- 2015-08-27 18:40:33
- ព័ត៌មាន
អ្នកព្រៃវែង រិទ្ធ រតនៈ រៀបរាប់បទពិសោធន៍សិក្សា នៅហិុតុហ្សឹបាស៊ិប្រទេសជប៉ុន
- 2015-08-27 18:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកព្រៃវែង រិទ្ធ រតនៈ រៀបរាប់បទពិសោធន៍សិក្សា នៅហិុតុហ្សឹបាស៊ិប្រទេសជប៉ុន
ចន្លោះមិនឃើញ
ក្នុងចំណោមបេក្ខជន ប្រលងយកអាហារូបករណ៍ កម្រិតឧត្ដមសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម ទៅប្រទេសជប៉ុនរាប់រយនាក់ រិទ្ធ រតនៈ ជានិស្សិតមួយរូបដែលបានជាប់ ទៅរៀនជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យល្បី ហិុតុហ្សឹបាស៊ិ (Hitotsubashi University)។ រតនៈ និយាយពីអ្វីខ្លះ?
ប្រព័ន្ធអប់រំ
តាមការរៀបរាប់របស់និស្សិតឆ្នាំមូលដ្ឋាន រតនៈ ប្រព័ន្ធអប់រំនៅជប៉ុន មានភាពជឿនលឿន មិនចាញ់ប្រទេសលោកខាងលិចឡើយ ដោយការបង្រៀន មានគុណភាពខ្ពស់ មានសម្ភារៈសិក្សាគ្រប់គ្រាន់ និងមានម៉ោងសិក្សាសមរម្យ។
«ចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ពេញចិត្តបំផុតនោះ គឺបណ្ណាល័យដែលពោរពេញដោយសៀវភៅយ៉ាងសំបូរបែប»។ សាស្ត្រាចារ្យ និងនិស្សិត
លោកថា លោកគ្រូអ្នកគ្រូនៅជប៉ុន គោរពពេលវេលា និងជួយផ្ដល់ប្រឹក្សាគ្រប់ពេល រីឯសិស្សមានអត្តចរិតល្អ ចេះគោរពសាស្ត្រាចារ្យ គោរពពេលវេលា មានអធ្យាស្រ័យល្អ និងចេះជួយគ្នាពេលមានបញ្ហាពាក់ព័ន្ធនឹងការសិក្សា។ បន្ថែមលើនេះ និស្សិតម្នាក់ៗយកចិត្តទុកដាក់ខ្លាំង លើការសិក្សាទាំងក្នុងនិងក្រៅម៉ោង និងមានវិន័យល្អ ចំណែកការប្រលងទៀតសោត មានភាពតឹងរ៉ឹងពិបាកយកពិន្ទុ។ ភាសា
ចំពោះភាសា គ្រប់និស្សិតបរទេសត្រូវហាត់រៀនតាមយ៉ាងលំបាក។ ចំណែក រតនៈ បានជួបបញ្ហាច្រើនក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភ័ក្ដិ និង សាស្ត្រាចារ្យ (ជនជាតិជប៉ុន) ព្រោះតែភាសាជប៉ុនរបស់លោក មានកម្រិតខ្លាំងពេក ពេលជាន់ទឹកដីជប៉ុនជាលើកដំបូង។
«ខ្ញុំត្រូវចំណាយពេលស្ទើរតែទាំងអស់ ផ្ដោតតែទៅលើភាសាជប៉ុន»។
ក្នុងដំណាក់កាលនោះ បើទោះបីលំបាកយ៉ាងណា រតនៈ មិនចុះចាញ់ឡើយ ហើយលោកបានយកការលំបាកទាំងនោះ មកហ្វឹកហាត់ រៀនសូត្រជាប្រចាំថ្ងៃ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំ។ ថ្វីបើសព្វថ្ងៃលោកនិយាយភាសាមិនជាស្ទាត់ជំនាញ តែលោកអាចប្រើការបានល្អប្រសើរជាងមុន។ បន្ថែមលើនេះ រតនៈ ក៏បានអនុវត្តភាសាអង់គ្លេសរបស់ខ្លួន ជាមួយក្រុមនិស្សិត ជាមិត្តរួមថ្នាក់មកពីតាមបណ្ដាប្រទេសផ្សេងៗផងដែរ។
អាកាសធាតុ និងអាហារ
ទោះបីអាកាសធាតុ និង ម្ហូបអាហារជប៉ុន មានភាពខុសប្លែកច្រើនពីប្រទេសកម្ពុជា ប៉ុន្តែវាមិនបានបង្កជាបញ្ហាដល់ការរស់នៅ និងសិក្សានៅឡើយ ព្រោះលោកអាចសម្របខ្លួននឹងស្ថានភាពបានឆាប់រហ័ស។ អតីតនិស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដដែលបន្តថា លោកជារឿយៗញ៉ាំអាហារជប៉ុន និងឆ្លៀតធ្វើម្ហូបខ្មែរ បើមានពេលទំនេរ។ ចំពោះប្រវត្តិសិក្សា យុវជនរូបនេះជាអតីតសិស្សវិទ្យាល័យសាមគ្គី អតីតនិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានជាប់អាហារូបករណ៍ផ្នែកបរិញ្ញាបត្រ ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅដែនដីព្រះអាទិត្យរះមួយនេះ។ ក្រោយបញ្ចប់ការសិក្សា អ្នកខេត្តព្រៃវែងវ័យ ២១ឆ្នាំរូបនេះ នឹងយកចំណេះដឹងមក ចែករំលែក និងអភិវឌ្ឍនៅកម្ពុជា។
«សេដ្ឋកិច្ចសំខាន់ខ្លាំងចំពោះកម្ពុជា ខ្ញុំនឹងយកចំណេះដឹងនេះមកអភិវឌ្ឍនៅកម្ពុជា»។
រតនៈ បានទទួលអាហារូបករណ៍នេះ តាមរយៈការប្រលងមួយឈ្មោះ MEXT scholarship របស់រដ្ឋាភិបាលជប៉ុន ដែលតម្រូវឱ្យបេក្ខជន ឆ្លងកាត់ការប្រលងវិញ្ញាសាសរសេររួមមាន មុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា ភាសាជប៉ុន និងសម្ភាសន៍ ដែលធ្វើឡើងជាភាសាអង់គ្លេស ឬជប៉ុន។ អាហារូបករណ៍នេះ មានការប្រកួតប្រជែងខ្លាំង ពោលគឺមិនត្រឹមតែប្រកួតប្រជែង ជាមួយបេក្ខជនក្នុងប្រទេសកម្ពុជានោះទេ ថែមទាំងត្រូវប្រលងប្រណាំងនឹងបេក្ខជន ដែលមកពីបណ្ដាប្រទេសផ្សេងៗផងដែរ៕
មិនសូវគាំទ្រពីគ្រួសារ តែជៀប ស៊ីបូរ៉ា ថា នឹងបើកហាងតុក្កតាខ្មែរឱ្យបរទេសស្គាល់ខ្មែរ
លោក ហង់ ជួនណារ៉ុន សរសើរបុរសបរទេសធ្លាប់លក់ផ្ទះលក់ឡានមកជួយកម្ពុជា
អត្ថបទ៖ អ៊ុំ សុភក្តិ រូបថត៖ ផ្ដល់ឱ្យ