• 2023-05-19 01:01:00
  • ព័ត៌មាន

ចិន នឹងផ្ទេរបច្ចេកវិទ្យាផ្លូវដែកល្បឿនលឿនទៅកាន់ប្រទេសថៃ

  • 2023-05-19 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិនបានយល់ព្រមផ្ទេរចំណេះដឹងបច្ចេកវិទ្យាមួយចំនួនទៅប្រទេសថៃ ដើម្បីឲ្យប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ អាចអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនផ្ទាល់ខ្លួន នេះបើយោងតាមវិស្វករចិនដែលចូលរួមក្នុងកិច្ចចរចាពិភាក្សាកាលពីថ្មីៗកកន្លងទៅនេះ។

នៅពេលដែលកិច្ចសហប្រតិបត្តិការលើគម្រោងផ្លូវដែកល្បឿនលឿនចិន-ថៃកាន់តែស៊ីជម្រៅ ប្រទេសថៃកាន់តែមានបំណងមុតមាំក្នុងការរចនា និងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដោយខ្លួនឯង។ នេះបើយោងតាមក្រុមវិស្វករដែលដឹកនាំដោយ Gao Rui បានសរសេរនៅក្នុងទិនានុប្បវត្តិ Railway Standard Design របស់ចិនកាលពីខែមុន ហើយពួកគេសង្ឃឹមថា នឹងដើរតួនាទីកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោក Gao វិស្វករជាន់ខ្ពស់នៃក្រុមហ៊ុនរដ្ឋ China Railway International Group និងជាសមាជិកនៃក្រុមអ្នកគ្រប់គ្រងវិស្វកម្ម និងក្រុមចរចាចែករំលែកបច្ចេកទេសទៅបរទេស បាននិយាយថា៖ «ដើម្បីឆ្លើយតបទៅនឹងសំណើម្តងហើយម្តងទៀតរបស់ប្រទេសថៃ សម្រាប់ការផ្ទេរបច្ចេកវិទ្យា និងការបង្រៀនលើបច្ចេកវិទ្យារថភ្លើងល្បឿនលឿនរបស់ចិននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួម ប្រទេសចិនបានយល់ព្រមបញ្ជូនបច្ចេកវិទ្យានេះទៅឱ្យប្រទេសថៃក្រោមការសន្មត់ថា មិនបំពានច្បាប់របស់ប្រទេសចិន»។

នៅក្រោមច្បាប់របស់ចិន ក្រុមហ៊ុន និងបុគ្គលត្រូវតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលដើម្បីនាំចេញបច្ចេកវិទ្យាណាមួយដែលចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស។

ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតរបស់ពិភពលោកដែលត្រូវបានសាងសង់ក្នុងរយៈពេលត្រឹមតែ 15 ឆ្នាំប៉ុណ្ណោះ។ បណ្តាញនេះលាតសន្ធឹងជាង 40,000 គីឡូម៉ែត្រ ដែលសឹងតែស្មើនឹងប្រវែងមួយរង្វង់មូលផែនដី។ បទពិសោធន៍ផ្នែកវិស្វកម្ម ចំណេះដឹង និងបច្ចេកវិទ្យារបស់ចិនអាចមានប្រយោជន៍សម្រាប់បណ្ដាប្រទេសដទៃទៀតដែលចង់កសាងហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នាយ៉ាងឆាប់រហ័ស និងក្នុងតម្លៃទាប។ យោងតាមក្រុមរបស់ Gao ប្រទេសចិន អាចផ្តល់ឱ្យប្រទេសថៃនូវព័ត៌មានអំពីសម្ភារៈប្រើប្រាស់ក្នុងការសាងសង់ផ្លូវដែក និងការអនុវត្តល្អបំផុតសម្រាប់ការដាក់ផ្លូវដែកក្នុងដីផ្សេងៗគ្នា។

គម្រោងផ្លូវដែកចិន-ថៃ នឹងពង្រីកប្រវែង ៨៧៣គីឡូម៉ែត្រ ពីទីក្រុងគុនមីង ភាគនិរតីនៃប្រទេសចិន ទៅកាន់ទីក្រុងបាងកក ក្នុងប្រទេសថៃ មានរថភ្លើងដំណើរការក្នុងល្បឿនរហូតដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្សែរថភ្លើងនេះគឺជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង ព្រោះវានឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុង "ច្រករបៀងភាគខាងត្បូង" ដែលតភ្ជាប់ប្រទេសចិនជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ វានឹងឆ្លងកាត់ទីក្រុងថៃ រួមទាំងឈៀងម៉ៃ និងនគររាជសីម៉ា ហើយនឹងតភ្ជាប់ជាមួយបណ្តាញដឹកជញ្ជូនផ្សេងទៀតនៅក្នុងតំបន់ដូចជាផ្លូវដែកឡាវ-ចិន និងផ្លូវរថភ្លើងល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ ទារិកា

មតិយោបល់