- 2015-08-10 20:32:28
- ព័ត៌មាន
អ្នកស្ម័គ្រចិត្តខ្មែរបរទេសរាប់រយនាក់ ចុះដាំដើមកោងកាង ២ ពាន់ដើមនៅកែប
- 2015-08-10 20:32:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្ម័គ្រចិត្តខ្មែរបរទេសរាប់រយនាក់ ចុះដាំដើមកោងកាង ២ ពាន់ដើមនៅកែប
ចន្លោះមិនឃើញ
អ្នកស្រី លឹម មូលីរស្មី និង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ
ក្នុងគម្រោង "តោះ យើងនាំគ្នាដាំដើមឈើ ក្រុងកែប ២០១៥!” ក្រុមអាជ្ញាធរជាន់ខ្ពស់ក្រុងកែប និងក្រុមអ្នកអ្នកស្ម័គ្រចិត្តខ្មែរបរទេសរាប់រយនាក់ បាននាំគ្នាចុះដំាដើមកោងកាង ២ ០០០ ដើមលើផ្ទៃដីជិតមួយហិតា នៅឆ្នេរ ព្រែកតានេន ដែលសកម្មភាពនេះ ដឹកនាំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាចតុមុខ កាលពីម្សិលមិញ។
ក្រុមអ្នកស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការសង្គមនេះ មានយុវជនសិស្សានុសិស្សមកពី ១០ សាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញ មកពីអង្គការ AISEC Cambodia (មាន ១០ ជាតិសាសន៍ចូលរួម) មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ។
ប្រធានគម្រោង "តោះ យើងនាំគ្នាដាំដើមឈើ ក្រុងកែប ២០១៥!” អ្នកស្រី លឹម មូលីរស្មី មានប្រសាសន៍ថា អ្នកស្រីរីករាយដែលឃើញយុវជនខ្មែរ បរទេសជាច្រើន ស្ម័គ្រចិត្តចូលរួមជួយគ្នាយ៉ាងសស្រាក់សស្រាំ។ អ្នកស្រីបន្តថា គម្រោងនេះ បានធ្វើឡើងតាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណង បំផុសឱ្យយុវជន ប្រជាពលរដ្ឋ យល់ដឹងពីសារសំខាន់ នៃដើមឈើ និងជំរុញឱ្យមានសកម្មភាពដាំដើមឈើ តាមតំបន់ តាមសហគមន៍ ឬ តាមផ្ទះជាដើម។
មិនតែប៉ុណ្ណោះ អ្នកស្រីលើកឡើងថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ បង្កើតគម្រោងនេះឡើង ដើម្បីស្របទៅនឹងយុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” របស់ក្រសួងទេសចរណ៍ផងដែរ ក្នុងគោលបំណង លើកស្ទួយទេសចរណ៍បៃតង និង ការការពារបរិស្ថាន។
អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្ដម កែន សត្ថា
ទន្ទឹមនឹងនោះដែរ អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្ដម កែន សត្ថា បានសម្ដែងក្ដីរីករាយ និង អរគុណដល់ JCI ដែលបានរៀបចំគម្រោងដ៏ល្អនេះឡើង។
ឯកឧត្ដមថ្លែងថា "អរគុណដល់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានមកបោះជំរំ ក៏ដូចជាជាមានគម្រោង Let's Plant KEP 2015 ដើម្បីសកម្មភាពចូលរួមថែរក្សាបរិស្ថាន និង ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនៅខេត្តកែបផងដែរ។ សកម្មភាពទាំងអស់នេះ ជាគំរូអាចបង្ហាញដល់មហាជន ប្រជាជន មន្ត្រីរាជការ និង លើកកម្ពស់វិស័យទេសចរណ៍ នៅខេត្តកែបរបស់យើង"។
ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការដាំដើមឈើរុក្ខវិថី និង ដើមកោងកាង ជាសារមួយបង្ហាញដល់ប្រជាជនទូទាំងប្រទេស និងសាកលលោកថា កម្ពុជាកំពុងតែយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន និងយកចិត្តលើការបង្ការ ការបម្រែបម្រួលអាកាសធាតុ។
យ៉ាងណាមិញ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ ក៏សម្ដែងការសាទរ និង អរគុណដល់អង្គការស្ម័គ្រចិត្ត អង្គការអន្តរជាតិ ប្អូនៗស្ម័គ្រចិត្ត ដែលបានចូលរួមដាំដើមកោងកាង។
លោកថ្លែងថា "កិច្ចការពារបរិស្ថាន រួមចំណែកធំណាស់ សម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើង។ មានធនធានធម្មជាតិ ជាគោលការណ៍កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន"។ អ៊ីចឹងយើងចូលរួមទាំងអស់គ្នា មិនត្រូវចាំស្អែកឡើយ!"។
អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ
ដើមកោងកាង ជារុក្ខជាតិមួយដាំបន្សាំ និងរស់ក្នុងទឹកប្រៃ ដែលដើរតួយ៉ាងសំខាន់ ជារបាំងការពារតំបន់ឆ្នេរ។ ដើមកោងកាងមានដុះសឹងគ្រប់កន្លែងតាមឆ្នេរសមុទ្រកម្ពុជា ហើយវាមានអត្ថប្រយោជន៍ ដូចជាផ្ដល់ជាសម្ភារៈសំណង់ ថាមពល ផ្ដល់ជម្រកដល់ជីវចម្រុះ បក្សី ការពារតំបន់ឆ្នេរពីការសឹករិចរិល បន្ថយគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ រលក និង អាចរក្សាលំនឹងធម្មជាតិនៅតំបន់ឆ្នេរទៀតផង។
បើតាមអភិបាលខេត្តកែប ឯកឧត្ដម កែន សត្ថា ព្រៃកោងកាងនៅកែបមានចំនួន ១០៣០ ហិតា ដែលតំបន់ខ្លះបានបង្កើតជាតំបន់សហគមន៍។ ក្រៅពីដើមកោងកាង ២ ០០០ ដើម ក្រុមស្ម័គ្រចិត្តក៏បានដាំដើមឈើ ៤០០ ដើមផ្សេងទៀត ក្នុងបរិវេណអនុវិទ្យាល័យសង្គមរាស្ត្រនិយមផងដែរ ដែលដើមឈើសរុបទាំងអស់ ២ ៤០០ដើមនេះ ជាការឧបត្ថម្ភរបស់ក្រសួងបរិស្ថានខេត្តកែប។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កែន សត្ថា និង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្ដម ស៊ូ សាវុធ កម្មវិធី "តោះ យើងនាំគ្នាដាំដើមឈើ ក្រុងកែប ២០១៥!” កាលពីថ្ងៃទី ៨-៩ សីហាកន្លងទៅ ក៏មានវត្តមានមន្ត្រីក្រសួងទេសចរណ៍ និង ភាគីស្ម័គ្រចិត្តពាក់ព័ន្ធដូចជាក្រុម ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាជាដើម៕
ភ្លៀងធ្លាក់លិចទឹកចូលផ្ទះ គួរប្រុងប្រយ័ត្នអ្វីខ្លះ?
អត្ថបទ៖ អ៊ុំ សុភក្តិ