
- 2025-06-06 07:19:50
- ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បញ្ជាក់ពីបច្ចុប្បន្នភាព ជុំវិញបាតុកម្មពីសំណាក់ ក្រុមបាតុករថៃ
- 2025-06-06 07:19:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បញ្ជាក់ពីបច្ចុប្បន្នភាព ជុំវិញបាតុកម្មពីសំណាក់ ក្រុមបាតុករថៃ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមបាតុករប្រមាណ ២០០ នាក់ ដែលស្គាល់ខ្លួនថាជា "បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ" បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវទល់មុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក ដើម្បីធ្វើបាតុកម្ម និងថ្លែងញត្តិទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។
តាមការបញ្ជាក់ពី ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ការប្រមូលផ្តុំនេះបានចាប់ផ្តើមនៅវេលាម៉ោង ១០:០០ ព្រឹក និងបានបញ្ចប់ដោយសន្តិវិធីនៅម៉ោង ១១:១៥ ព្រឹក ថ្ងៃដដែល។ ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយសណ្តាប់ធ្នាប់ ដោយមានការការពារសុវត្ថិភាពយ៉ាងហ្មត់ចត់ពីសមត្ថកិច្ចនគរបាលថៃ។
ស្ថានទូតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា មន្ត្រី និងបុគ្គលិកទាំងអស់របស់ស្ថានទូតមានសុវត្ថិភាព និងកំពុងបន្តបំពេញការងារជាធម្មតា។ ស្ថានទូតក៏នៅតែបើកដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋខ្មែរ និងបរទេសដូចធម្មតា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនប្រជាពលរដ្ឋ និងសូមជម្រាបជូនថា ស្ថានភាពបានវិលត្រឡប់មកធម្មតាវិញ។ ស្ថានទូតនឹងបន្តផ្តល់ព័ត៌មានបន្ថែមប្រសិនបើចាំបាច់។