- 2023-08-18 07:22:53
- ព័ត៌មាន
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ
- 2023-08-18 07:22:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖ កម្ពុជាស្កេនឡាវ QR Code ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាពជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារ អេស៊ីលីដា ជាសមាជិក និងត្រូវបានចាត់តាំងដោយធនាគារជាតិ នៃ កម្ពុជា (NBC) ជាធនាគារទំនាក់ទំនង ធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹងការពង្រីកការទូទាត់តាមរយៈ ការស្កេន QR ឆ្លងដែននៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបានដំណើរការទូទាត់ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប)។
លោកបណ្ឌិត បានបន្ថែមថា ការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជន អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេន QR Code បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។ ជាងនេះទៅទៀត សម្រាប់ជំហានបន្ទាប់ អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀលពីគណនីធនាគារតាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវ ហើយប្រជាជនឡាវក៏អាចធ្វើប្រតិបត្តិការស្កេន KHQR នៅកម្ពុជា បានយ៉ាងងាយស្រួល នាពេលខាងមុខនេះផងដែរ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៣៣ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៤០ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៨៦លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៩៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ០,២៧ លានដៃគូ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក ផល សុខចំរើន មុខងារៈ នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣ អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh គេហទំព័រៈ www.acledabank.com.kh