• 2017-08-28 02:55:34
  • ព័ត៌មាន

បេង​មាលា​ ប្រាសាទ​បាក់បែក​ តែ​ទាក់ចិត្ត​ទេសចរណ៍​ ខ្ទង់​ម៉ឺន​នាក់​ចូល​ទស្សនា​

  • 2017-08-28 02:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​បេង​មាលា​ នា​ពេល​បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម ហើយ​តួ​ប្រាសាទ​ជាច្រើន​កន្លែង​បាន​ដួល​រ​លំ​រាប​ដល់ដី និង​មាន​ដើមឈើ​ច​ម្រុះ​ដុះ​រុំ​ព័ទ្ធ​ផងដែរ។ ក៏​ប៉ុន្ដែ​មន្ដ្រី​ជំនាញ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ម៉ឺន​នាក់​ចូល​ទស្សនា​ផ្ដិត​យក​រូបភាព​ប្រាសាទ​នេះ​។

​ ​លោក ឈាន រដ្ឋា ប្រធាន​ស្ដីទី នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា បើ​យោងទៅតាម​ទេសភាព​របស់​ប្រាសាទ​បេងមាលា​នាពេល​នេះ វា​ហាក់​ដូចជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​សំណង់​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ បង្កើត​បានជា​ទស្សនីយភាព​ថ្មី​មួយ​សម្រាប់​អន្ទង​ដួងចិត្ត​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​។

លោក ឈាន រដ្ឋា

លោក​មាន​ប្រសាសន៍​​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​ប្រាសាទ​បេង​មា​លា ក្នុង​ខែ​ខ្សត់​ភ្ញៀវ​មាន​ប្រមាណ ១​ម៉ឺន​នាក់​ក្នុង​មួយ​ខែ ហើយ​ក្នុង​ខែ​សម្បូរ​ភ្ញៀវ​មាន​ជាង ៣​ម៉ឺន​នាក់ ក្នុង​នោះ ៩៥%​ជា​ជន​ជាតិ​ចិន​។​

​ ប្រាសាទ​បេង​មាលា ត្រូវ​បាន​សាងសង់ ឡើង​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​ ១១ និង​ដើម​សតវត្ស​ទី​ ១២ ក្នុង​រាជ​ព្រះបាទ​សូរ្យ​វ​រ្ម័​នទី​២ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​ក្នុង​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មា​លា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខាងកើត​ជើង​ភ្នំ​គូលែន និង​មាន​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទ​អង្គរ​។

ប្រវត្តិ​វិទូ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រាសាទ​បេង​មាលា​ត្រូវ​បាន​សាងសង់​ឡើង​ ដោយ​ប្រើប្រាស់​ប្លង់​មេ​តែ​មួយ​ជាមួយ​ប្រាសាទ​អង្គរ​វត្ត ហើយ​ការសាងសង់​ប្រាសាទ​នេះ​ឡើង​ក៏​ដើម្បី​សាកល្បង មុននឹង​សាងសង់​ប្រាសាទ​អង្គរ​វត្ត​ផងដែរ​។

ទោះ​បី​ជា​យ៉ាងណាក៏ដោយ លោក ឈាន រដ្ឋា បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រាសាទ​បេង​មាលា​មិន​បាន​បន្សល់ទុក​នូវ​សិលាចារឹក​ណាមួយ ដែល​បញ្ជាក់​ពី​កាលបរិច្ឆេទ​សាងសង់​នោះ​ទេ ទើប​វា​នៅតែ​ជា​ចម្ងល់​សម្រាប់​អ្នក​បុរាណវិទ្យា​ថា​តើ​រវាង​ប្រាសាទ​អង្គ​រ​វត្ត និង​ប្រាសាទ​បេង​មាលា​មួយ​ណា​សាងសង់​មុន​។

​គួរ​បញ្ជាក់​ថា ប្រាសាទ​បេង​មាលា កំពុង​ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​បម្រុង​ សម្រាប់​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ ពិភពលោក​។ លោក​រដ្ឋា​ឲ្យ​ដឹង​បន្ថែម​ថា ប្រាសាទ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​អភិរក្ស និង​ជួសជុល​ដោយ​អាជ្ញាធរ​​ជាតិ​អប្សរា​។ ទន្ទឹម​នេះ អាជ្ញាធរ​អប្សរា​ក៏​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ចិន​លើ​ការស្រាវជ្រាវ​ប្រមូល​ទិន្នន័យ ដើម្បី​សិក្សា​ពី​លទ្ធភាព​ នៃ​ការ​ជួសជុល​ផ្លូវ​ចូល​ខាងកើត​នៃ​ប្រាសាទ​នេះ​នៅ​ពេល​ខាងមុខ​ផង​ដែរ៕

សូមចុចអាន៖

​ ​

អត្ថបទ​៖ រស់ សុជាតិ

មតិយោបល់