• 2018-06-16 07:58:23
  • សេដ្ឋកិច្ច

ប្លែក! សួន​ច្បារ​មុខ​សាលា​ខេត្ត​ឧត្តរមានជ័យ ​ចិញ្ចឹម​ត្រី​ប្រា​ពាន់​ក្បាល​ទាក់ចិត្ត​​អ្នក​មក​កម្សាន្ត

  • 2018-06-16 07:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អម​ដោយ​សួន​ច្បារ​ដ៏​ស្រស់ស្អាត​ជាមួយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ សួនច្បារ​ធំ​មួយ​កន្លែង​ស្ថិត នៅ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ ​(ទល់​មុខ​សាលា​ខេត្ត​) ហាក់​មិន​សូវ​រំលង​ពី​អ្នក​ដំណើរ​ឡើយ ពិសេស​អ្នក​និយម​ដើរ​ហាត់​ប្រាណ​ពេលល្ងាច​ ឬ​ពេលព្រឹក​។ មិន​សូវ​រំលង​ដោយសារ​ទស្សនា និង​ឱ្យ​ចំណី​ត្រី​ប្រា​ខ្ទង់​ពាន់​ក្បាល ដែល​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ស្រះទឹក​ដ៏ធំ​មួយ​ចំ​កណ្ដាល​សួន​ច្បារ​នេះ​តែម្តង។ 

មែន​ទែនទៅ​ត្រី​ប្រា​ទាំង​នេះ​ត្រូវ​បាន​រដ្ឋបាល​សាលា​ក្រុង​សំរោង​​ចិញ្ចឹម ដើម្បី​ទុក​ជា​ការ​កម្សាន្ត​​ សម្រាប់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​​​មក​ទស្សនា​គ្រាប់​បំបាត់​​ភាព​អផ្សុក​ និង​មិន​អនុញ្ញាត​ឱ្យ​នេសាទ​នោះ​ទេ។

អ្នកស្រី បុប្ផា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ​ឱ្យ​ដឹង​ថា អ្នកតែង​មក​​ហាត់​ប្រាណ​នៅ​សួន​ច្បារ​មុខ​សាលា​ខេត្ត​ស្ទើរ​មិន​លោះ​ថ្ងៃ​នោះ​ទេ ព្រោះ​នៅ​ទីនោះ​មាន​ឧបករណ៍​សាធារណៈ​មិន​គិត​ថ្លៃ​។ ​បន្ទាប់​មក​អ្នកស្រី​តែង​មក​​ឱ្យ​ចំណី​ត្រី​ប្រា ដែល​ធ្វើ​ឱ្យ អារម្មណ៍​អ្នកស្រី​កាន់តែ​ស្រស់​ថ្លា​បន្ថែម​ទៀត។ “ពិត​មែន​ប្អូន​…មីន​តែង​មក​ទី​នេះ​រាល់ថ្ងៃ​ ដើម្បី​ហាត់​ប្រាណ​ ក្រោយ​ហាត់​ប្រាណ​រួច​ក៏​ឈៀង​មក​មើល​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ឱ្យ​ចំណី”។

ចំណែក​កញ្ញា គន្ធា​ រស់​នៅ​ក្នុង​ក្រុង​សំរោង​ឱ្យ​​ដឹង​ថា ក្រោយ​ទំនេរ​ពី​ការ​សិក្សា​កញ្ញា ព្រមទាំង​មិត្តភ័ក្ដិ​តែង​មក​ស្រូប​យក​ខ្យល់​អាកាស​នៅ​សួន​ច្បារ​មុខសាលា​ខេត្ត ព្រោះ​មាន​បរិស្ថាន​ស្អាត​ និង​មនុស្ស​អ៊ូអរ។ ម្យ៉ាង​នៅ​ទីនេះ​មាន​កន្លែង​ចិញ្ចឹមត្រី​ប្រា​រាប់​​ពាន់​ក្បាល ស្ថិត​នៅ​ចំ​កណ្តាល​សួនច្បារ ដែល​អនុញ្ញាត​ឱ្យ​កញ្ញា​​ផ្តល់​ចំណី និង​បំបាត់​​អស់​ភាព​តប់​ប្រមល់។ “នៅ​ទី​នេះ​មាន​ខ្យល់អាកាស និង​ការ​រៀបចំ​ល្អ​​ទាំង​សួន​ច្បារ​ កន្លែង​ហាត់​សាធារណៈ ព្រមទាំង​កន្លែង​ទាំង​កន្លែង​ចិញ្ចឹម​ត្រី​ប្រា។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សាលា​ខេត្ត​បាន​រៀបចំ​​កន្លែង​នេះ​ឡើង​”។

លោក សុខ បូរ៉ា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សំរោង​​ឱ្យ​ដឹង​ដែរ​​ថា ការរៀបចំ​សួនច្បារ​ដ៏​ស្រស់ ស្អាត កន្លែង​ហាត់​ប្រាណ និង​វិមាន​ឯករាជ​នៅ​ក្នុង​ក្រុង​គឺជា​ចំណុច​ទាក់ទាញ​មួយ​។ ប៉ុន្តែ​អ្វី ដែល​កាន់តែ​ទាក់ទាញ​ទៀត​នោះ​សាលា​ក្រុង​បាន​រៀបចំ​ជា​ស្រះ​ចិញ្ចឹម​ត្រី​ដ៏​ធំ​មួយ​ និង​មាន​ការ​ថែរ​ទាំយ៉ាង​ល្អ​ទុក​គ្រាន់​ពលរដ្ឋ​បាន​ទស្សនា​។ "ខ្ញុំ​ឃើញ​មន្រ្តី​សាលា​ក្រុង​យកចិត្ត​ទុក​ដាក់​បាន​ល្អ​ទាំង​​ការថែទាំ​មិន​ឱ្យ​មាន​ការ​ចាប់​ត្រី​ពី​ស្រះ និង​ការ​ផ្លាស់ប្តូរ​ទឹក​ជាប្រចាំ​ ដើម្បី​កុំ​ឱ្យ​ត្រី​ងាប់។ ប៉ុន្តែ​ខ្ញុំ​សុំម្យ៉ាង​ថា ចូលរូម​ថែ​រក្សា​អនាម័យ​ទាំងអស់​គ្នា​ កុំ​បោះចោល​សំរាម​ផ្ដេសផ្ដាស​ចូល​ស្រះ​ចិញ្ចឹម​ត្រី និង​នៅ​លើ​សួនច្បារ ព្រោះ​អាច​នឹង​បាត់​បង់​សោភ័ណភាព​ និង​ងាប់ត្រី​បាន​"។

​​ក្រុង​សំរោង​ក្នុង​ខេត្ត ឧត្តរមានជ័យ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង ក្រុង​កាន់តែ​ស្រស់ស្អាត​ដូចជា ការរៀបចំ​សួនច្បារ ដាក់ភ្លើង​បំភ្លឺ​សាធារណៈ​ ការ​កសាង​វិមាន ឯករាជ និង​មាន​សភាព​អ៊ូអរ​ជាង ៤ឆ្នាំទៅ​៥​ឆ្នាំ​មុន។ នេះ​បើតាម​ការ​ពី​លោក សុខ បូរ៉ា៕      

អត្ថបទ៖ សុផល

មតិយោបល់