- 2024-08-07 11:01:11
- ព័ត៌មាន
ចេកចៀនជាចំណីដ៏ពេញនិយមមួយនៅស្រុកខ្មែរ និងតំបន់អាស៊ីអាគ្នេយ៍
- 2024-08-07 11:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេកចៀនជាចំណីដ៏ពេញនិយមមួយនៅស្រុកខ្មែរ និងតំបន់អាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ចេកចៀនជាចំណីដ៏ពេញនិយមមួយនៅស្រុកខ្មែរ និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះក៏ដោយសារតែនៅក្នុងតំបន់របស់យើង ក៏ដូចជាប្រទេសរបស់យើង មានការដាំដុះដើមចេកពាសពេញស្រុកទេស ដែលបណ្ដាលឱ្យអ្នកស្រុកច្នៃចេកទាំងនោះទៅជាម្ហូបអាហារផ្សេងៗ។
បើយោងតាមស្ថិតិដោយគេហទំព័រ Statista នៅក្នុងអាស៊ី ឥណ្ឌាផលិតចេកបានច្រើនជាងគេ ដោយស្រុកនេះផលិតបានរហូតដល់ទៅ ៣៤លានតោនឯណោះនៅឆ្នាំ២០២២។ ចំណែកឯនៅក្នុងតំបន់យើងវិញ ស្រុកឥណ្ឌូនេស៊ីមានចេកច្រើនជាងគេ ដោយនៅឆ្នាំ២០២២ ស្រុកនេះផលិតបាន ៩លានតោន។ បន្តមកទៀត ហ្វីលីពីនផលិតបានក្បែរ ៦លានតោន វៀតណាម ២,៥លានតោន ថៃប្រមាណ ១លានតោន។ ឡាវវិញ ៧៣ម៉ឺនតោន ចំណែកឯម៉ាឡេស៊ី និងកម្ពុជាវិញអាចផលិតបានប្រមាណ ៣០ម៉ឺនតោននៅឆ្នាំ២០២២។
ដោយសារតែផលិតកម្មចេកមានភាពលើសលប់នេះហើយ ទើបម្ហូបផលិតដោយចេក ដូចជាចេកចៀន មានភាពពេញនិយមនៅទូទាំងអាស៊ីអាគ្នេយ៍។
ចំពោះចំណីចេកចៀននេះ តាមពិតទៅ នៅក្នុងប្រទេសអាស៊ាន ប្រទេសណាក៏ហៅថា ចេកចៀន តែគ្រាន់តែហៅនៅក្នុងភាសារបស់គេរៀងៗខ្លួន។ ជាក់ស្ដែងដូចជានៅស្រុកថៃ គេហៅថា ក្លួយថត (กล้วยทอด) នៅវៀតណាម គេហៅថា ជួយចៀន (Chuối chiên) ចំណែកឯនៅប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីវិញ គេហៅថា ពីសាងហ្គោរ៉េង (pisang goreng) ហើយនៅហ្វីលីពីន គេហៅថា ម៉ារូយ៉ា (maruya)។
ប្រាកដណាស់ ការចៀន និងគ្រឿងផ្សំមានសភាពខុសគ្នាពីតំបន់មួយ ទៅតំបន់មួយទៀត។ យ៉ាងណាមិញ អ្វីដែលស្រដៀងគ្នានោះគឺ គេយកចេកទុំលាយជាមួយម្សៅ ទៅដាក់នៅក្នុងខ្លាញ់ក្ដៅ និងបំពងចេករហូតដល់ទៅស្រួយខ្ញោក។
នេះបង្ហាញថា នៅក្នុងតំបន់របស់យើង ទោះបីជាមានទំនៀមទម្លាប់ និងភាសានិយាយផ្សេងៗគ្នាពិតមែន ប៉ុន្តែនៅតែមានលក្ខណៈស្រដៀងៗគ្នា លើសពីអ្វីដែលយើងធ្លាប់ដឹងទៀតផង៕