច់។ ហើយមានចាត់ចែងអោយពួកជាងទងយកមាសសុទ្ធចំនួន៩ជី យកទៅផែរអោយស្តើងរួចយកមកជៀរសំរាប់ទុកធ្វើជាសុពណ៌បាទ ដោយអោយពួករាជបណ្ឌិត សង្ឃការី ព្រមដោយព្រះរាជាគណៈចារបាលីធម៌ឈ្មោះ សុពណ៌បាទ សំរាប់ដាក់នៅទ្វារទាំង៩។ លុះដល់ហ្លួងជាម្ចាស់មានព្រះកម្លាំងកាន់តែខ្សោយទៅ ត្រូវយកសំពត់ទេសឯក ពាសពីលើដំបូលជុំវិញដំណាក់ទាំងអស់ រួចយកព្រះបត់ អោយជាងគំនូរគូររឿងទាក់ទងនឹងស្ថានសួគ៌ទាំងអស់ រួចយកទៅបិទបាំងដំបូលដំណាក់ពីលើអោយជុំជិត ដើម្បីអោយហ្លួងក្រឡេកមើលឃើញចាប់ជាប់អារម្មណ៍នៅទីនោះ។ លុះហ្លួងទ្រង់យាងចូលសុវណ្ណគតប្រាកដហើយ ព្រះរាជបណ្ឌិតថ្វាយព្រះស៊ងមាស ថ្វាយព្រះធម៌ ថ្វាយព្រះសុវណ្ណប័ត្រជាមួយនឹងសម្តេចព្រះសង្ឃរាជបពិត្រ រួចអុចទៀនកាល។
រួចហើយយាងព្រះបរមសពហ្លួងអោយផ្ទុំផ្ងារ រួចយកសន្លឹកមាសដែលបានចារបាលី ដាក់នៅ មាត់ ច្រមុះ ថ្ងាស ត្រចៀក និង ដើមទ្រូងមួយអន្លើរ ក្រុមមាលាភូសាថ្វាយព្រះភូសាភួយប៉ាក់គ្របលើព្រះបរមសព ហើយថ្វាយទឹកស្រង់ជម្រះព្រះបរមសពអោយស្អាតល្អ និមន្តព្រះសង្ឃ១០០អង្គស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូល ៨អង្គសូត្រព្រះពុទ្ធគុណ។ ដល់ពេលរៀបនឹងរុំព្រះសពហ្លួងអោយចូលក្នុងព្រះស្ថានត្រូវរំលត់ទៀនកាល ព្រះបរមវង្សានុវង្សថ្វាយទឹកគន្ធាពិដោរ ព្រមទាំងថ្វាយទឹកស្រង់ជម្រះព្រះបរមសពយាងព្រះបរមសពតម្កល់លើព្រះទែន។ ក្រុមព្រះមាលាភូសា ថ្វាយព្រះបារត២តម្លឹង។ ទ្រង់គ្រឿងព្រះបរមសពដំបូង ថ្វាយស្នាប់ព្រះឱរូវ និងព្រះពស្ត្រព្រះភូសា រួចថ្វាយព្រះភូសាតាត ថ្វាយស្នាប់ព្រះឱរូវមាស ថ្វាយព្រះពស្ត្រសារបាប់ ថ្វាយព្រះមហាសង្វារមាស ថ្វាយព្រះពាហុរ័ត្ន ថ្វាយក្រងព្រះហស្ថ ថ្វាយក្រងព្រះបាទ ថ្វាយកានថាប់ជាយក្រែង ថ្វាយព្រះធិប ថ្វាយខ្សែក្រវាត់ ថ្វាយព្រះទម្រង់គ្រប់ម្រាម ថ្វាយព្រះភ័ក្ត្រមាសសុទ្ធ ថ្វាយព្រះភូសាផាយ ខ្សែក្រវាត់ ថ្វាយព្រះមហាសង្វារពេជ្រ ថ្វាយស្រោមព្រះហស្ថ ថ្វាយស្រោមព្រះបាទ ថ្វាយព្រះសុពណ៌មាស ថ្វាយស៊ងមាស ដាក់ស្លាត្រួយមានទៀនបិតមាស១គូរ។ឯដំណើរតុបតែងព្រះបរមសពហ្លួងនោះ គឺដូចកាលដែលហ្លួងមានព្រះជន្មពេលយាងទទួលតំណាងបារាំងសេស។
រួចយាងព្រះបរមសពគង់លើក្តារបែន ទ្រង់ប្រណមមានចំពាមដែកទ្រព្រះហនុកា យកព្រះភូសាទេស១ ប្រវែង១០ហស្ថបត់ជាពីរ មកខ្វែងគ្នា អញ្ជើញព្រះបរមសពគង់លើព្រះភូសាដែលខ្វែងរួចហើយអញ្ជើញព្រះចូលព្រះកោដ្ឋក្នុង រូចថ្វាយព្រះមហាម្កុដមាស ព្រះករុណាក្សត្រថ្មី ទ្រង់យាងកាច់កំពូលម្កុដ ល្មមគ្របព្រះកោដ្ឋក្នុង ហើយយាងចូលព្រះកោដ្ឋមាស។ ឯព្រះកោដ្ឋមាស នោះត្រូវធ្វើប្រហោងអោយទឹកចេញចូលបាន សម្រាប់បង្ហូរព្រះបុព្វោ(ទឹករងៃ) ដែលមានចានបុរកែវយ៉ាងធំត្រងពីក្រោមព្រះកោដ្ឋ។ឯព្រះសពត្រូវមាន ក្រុមស្នំព្រះតម្រួត ក្រុមរក្សាព្រះអង្គ ចាំរក្សាព្រះបរមសពជាមួយ ព្រះរាជវង្សានុវង្ស ខ្ញុំរាជការទាំងយប់ទាំងថ្ងៃជាប្រកតី។ហើយត្រូវមានស្រ្តីប្រចាំការយំយាមគ្រប់ពេលថ្ងៃនិងយប់(ថ្ងៃយំយាម៣ដង យប់យំយាម៣ដង) ឯព្រះសង្ឃក៏ផ្លាស់គ្នាទេសនា សូត្រធម៌ទាំងថ្ងៃទាំងយប់ពុំដែលដាច់។តាមទំនៀមត្រូវថ្វាយមាសមួយឆ្ឌោរបង់ដាក់ក្នុងព្រះឧស្ឋ។បន្ទាប់មកយាងព្រះកោដ្ឋទៅតម្កល់លើព្រះទែនក្រោមស្វេត្រឆ័ត្រក្នុងព្រះទីន័ងមហាមន្ទីរ ធ្វើបុណ្យតាមទំនៀមព្រះនគរ ៕
ប្រភព៖ បុរាណាចារ្យ