- 2016-12-16 01:41:13
- ព័ត៌មាន
យល់ច្បាស់ ៤ចំណុចនេះ អាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនបានហើយ
- 2016-12-16 01:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ច្បាស់ ៤ចំណុចនេះ អាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនបានហើយ
ចន្លោះមិនឃើញ
ការបង្កើតអាជីវកម្មមួយ បើមានការស្ទាក់ស្ទើរ នោះពុំអាចកកើតចេញជារូបរាងបាននោះទេ ដោយវានឹងស្ថិតនៅក្នុងក្ដីស្រមៃជារៀងរហូត។ ប៉ុន្តែបើមានការជឿជាក់លើខ្លួនឯង ហ៊ានទទួលបរាជ័យ ព្រមទាំងមានការជំរុញទឹកចិត្តខ្លួនឯងនោះ ជំនួញដែលធ្លាប់តែស្ថិតនៅក្នុងក្ដីសុបិន នឹងអាចលេចចេញជាការពិតបាន។
ជាមួយបទពិសោធន៍ធ្លាប់ឆ្លងកាត់ ប្រាប់ជាគន្លឹះដល់យុវជនដែលមានចិត្តប៉ងចង់មានអាជីវកម្មមួយដោយខ្លួនឯងផ្ទាល់ កញ្ញា ខែក ខេមរ៉ាត ជានាយិកា និងជាស្ថាបនិកនៃក្រុមហ៊ុន ប្លូ មេឌា ហ្វីម ខេមបូឌា បានចែករំលែក ចំណុចជាដំបូន្មាន ៤ជំហានសំខាន់ៗដូចខាងក្រោម៖
១. ចិត្តចង់៖
"បើចង់! គឺអាច!" នេះជាសម្ដីរបស់ម្ចាស់ពានរង្វាន់អ្នកដឹកនាំស្ត្រីវ័យក្មេង Rising Star Award ពីប្រទេសចិនខាងលើ។ នាយិកាមានស្រុកកំណើតមកពី ទឹកដីខេត្តកំពង់ចាម បាននិយាយថា ការតាំងចិត្ត លើអ្វីដែលខ្លួនចង់ធ្វើ រំលឹកប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ នោះជាកត្តាសំខាន់ដែលជំរុញចិត្តថា ប្រាកដជាធ្វើបាន។
២. ផ្ដើមពីការងារ តូចៗ៖
ស្ថាបនិកក្រុមហ៊ុនស្ត្រីរូបនេះ បានលើកឡើងថា ចង់ឈោងក្លាយជាអ្នកជំនួញធំៗ គឺចាប់ផ្ដើមពីការងារតូចតាចទៅ។ ម្ចាស់ពានរង្វាន់ Rising Star Award បានជាឧទាហរណ៍ថា ការងារតូចតាចនោះគឺកិច្ចការអ្វីមួយ ដែលខ្លួនចង់ធ្វើ គឺធ្វើឲ្យបានសម្រេច ទោះមានឧបសគ្គខ្លះក៏ដោយ។
៣. គំនិតប្លែកពីគេ៖
ចំណុចនេះ នាយិកាក្រុមហ៊ុន និងជាអ្នកនិពន្ធមួយរូបខាងលើ បាននិយាយសំដៅទៅលើ ការស្រមៃជាគំនិតអាជីវកម្មថ្មីប្លែកៗខុសពីគេ គឺជាឱកាសភាគរយខ្ពស់ដែលជំនួញថ្មីនោះនឹងជោគជ័យ។ គំនិតច្នៃប្រឌិតថ្មីៗមិនធ្លាប់សោះ គឺជាកត្តាជំរុញទឹកចិត្ត ឲ្យយុវជនហ៊ានប្រលូកក្នុងវិស័យជំនួញផងដែរ។
៤. បរាជ័យជាបទពិសោធន៍៖
នាយិកាក្រុមហ៊ុនបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ខាងលើបាននិយាយថា៖ " មិនដែលមានអ្នកជោគជ័យណាដែលបង្កើតអ្វីមួយហើយ ឈានទៅជោគជ័យតែម្ដងនោះទេ"។ ចំណុចនេះ ស្ថាបនិកក្រុមហ៊ុនស្ត្រីខាងលើ ចង់សំដៅលើភាពហ៊ានប្រឈមមុខទទួលភាពបរាជ័យ ដែលអាចកើតមានឡើងចំពោះមុខ ជាមេរៀនដែលត្រូវរៀនសូត្រតាមរយៈបញ្ហាទាំងនោះមកអភិវឌ្ឍ ដំណើរការអាជីវកម្មថ្មីរបស់ខ្លួនឲ្យកាន់តែខ្លាំងរឹងមាំ។ ការគិតវិជ្ជមានបែបនោះ ធ្វើឲ្យទឹកចិត្តជាអ្នកជំនួញ មិនងាយចុះចាញ់ដោយងាយស្រួលនោះឡើយ៕