• 2017-07-13 07:05:22
  • ព័ត៌មាន

មេ និង​កូន​តុងទីន អាច​ប្រឈម​បទ​ល្មើស​២​នេះ បើ​ហ៊ានធ្វើស៊ី

  • 2017-07-13 07:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អាចប្រឈម បទល្មើស​ឈរ​បោក និង​​រំលោភ​លើ​សេចក្ដី​ទុកចិត្ត
  • ជាប់​ពន្ធនាគារ​ពី ៦ ខែដល់ ៣ ឆ្នាំ និង​អាច​ពិន័យ​ជា​ប្រាក់ពី ១ លានរៀល​ទៅ ៦ លានរៀល

ពាក្យ "តុងទីន" ត្រូវ​មនុស្ស​ទូទៅ​តែង​ហៅ​ថា ការ​សន្សំ​ប្រាក់​​ជា​ក្រុម ដោយ​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ពុំ​មាន​កិច្ចសន្យា​ លិខិត​ស្នាមជាលាយលក្ខណ៍អក្សរ និង​វត្ថុ​បញ្ចាំ​ត្រឹមត្រូវ​ឡើយ។ ចំណែក​​វចនានុក្រម​ស្ដេចសង្ឃ ជួន ណាត "តុងទីន" គឺ​ជា​សមាគម​ប្រមូល​ប្រាក់ ក្រុម​ហ៊ុន​សន្សំ​ដើម​ទុន ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

បើនិយាយ​ពី​ការលេង​តុងទីន​វិញ មនុស្ស​មួយ​ចំនួនក៏ជោគជ័យ ខណៈ​មួយ​ចំនួន​ទៀត​បរាជ័យ ព្រោះ​​ត្រូវ​បានមេ ឬ កូន ដែល​ដេញ​​​ប្រាក់​ហើយ​នោះ ដាក់​មេផាយរត់​ចោលស្រុក ឬអាចហៅ​ម្យ៉ាង​ទៀត​ថា "ធ្វើស៊ី"រហូត​​មាន​ការ​ប្ដឹងផ្ដល់។

សំណួរ​សួរ​ថា ពេល​មាន​ករណី​ដូច​បាន​រៀបរាប់​ខាងលើ តើ​ពួកគេ​ (មេ និងកូនដែលបោក) អាច​ប្រឈម​នឹង​បទ​ល្មើស​អ្វីខ្លះ?

​​​ច្បាប់​ "លេង​តុងទីន" មិន​មាន​ចែង​​​នៅ​ក្នុង​ច្បាប់​ណាមួយ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ប៉ុន្តែ​លោក ​ហម ស៊ុនរិទ្ធ មេធាវី​នៅ​ក្រុមហ៊ុន KN Legal Consuting បាន​​លើក​ឡើង​ដូចខាងក្រោម៖

  • បើ​ការ​លេងតុងទីន ​មាន​មានធ្វើជាឯកសារ​ ឬកិច្ចសន្យា និយាយ​​ពី​កាតព្វកិច្ច​រៀង​ៗ​ខ្លួន ឧទាហរណ៍​ មេ ​មាន​តួនាទី​ប្រមូល​លុយ​ពី​កូនឱ្យ​​គ្រប់​ចំនួន ​រាល់​ពេល​ចុងខែ បើ​កូន​មិន​បង់ មេ​ជា​អ្នក​ខុសត្រូវ​​ជាដើម។ បើ​សិន​មេ ​រត់គេច ឬ​ កូនមិន​បំពេញ​កាតព្វកិច្ច ​ក្នុងករណីនេះ​គឺ​ជា​ការ​បំពានលើ​កិច្ចសន្យា ដូច្នេះ​ម្ចាស់​បំណុល អាច​ប្ដឹង​សុំ​ឱ្យ​ភាគី ដែល​មិន​បានអនុវត្ត​កាតព្វកិច្ច​ ឱ្យ​ទៅ​អនុវត្ត​កាតព្វកិច្ច​នៅ​តុលាការបាន។

  • មួយវិញទៀត បើ​តុលាការ​រក​ឃើញ​ថា ភាគី (អ្នករត់គេច) មាន​ចេតនា​ទុច្ចរិត​បោក​សមាជិកមែន​ ភាគី​នោះ​នឹងត្រូវ​​ផ្ដន្ទាទោស​ផ្នែក​ព្រហ្មទណ្ឌ​ផង និង​សំណង​នៃ​ការខូចខាតផង។

ជារួមបទល្មើស​២ ដែល​អាចប្រឈមមាន "បទល្មើសទាក់ទង​នឹងការ​ឈរ​បោក" ដែលមានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ និង​បទល្មើស​រំលោភ​លើ​សេចក្ដី​ទុកចិត្ត មាត្រា ៣៩១ និង​មាត្រា ៣៩២ ដោយជនល្មើស ​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ ខែដល់ ៣ ឆ្នាំ និង​អាច​ពិន័យ​ជា​ប្រាក់ពី ១ លានរៀល​ទៅ ៦ លានរៀល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកមេធាវី ​ហម ស៊ុនរិទ្ធ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់