- 2015-11-04 18:23:31
- ព័ត៌មាន
លាង លីណា ៖ "ខ្ញុំចង់ក្លាយជាអ្នកដឹកនាំរឿងដ៏ឆ្នើមនៅកម្ពុជា"
- 2015-11-04 18:23:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាង លីណា ៖ "ខ្ញុំចង់ក្លាយជាអ្នកដឹកនាំរឿងដ៏ឆ្នើមនៅកម្ពុជា"
ចន្លោះមិនឃើញ
ជាប់អាហារូបករណ៍ ផ្នែក New Media សិក្សាជំនាញភាពយន្តតុក្កតា 3D រយៈពេលបួនឆ្នាំ លាង លីណា អនាគត ចង់ក្លាយជាអ្នកដឹកនាំរឿង ដ៏ឆ្នើមម្នាក់ក្នុងប្រទេសកំណើតកម្ពុជា។
យុវជនមានប្រភពនៅខេត្តប៉ៃលិន បានរៀបរាប់ថា ដំបូងលោកត្រូវរៀនមូលដ្ឋានគ្រឹះ នៃជំនាញភាពយន្តតុក្កតា 3D ដែលមានដូចជារៀនគូររូប (Drawing) រៀនប្រើកម្មវិធីត្រកូល Adobe មាន Photoshop, Premiere, Illustrator, Design, After Effects, Autodesk Maya, Z brush ជាដើម។
យុវជនវ័យ ២៦ ឆ្នាំនិយាយថា លោកជួបការលំបាកច្រើន លើជំនាញនេះ ដែលតម្រូវឱ្យលោក ត្រូវការពេលវេលាច្រើន ក្នុងការសិក្សារ ប៉ុន្តែដោយមើលឃើញថា ខ្លួនចូលចិត្តខាងភាពយន្ត (មិនមែនតុក្កតា 3D) លោកក៏សម្រេចចិត្តប្ដូរយកជំនាញ "អ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង (Script writer/Director)"។
ទោះបីនៅក្មេងខ្ចីក្នុងវិស័យនេះ លីណា មានចិត្តសប្បាយរីករាយ និងបានចែករំលែកចំណេះដឹងខ្លះៗថា ដើម្បីឱ្យរឿងមួយចេញជារូបរាង គឺត្រូវឈរលើបីចំណុចសំខាន់ៗ៖
១. សរសេររឿង (Script) ២. បំបែក Script ឱ្យចេញជារូបភាព (Story Board) ៣. ដឹកនាំរឿង (Directing)
លោកចែករំលែកថា អ្នកណាក៏អាចសរសេរ Script បានដែរ ឱ្យតែចេះ Sructure នៃការសរសេរ ព្រោះមនុស្សគ្រប់រូបតែងមានរូបភាពក្នុងខួរក្បាល ហើយដើម្បីសរសេរ Script ឱ្យបានល្អ គឺត្រូវឧស្សាហ៍អាន និងមើលរឿងស្នាដៃរបស់គេឱ្យបានច្រើន ដើម្បីដកយកចំណុចល្អ អាក្រក់ និង គំនិតថ្មីៗ មិនតែប៉ុណ្ណោះ គឺត្រូវមានអារម្មណ៍ស្ងប់ស្ងាត់ ព្យាយាម និងត្រូវចង់ធ្វើ ចង់សរសេរ។
«ពេលទំនេរពីការសិក្សា ខ្ញុំតែងមើលភាពយន្ត មើលបទចម្រៀងខារ៉ាអូខេ ភាពយន្តខ្លីៗ និងអានជាដើម។ បើអត់មើល យើងនឹងមិនដឹងថា ត្រូវចាប់ប្លង់យ៉ាងម៉េច ដឹកយ៉ាងម៉េច។ យើងត្រូវចេះលួចចំណុចល្អ និងអាក្រក់របស់គេ ដើម្បីបង្កើន Idea ខ្លួនឯង។ ម្យ៉ាងការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងក៏សំខាន់ណាស់ដែរ ដូច្នេះយើងត្រូវខំមើលខំអានឱ្យបានច្រើន ដើម្បីសម្រួចជំនាញរបស់យើង»។
ចំពោះការដឹកនាំ អ្នកស្រុកសាលាក្រៅ បានបង្ហាញទស្សនៈថា ដើម្បីឱ្យការដឹកនាំមានភាពរលូនល្អ ល្គឹកណាអ្នកដឹកនាំត្រូវបែងចែកការងារច្បាស់លាស់ថា ខ្លួនឯងផ្ទាល់កំពុងធ្វើអ្វី អ្នកណាត្រូវធ្វើអ្វី មានអ្នកណាខ្លះ និងត្រូវមានភាពវ័យឆ្លាត តាមកាលៈទេសៈ។
បើប្រៀបធៀបរវាងការសរសេរ Script និង ការដឹកនាំ លីណា បញ្ចេញគំនិតថា លំបាកដូចគ្នា ប៉ុន្តែការដឹកនាំ គឺសាំញ៉ាំ និងស្មុគស្មាញខ្លាំងជាង។
«ការសរសេរមិនសូវអីប៉ុន្មានទេ តែការចុះដឹកជាក់ស្ដែងទើបពិបាក។ វាអាស្រ័យលើភាពឆ្លាតវ័យ និងតួអង្គ បើគេមានបទពិសោធន៍ច្រើន ថតឆាប់ត្រូវ តែបើតួថ្មីថ្មោង យើងត្រូវប្រាប់ណែនាំទម្រាំគាត់យល់។ ពេលខ្លះថតមួយថ្ងៃមិនចង់បានមួយប្លង់ផង»។
កាលរៀននៅប្រទេសថៃ លីណា បានសរសេរ និងដឹកនាំភាពយន្តខ្លី (ជាភាសាថៃ) បានបួនរឿងដែរ ហើយបច្ចុប្បន្នបុរសកើតក្នុងត្រកូលគ្រួសារកសិកររូបនេះ កំពុងចុះរៀនជំនាញសរសេរ Script និងដឹករឿង ក្នុងផលិតកម្ម Rich Kids Media នៅកម្ពុជារយៈពេល ៤ ខែ។ លោកនឹងត្រឡប់ទៅធ្វើបទបង្ហាញបញ្ចប់ការសិក្សា នៅប្រទេសថៃវិញនៅខែធ្នូ ឆ្នាំ ២០១៥ ខាងមុខ។
លីណា បញ្ជាក់ថា៖ «ទោះបីខ្ញុំមិនទាន់មានបទពិសោធន៍ តែខ្ញុំចង់ក្លាយជាអ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់ ក្នុងប្រទេសកម្ពុជា» ។
ក្រោយចប់បាក់ឌុប លីណា ក៏ទទួលបានអាហារូបករណ៍រដ្ឋផ្នែក "ប្រព័ន្ធផ្សព្វផ្សាយ និងសារទូរគមនាគមន៍" នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងបានប្រឡងជាប់អាហារូបករណ៍ ព្រះរាជទានមហាចក្រីសុរិនថនប្រទេសថៃ ផ្នែក "New Media” នៅសាកលវិទ្យាល័យរដ្ឋ មហាសារ៉ាខាម រយៈពេលបួនឆ្នាំ ក្នុងឆ្នាំ២០១១ បន្ទាប់ពីរៀននៅ RUPP បាន១ឆមាស។
បុរសសម្បុរស្រអែមដដែលបន្តថា អ្វីទាំងនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ ទៅតាមអ្វីដែលលោកបានរៀននៅប្រទេសថៃ ហើយបើទោះជាតិចឬច្រើនក្ដី លោកសង្ឃឹមថា នឹងអាចជាការបង្ហាញខ្លះៗដល់អ្នកដែលចង់រៀនស្វែងយល់ និងចាប់អាជីពនេះ។
ឆ្លើយនឹងសំណួរចុងក្រោយរបស់ Sabay លោកថា រឿងខ្មែរដែលលោកពេញចិត្តបំផុតនោះ គឺរឿង "កូនកាត្តញ្ញូ" តែលោកមិនបានចាំថា ជាស្នាដៃរបស់អ្នកនិពន្ធរូបណាទេ៖ «ខ្សែភាពយន្តហ្នឹង និយាយពីកូនស្រីម្នាក់ ខិតខំជួយធ្វើការម្ដាយឈឺ ក្រោយពេលឪពុកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ [...] ខ្ញុំពេញចិត្តទាំងការដឹក ការសម្ដែង និងការសរសេរ។ វាធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ ល្អណាស់! ខ្ញុំចូលចិត្ត..»៕
ចុចអាន៖ ជីវិតបីឆ្នាំ របស់អ្នកជាប់អាហារូបករណ៍នៅបារាំង ស្ដាប់ទៅមិនងាយស្រួល
អត្ថបទ៖ អ៊ុំ សុភក្តិ រូបភាពផ្ដល់ដោយ លាង លីណា