• 2024-03-30 00:31:46
  • ព័ត៌មាន

ទី​ក្រុង​មួយ​នៅ​កាណាដា​កំពុង​ពិចារណា​យក​ពន្ធ​លើ​ទឹក​ភ្លៀង

  • 2024-03-30 00:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ទី​ក្រុង​ Toronto ​នៅ​ប្រទេស​កាណាដា​កំពុង​ពិចារណា​យក​ពន្ធ​លើ​ទឹក​ភ្លៀង​ពី​ប្រជាជន​ខ្លួន។

កាល​ពី​ខែ​មីនា​កន្លង​ទៅ រដ្ឋ​បាល​ទី​ក្រុង​ Toronto ក្រោម​ការ​ដឹកនាំ​របស់​អភិបាល​ក្រុង លោក​ស្រី Olivia Chow កំពុង​សិក្សា​ពី​លទ្ធភាព​ដើម្បី​ពិចារណា​ប្រមូល​ថ្លៃ​លើ​បរិមាណ​ទឹក​ភ្លៀង​ និង​ទឹក​កក​រលាយ​ដែល​ហូរ​ចេញ​ពី​ដំបូល​ផ្ទះ​របស់​ប្រជាជន​នៅ​ទី​ក្រុង​របស់​ខ្លួន។ គម្រោង​មួយ​នេះ​មាន​ឈ្មោះ​ថា Stormwater Charge។ មជ្ឈដ្ឋាន​ទូទៅ​មួយ​ចំនួន​នៅ​ប្រទេស​កាណាដា បាន​ហៅ​គម្រោង​នេះ​ថាពន្ធ​លើ​ទឹក​ភ្លៀង។

លោកស្រី Olivia Chow អភិបាលក្រុង Toronto

យោង​តាម​ការ​បកស្រាយ​របស់​រដ្ឋបាល​ទីក្រុង Toronto គម្រោង​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​ការ​ប្រមែប្រមូល​ធនធាន​បន្ថែម​សម្រាប់​រដ្ឋបាល​ក្រុង ដើម្បី​កសាង​ហេត្ថា​រចនាសម្ព័ន្ធ​បន្ថែម​ដូចជា​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​បង្ហូរ​ទឹក​ដើម្បី​ទប់ទល់​ទៅ​នឹង​ទំហំ​ទឹក​ភ្លៀង និង​ទឹកកក​រលាយ​នៅ​ទី​ក្រុង​មួយ​នេះ​ដែល​បង្ក​ជំនន់​ទឹក​លិច ក៏​ដូច​ជា​ការ​ស្ទះ​ប្រព័ន្ធ​ទឹក​ផ្សេងៗ។ បើ​តាម​ប្រភព​ដដែល គម្រោង​ផ្ដោត​គោល​ដៅ​សំខាន់​ក្នុង​ការ​​ទៅ​លើ​រោងចក្រ​ និង​ផ្ទះ​ធំៗ​ដែល​មាន​ដំបូង​វែង​ និង​ធំ ដែល​ដែល​បង្ក​ឲ្យ​មាន​ការ​ហូរ​ទឹក​ភ្លៀង និង​ទឹក​កក​រលាយ​ក្នុង​បរិមាណ​ខ្ពស់។ ផ្ទះ​ដែល​មាន​ដំបូល​តូច​ គឺ​មាន​ការ​យក​ថ្លៃ​តិច​តួច​បំផុត។

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​លើក​ឡើង​ច្បាស់​លាស់​ថា គម្រោង​នឹង​ទារ​ថ្លៃ​ពន្ធ​ប៉ុន្មាន​នោះ​ទេ។

ក្រោយ​មាន​ការ​ដាក់​ចេញ​គម្រោង​នេះ មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​អ្នក​នយោបាយ​នៅ​កាណាដា ក៏​ដូចជា​ប្រជាជន​ទីក្រុង Toronto ផ្ទាល់ ដោយ​បាន​ចោទ​ថា រដ្ឋបាល​ក្រុង​កំពុង​រិះរក​វិធី​កំណត់​ពន្ធ​ថ្មី​លើ​ប្រជាជន ដោយ​ទី​ក្រុង​នេះ​មាន​អត្រា​ពន្ធ​ខ្ពស់​រួច​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​ណា គម្រោង​ពន្ធ​លើ​ទឹក​ភ្លៀង​នេះ មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ ដោយ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ពិភាក្សា​គ្នា។ ការ​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង គម្រោង​នេះ​អាច​មិន​ទៅ​មុខ​ឡើយ ដោយ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​អ្នក​នយោបាយ​បក្ស​ជំទាស់ ព្រម​ទាំង​ម្ចាស់​រោងចក្រ និង​ផ្ទះ​ធំៗ។ នេះ​មិន​មែន​លើក​ទី ១ ឡើយ​ដែល​រដ្ឋបាល​ក្រុង​បាន​ស្នើ​គម្រោង​ពន្ធ​មួយ​នេះ។ កាល​ពី​ ២០១៧ មាន​ការ​លើក​ឡើង​សំណើ​ពី​រដ្ឋបាល​ម្ដង​រួច​ហើយ​ទាក់​ទង​នឹង​ពន្ធ​មួយ​នេះ តែ​ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង​នា​ពេល​នោះ៕

ប្រភព៖ National Post អត្ថបទ៖ សេរី មង្គល

មតិយោបល់