• 2018-06-16 02:46:46
  • សេដ្ឋកិច្ច

ឆ​មាស​ទី​១ ឆ្នាំ​នេះ ​អ្នក​ទេសចរ​បរទេស​​ចេញ​-ចូល​ ច្រក​ប៉ោយ​ប៉ែត​ កើន​ឡើង​ប៉ុន្មាន​ដែរ?

  • 2018-06-16 02:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​បរទេស​ឆ្លង​កាត់​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​​នៅ​ឆមាស​ទី​១ ឆ្នាំ​នេះ​​​បាន​កើន​​ឡើង​រង្វង់ជាង ១០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​​ ២០១៧ កន្លងមក​។ នេះ​បើ​យោង​តាម​របាយការណ៍​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា អ្នកទេសចរ​បរទេស​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​បាន​កើន​ឡើងរង្វង់​ជាង១០%។ ​ក្នុង​នោះ​អ្នក​ទេសចរ​បរទេស​ចូល​មក​​​​​កម្ពុជា​មាន​ចំនួន ​២៦៨ ៦៤៥​នាក់​ ​កើន​ឡើង ១០,៧៨% មាន​ ៩៤​សញ្ជាតិ​។ ចំណែក​អ្នក​ទេសចរ​ចេញពី​ប្រទេស​កម្ពុជា​មាន​ចំនួន​ ២៧៦ ៣៥៧​នាក់​ មាន​១១៤​សញ្ជាតិ កើន​​ឡើង ១២,៣៩%។​  

លោក ពៅ​ សាវុធ អនុ​ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​​ចេញ​ចូល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​​​សណ្ដាប់​ធ្នាប់ និង​ មិន​មាន​បញ្ហា​អ្វី​កើន​ឡើង​នោះ​ទេ ជាពិសេស បន្ទាប់​ពី​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្ដូរ​អភិបាល​ក្រុង​ថ្មី​ ឃើញ​ថា ​ការរៀបចំ​សណ្ដាប់​ធ្នាប់​​ក្នុង​ក្រុង​មាន​កិច្ចសហការ​ល្អ។  

កាលពី​ឆ្នាំ​២០១៧ កន្លងមក​ភ្ញៀវ​បរទេស​​ចេញ​ចូល​មក​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង​២០​% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៦។

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កើន​ឡើង​នេះ លោក ហូ វណ្ឌី ទី​ប្រឹក្សា​​​សមាគម​​​ទី​​ភ្នាក់ងារ​​​ទេសចរណ៍​​​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ជុំវិញ​កំណើន​ភ្ញៀវ​ទេសចរ​នេះ​ថា​ នេះ​គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​ទេសចរ​​​កម្ពុជា​ ខណៈ​មួយ​ឆ្នាំ​ៗ​មាន​ភ្ញៀវ​ទេសចរ​រង្វង់​​ ពី​ ៤៧% ទៅ ៤៨ % ​​បាន​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ដីគោក​​។  

លោក​ថា បើ​គ្មាន​វិបត្តិ​​កើត​ឡើង​ទេ​​ លោក​ជឿថា ចំនួន​ភ្ញៀវ​ឆ្លង​កាត់​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត​ក្នុង​ឆ្នាំ ​២០១៨នេះ​ នឹង​អាច​មាន​ការ​កើន​ឡើង​។ វិបត្តិ​ដែល​​អាច​នឹង​ប្រឈម​ខ្លាំង​ចំពោះ​វិស័យ​ទេស​ចរ ​​​រួម​មាន​ វិបត្តិ​នយោបាយ​ វិបត្តិសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ជាមួយ​នឹង​ពិភពលោក​​ គ្រោះ​ទុរភិក្ស​ ការ​បង្ក​បញ្ហា​ដោយ​ក្រុម​ភេរវកម្ម​ និង​ប្រភេទ​ជំងឺរាតត្បាត​លើ​ពិភពលោក។  

​​ទោះ​យ៉ាង​ណា ​​លោក ហូ វណ្ឌី ឱ្យ​ដឹង​ទៀត​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​​គួរ​យក​ចិត្ត​ទុក​ចំពោះ​បញ្ហា​បរិស្ថាន​ និង​សណ្ដាប់​ធ្នាប់​នៅ​ច្រក​អន្តរជាតិ ប៉ោយ​ប៉ែត​​ឱ្យ​បាន​ល្អ​ប្រសើរ​​ ដើម្បី​បង្ក​លក្ខណៈ ងាយ​ស្រួល​ដល់​អ្នក​ដំណើរ។  

ទាក់ទង​នឹង​បញ្ហា​នេះ​លោក ពៅ​ សាវុធ អនុ​ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន្ត​ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​អ្នក​ដំណើរ​​ទាំងអស់​សហការ​ជាមួយ​នឹង​នគរបាល​អន្តោប្រវេសន៍ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​​ការរៀបចំ​សណ្ដាប់​ធ្នាប់​​មាន​ល្អ​ប្រសើរ​ទាំង​ការ​អង្គុយ​រង់ចាំ​ និង​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​ ហើយ​លោក​រំពឹង​ថា នៅ​ពេល​​ក្លោង​ទ្វា​ថ្មី​ធ្វើ​រួចរាល់​នឹង​​កាន់​តែ​មាន​​ភាព​ល្អ​ប្រសើរ​ជាង​នេះ។  

កម្ពុជា​មាន​ច្រក​ដី​គោក​ចំនួន​ពីរ​​ដែល​ភ្ញៀវ​ទេសចរ​ឆ្លង​កាត់​កើ​ន​ឡើង​ជា​រៀងរាល់​ឆ្នាំ​​នោះ ​​គឺ​ច្រក​អន្តរជាតិ​​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ និង​ច្រក​បាវិត​ខេត្ត​ស្វាយ​រៀង​។ យោង​តាម​របាយការណ៍​​​ក្រសួងទេសចរណ៍​​ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​​ភ្ញៀវ​ទេសចរ​សរុប​ជាង ៥ លាន ៦ សែន​​នាក់​៕     

អត្ថបទ៖ សុផល

មតិយោបល់