- 2017-06-12 07:23:58
- ព័ត៌មាន
២៥ ខេត្តក្រុងនៅកម្ពុជា តិចអត់ដឹងថា មានខេត្តមួយ សម្បូរប្រពៃណីចម្លែកៗខុសគេ
- 2017-06-12 07:23:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៥ ខេត្តក្រុងនៅកម្ពុជា តិចអត់ដឹងថា មានខេត្តមួយ សម្បូរប្រពៃណីចម្លែកៗខុសគេ
ចន្លោះមិនឃើញ
កម្ពុជា ជាប្រទេសមួយដែលមានប្រពៃណីវប្បធម៌ដ៏សម្បូរបែប ហើយក៏ជាអត្តសញ្ញាណមួយរបស់ជាតិខ្មែរទាំងមូល។ យ៉ាងណាក្ដីបើក្រឡេកទៅមើលខេត្តរតនគីរី ដែលស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា គឺមានបងប្អូនជនជាតិភាគតិច ជាច្រើនកំពុងរស់នៅ និងមានប្រពៃណីចម្លែកមិននឹកស្មានដល់ទៀតផង។ ដូច្នេះតើប្រពៃណីប្លែកទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ ជាប្រពៃណីមួយចំនួនរបស់បងប្អូនជនជាតិភាគតិច ដែលក្រុមការងារ Sabay ធ្លាប់បានទៅស្រាវជ្រាវផ្ទាល់៖
១. ដើមចេកត្រូវបានជនជាតិភាគតិចគ្រឹងគោរពជាព្រះអាទិទេព
ជនជាតិភាគតិចជាច្រើននៅខេត្តរតនគីរីបានគោរពបូជាចំពោះសត្វ វត្ថុ ឬដើមឈើផ្សេងៗគ្នាដូចជាព្រះដើម្បីសុំសេចក្តីសុខចម្រើនរបស់ពួកគេ។ ជាក់ស្តែងជនជាតិភាគតិចគ្រឹងនៅខេត្តរតនគីរីបានចាត់ទុកដើមចេកជាព្រះដែលពួកគេគោរពបូជាជារៀងរាល់ឆ្នាំ។
លោកតា ម៉ា លី អាយុ៧៥ឆ្នាំនៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំខេត្តរតនគីរីបានប្រាប់ក្រុមការងារ«ផ្លូវទៅស្រុក»ថា ជនជាតិភាគតិចគ្រឹងបានគោរពបូជាដើមចេកដូចជាព្រះ។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីចប់រដូវច្រូតកាត់ហើយ អ្នកភូមិជនជាតិគ្រឹងតែងតែជួបជុំគ្នាដើម្បីរៀបចំពិធីបុណ្យបូជាចំពោះដើមចេកដើម្បីសុំសេចក្តីសុខចម្រើន និងភាពសប្បាយរីករាយភូមិ។ ចំពោះការគោរពបូជានេះគឺគោរពតាមប្រពៃណីជនជាតិគ្រឹងតាំងពីរយូរលង់ណាស់មកហើយ ដូច្នេះហើយទើបបានជាពួកគាត់ដាំដើមចេក និងថែរក្សារហូតដល់សព្វថ្ងៃ។
ទីស្នាក់ការជនជាតិគ្រឹងស្ថិតនៅភូមិតងកាម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរីដែលមានដើមចេក និងសាលារួមមួយខ្នងដែលជាកន្លែងសម្រាប់ពួកគាត់ជួបជុំគ្នា និងរៀបចំពិធីបុណ្យផ្សេងៗ ព្រមទាំងរក្សាទំនៀមទម្លាប់ប្រពៃណីជនជាតិគ្រឹង។ បច្ចុប្បន្ននេះ ជនជាតិគ្រឹងមួយភាគធំដែលជាកូនចៅជំនាន់ក្រោយបានផ្លាស់ប្តូររបៀបរស់នៅច្រើនទាំងវត្ថុប្រើប្រាស់ គ្រឿងអលង្ការពាក់ជាប់ខ្លួន និងសំលៀកបំពាក់ជាដើម។ ទោះបីជាយ៉ាងណា ជនជាតិគ្រឹងវ័យចំណាស់ភាគច្រើននៅតែប្រកាន់ប្រពៃណីពីដើមដដែល។
២. ប្រពៃណីការសង់ផ្ទះកូនក្រមុំ និងកូនកំឡោះ
តាមការឲ្យដឹងពីលោកស្រី ស៊ុម សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគីរីថា ពេលកូនប្រុស កូនស្រីធំពេញវ័យពោលគឺដល់វ័យមានគូស្រករ ឪពុកម្ដាយ និងចាស់ទុំជនជាតិភាគតិចឲ្យពួកគេដេកផ្ទះដាច់ដោយឡែកគ្រួសារ។ ដូច្នេះឪពុកម្តាយបានធ្វើផ្ទះឲ្យកូនប្រុសដេកផ្សេង និងកូនស្រីដេកផ្សេង។ ពេលនោះបើកូនប្រុសពេញចិត្តលើកូនក្រមុំណាម្នាក់ កូនប្រុសអាចចូលទៅផ្ទះកូនក្រមុំនោះបាន ហើយបើកូនក្រមុំពេញចិត្ត នាងនឹងនៅស្ងាត់ស្ងៀម ប៉ុន្តែបើនាងមិនពេញចិត្ត នាងដេញបុរសនោះចេញវិញ។ «នេះតាមខ្ញុំឮតៗគ្នា វាអត់ទាន់មានឯកសារច្បាស់លាស់ទេ។ ដល់ពេលកូនកំលោះកូនក្រមុំនោះត្រូវគ្នា ចាស់ៗដឹងឮ ពួកគាត់រៀបចំឲ្យអ្នកទាំងពីររៀបការតែម្តង»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រីអនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគីរីនេះ វាអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ចាស់ទុំជនជាតិភាគតិចតាំងពីយូរលង់ណាស់មកហើយបានផ្តល់សិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសគូស្រករដល់កូនៗជាធំ។ ប្រការនេះហាក់មិនខុសនឹងសម័យបច្ចុប្បន្ននេះទេដែលភាគច្រើនឪពុកម្តាយ ចាស់ទុំគោរពតាមកូនៗជាអ្នកសម្រេចជ្រើសរើសគូស្រករ។ ចំពោះផ្ទះកូនកំលោះ និងផ្ទះកូនក្រមុំមានលក្ខណៈខុសគ្នាបន្តិចពោលគឺផ្ទះកូនកំលោះខ្ពស់ជាងផ្ទះកូនក្រមុំ។
៣. ការចាកចោលភូមិឋានរាប់ឆ្នាំរបស់ប្រជាជនគ្រឹង
ពេលលោកអ្នកធ្វើដំណើរចូលទៅដល់ភូមិជាតិភាគតិចគ្រឹងនៅខេត្តរតនគីរី លោកអ្នកប្រាកដជាចម្លែកអារម្មណ៍ភ្លាម ដោយសារតែភូមិទាំងមូលមានសភាពស្ងាត់ជ្រងំស្ទើរតែរកមនុស្សម្នាម្នាក់គ្មាន ប៉ុន្តែសត្វជ្រូកតូចធំពីរបីក្បាលដើររកចំណី ខណៈផ្ទះបិទទ្វារចោល។
ស៊ី សាវ៉េត អ្នកនាំភ្ញៀវទេសចរនៅរតនគិរី បានប្រាប់ថា អ្នកភូមិគ្រឹងបានចេញចោលផ្ទះទៅធ្វើស្រែចម្ការអស់ហើយ។ ជាក់ស្តែងនៅភូមិឃួន ឃុំកោះពាក្យ ស្រុកវើនសៃ អ្នកភូមិបានចេញចោលផ្ទះអស់ហើយក្នុងរយៈពេលនេះ។ ពួកគាត់បានចាកចោលផ្ទះចាប់ពីខែកក្កដា រហូតដល់ខែមករា ឬកុម្ភៈទើបពួកគាត់វិលត្រឡប់មកផ្ទះវិញ។ ក្នុងរយៈពេលនេះ ពួកគាត់មិនត្រឡប់មកមើលផ្ទះសម្បែងឡើយដោយសារក្នុងផ្ទះរបស់ពួកគាត់គ្មានអ្វីឡើយក្រៅពីសំបកផ្ទះ។ ក្រៅពីនេះ ក៏មានតែសត្វជ្រូកពីរបីក្បាលដែលដើរកកាយដីរកចំណីស៊ីដោយខ្លួនឯង។ ដូច្នេះហើយទើបបានជាភូមិនីមួយៗស្ងាត់ឈឹងគួរឲ្យចម្លែក៕