- 2024-05-06 09:38:32
- ព័ត៌មាន
បុណ្យភ្នំ បានផ្ដល់តម្លៃជាប្រវត្ដិសាស្ដ្រថ្មីមួយទៀតសម្រាប់កម្ពុជា
- 2024-05-06 09:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភ្នំ បានផ្ដល់តម្លៃជាប្រវត្ដិសាស្ដ្រថ្មីមួយទៀតសម្រាប់កម្ពុជា
ចន្លោះមិនឃើញ
vKirirom Pine Resort បានផ្ដល់ទីតាំង និងសម្រួលលើដំណើរការរៀបចំពិធីបុណ្យភ្នំជាលើកដំបូងនៅកម្ពុជា។ ពិធីបុណ្យដែលទើបបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញសកម្មភាព និងសារជាច្រើនដល់មហាជនឲ្យចេះស្រឡាញ់ ការពារធនធានធម្មជាតិ និងសម្អាតបរិស្ថាន ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យទេសចរធម្មជាតិនៅកម្ពុជា។
ឯកឧត្ដម ហេង វុទ្ធី ស្ថាបនិកជាន់ខ្ពស់ នៃvKirirom Pine Resort បានចាត់ទុកពិធីបុណ្យភ្នំ គឺជាពិធីបុណ្យដ៏សំខាន់ និងមានអត្ថន័យជាប្រវត្ដិសាស្ដ្រថ្មីមួយទៀតសម្រាប់កម្ពុជាដែលយើងអាចធ្វើបាន ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរខេត្ដកំពង់ស្ពឺ និងដៃគូពាក់ព័ន្ធ។
ដៃម្ខាងកាន់បដាពាក្យស្លោក "យើងរួមកម្លាំងគ្នា ការពារ បរិស្ថានកម្ពុជា" ហើយដៃម្ខាងទៀតកាន់ដង្កៀបចាប់សំរាម ដោយមានអ្នកកាន់ថង់ខ្មៅធំយួរតាមក្រោយសម្រាប់ចាំទទួលសំរាម ឯកឧត្ដម ហេង វុទ្ធី បានបង្ហាញទីតាំងដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងគ្រួសារធ្លាប់មកជិះខ្សែរ៉ត និងសកម្មភាពកម្សាន្ដមួយចំនួនទៀតនៅក្នុងរណីយដ្ឋាន វីគិរីរម្យ។
បើតាមឯកឧត្ដម ហេង វុទ្ធី សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញមកកាន់ឧទ្យានជាតិគិរីរម្យជាថ្មីនាចុងខែឧសភា ឆ្នាំ២០២៤ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន។ ទន្ទឹមគ្នានេះប្រជាសហគមន៍ បុគ្គលិកវិស័យឯកជន ព្រមទាំងភ្ញៀវទេសចរផ្ទាល់ ក៏អាចយល់កាន់តែច្បាស់ពីសម្បត្ដិធនធានធម្មជាតិ ហើយអាចនឹងមានស្មារតីទទួលខុសត្រូវកាន់តែខ្ពស់ចំពោះសំរាមរបស់ខ្លួន តាមរយៈសារជាច្រើន និងបញ្ចេញព្រមៗគ្នាក្នុងឱកាសបុណ្យភ្នំនេះ។
ចំណែករដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថានី ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យភ្នំដែលធ្វើឡើងនៅរណីយដ្ឋានវីគិរីរម្យ ផាញរីស៊ត ស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសុមៈគិរីរម្យ កាលពីថ្ងៃទី៤ និងទី៥ ខែឧសភា បានបង្ហាញចំណាប់អារម្មណ៍ថា ភ្នំបានផ្ដល់សារប្រយោជន៍ច្រើនដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ លោកជំទាវថា សម្ដេចនាយករដ្ឋមន្ដ្រីធ្លាប់ណែនាំថា ក្រៅពីបុណ្យទន្លេ ឬបុណ្យសមុទ្រ យើងគួរមានបុណ្យភ្នំមួយទៀត។ ដូច្នេះក្រសួង និងដៃគូពាក់ព័ន្ធដែលជាសេនាធិការរបស់រដ្ឋាភិបាល ក៏សម្រេចរៀបចំពិធីបុណ្យនេះឡើង ក្នុងគោលបំណងធំបង្ហាញពីសក្ដានុពលទេសចរ សម្បត្ដិធម្មជាតិ ហើយក៏ចង់ឲ្យគ្រប់គ្នាឈ្វេងយល់កាន់តែច្បាស់អំពីភ្នំ។
បើតាមរដ្ឋលេខាធិការរូបនេះ តំបន់ការពារធម្មជាតិដែលជាតំបន់កំពុងមានសក្ដានុពលទេសចរនាពេលបច្ចុប្បន្ន និងទៅថ្ងៃអគត គឺមានរហូតទៅដល់ ៧លានហិកតា ឬស្មើប្រមាណ ៤០% នៃផ្ទៃដីព្រៃកម្ពុជាទាំងមូល។ តំបន់ការពារធម្មជាតិ ឬតំបន់អេកូទេសចរ គឺជាគម្របព្រៃឈើ ជង្រុក នៃជីវៈចម្រុះ ព្រមទាំងជាកន្លែងទាក់ទាញប្រភពទឹកសម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិទៀតផង។
បើនិយាយពីវិស័យទេសចរវិញក៏សំខាន់ណាស់ដែរ ក្នុងការបង្កើតពិធីបុណ្យភ្នំនេះឡើង។ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្ដម គុជ បញ្ញាសា ឲ្យដឹងថា នៅអំឡុងពេលកូវីដ-១៩ និងក្រោយវិបត្ដិដ៏ធំនេះភ្លាមៗ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចាប់ផ្ដើមងាកទៅរកការកម្សាន្ដបែបធម្មជាតិ ឬកន្លែងស្ងប់ស្ងាត់។ បើទោះបីតួលេខឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរទៅកាន់តំបន់ការពារធម្មជាតិថយចុះបន្ដិច ប៉ុន្ដែឯកឧត្ដមសង្កេតឃើញទំនោរដើរលេងបែបនេះ ហាក់កើនឡើងវិញនៅប៉ុន្មានខែដើមឆ្នាំ២០២៤ ខណៈតួលេខឆ្នាំ២០២១ និង២២ បានហក់ឡើងខ្លាំង។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលSabay ទទួលបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុប ៤៤៣,០៥២នាក់ បានចេញទៅកម្សាន្ដតាមគោលដៅទេសចរណ៍ធម្មជាតិ ឬអេកូទេសចរក្នុងឆ្នាំ២០២១។ រីឯឆ្នាំ២០២២ បានបន្ដកើនដល់ ៦៧៤,៣០២នាក់ ប៉ុន្ដែរយៈពេល១ឆ្នាំពេញក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះបន្ដិចវិញ គឺមានចំនួន ៥៧៧,០៤៥នាក់៕