• 2016-04-07 15:30:01
  • ព័ត៌មាន

កញ្ញា រិទ្ធី លំអរពេជ្រ៖ បុណ្យ​ភូមិ​ឆ្នាំ​នេះ ​នឹង​ប្លែក​ជាង​ឆ្នាំ​ទៅ

  • 2016-04-07 15:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បុណ្យ​ភូមិ​ឆ្នាំ​នេះ នឹង​ប្លែក​ជាង​ឆ្នាំ​ទៅ"។ នេះ​បើ​យោង​តាម ​​​កញ្ញា រិទ្ធី លំអរពេជ្រ តំណាង​រៀបចំ​កម្មវិធី​បុណ្យ​ភូមិ ប្រាប់​មក​កាន់ Sabay។

 

 

 

កញ្ញា លំអរពេជ្រ បាន​ប្រាប់​ត្រួសៗ​ថា បុណ្យ​ភូមិ​ឆ្នាំ​នេះ គឺ​មាន​រយៈពេល​ ៣ ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ទី ៨-១០ មេសា ២០១៦។ កម្មវិធី​ឆ្នាំ​នេះ នឹង​ប្លែក​ជាង​ឆ្នាំ​មុន គឺ៖

 

-ព្រឹក​ថ្ងៃ​ទី​ ១ មាន​ការ​សំពះ​គ្រូ​ធំ ថ្ងៃ​ត្រង់​មាន​ល្ខោន​និយាយ ពេល​យប់​មាន​ការ​សម្ដែង​សិល្បៈ​ទាក់ទង​របាំ​បុរាណ ដែល​សម្ដែង​ដោយ​លិស្បៈករ មក​ពី​​សាកលវិទ្យាល័យភូមិន្ទ​​វិចិត្រ​សិល្បៈ។

 

-ព្រឹក​ថ្ងៃ​ទី ២ មាន​ការ​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន ១០០ អង្គ ថ្ងៃ​ត្រង់ មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​ពិណ​ខ្មែរ ពេល​យប់​មាន​ការ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ។

 

-ព្រឹក​ថ្ងៃ​ទី ៣ មាន​ពិធី​ស្រង់​ព្រះ​រស់ ថ្ងៃ​ត្រង់​មានការ​ធ្វើ​បទ​បង្ហាញ​ពី​ចាប៉ី និង​​​យប់​ឡើង មាន​ការ​សម្ដែង​សំឡេង​អង្គរ។

 

តំណាង​រៀបចំ​បុណ្យ​ភូមិ​រូប​នេះ​បន្ត​ថា ៖ "សម្រាប់​ទទួល​ភ្ញៀវ​​ក្នុង​ថ្ងៃ​នីមួយ​ៗ គឺ​មាន​​​រាំវង់ ស្គរដៃ ការ​ប្រគំ​រនាថ មាន​ការ​ជះ​ទឹក​សិរីសួស្ដី ការ​លេង​ល្បែង​បវរកញ្ញា​ធ្លាក់ទឹក និង​លេង​ល្បែង​ប្រពៃណី​របស់​​ខ្មែរ គឺ​មាន​ដូច​ៗ​គ្នា។ ចំណែក​បី​ចំណុច​ខាងលើ ​ជា​កម្មវិធី​ហាយ​ឡាយ​ប្រចាំ​ថ្ងៃ។ អ្វី​ដែល​ប្លែក គឺ​បរិយាកាស និង​ការ​តុបតែង ព្រោះ​យើង​ប្ដូរ​ទីតាំង។ ទី២ ការ​​សម្ដែង​សិល្បៈ ​ប្លែក​ជាង​ឆ្នាំ​ទៅ ព្រោះ​មាន​លាយ​​ការ​សម្ដែង​សហសម័យ និង​ការ​បង្កើត​ថ្មី​របស់​សិល្បៈ​ករ។ ឆ្នាំ​មុន​មាន​សិល្បៈ​បុរាណ​សុទ្ធ"។

 

​កញ្ញា​ថ្លែង​ថា ក្រៅ​ពី​នេះ​ នៅ​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​​ជា​ច្រើន​ទៀត ក្នុងគោល​បំណង​ឱ្យ​ភ្ញៀវជាតិ​ ​អន្តរជាតិ បាន​ជួបជុំ និង​សប្បាយ​រីករាយ​ជាមួយគ្នា និង​ដើម្បី​អបអរឧកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​នាពេល​ខាងមុខ។ ​

 

 

 

បុណ្យ​ភូមិ​លើក​ទី​បី​នេះ នឹង​ធ្វើ​ឡើង​នៅ​វត្ត​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ចាប់​ផ្ដើមពី​​ថ្ងៃ​ទី ៨ ស្អែក​​ដល់​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ​២០១៦។ បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​​បង្ហាញ​ពី​មហោស្រព​និយាយ​ពី​ជីវភាព​ប្រជាជន​ខ្មែរ ជា​បុណ្យ​មួយ​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ និង​ដើម្បី​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​ណា!

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី