• 2018-09-27 03:59:03
  • ព័ត៌មាន

ក្រុម​អ្នក​ជំនាញ​រក​ឃើញ​​​ក្បាល​នាគ​ដ៏​ធំ​មួយ​នៅ​តំបន់​ប្រាសាទ​បន្ទាយ​ឆ្មារ

  • 2018-09-27 03:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មន្ត្រី​ជំនាញ​ជួស​ជុល​ក្តា​បែន​នៃ​ប្រាសាទ​ឆ្មារ បាន​ជីក​ប្រទះ​ឃើញ​​ក្បាល​នាគ​ដ៏​ធំ​មួយ​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​ដី​​​នៅ​តំបន់​ប្រាសាទ​បន្ទាយ​ឆ្មា​​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ប្រាសាទ​បន្ទាយ​ឆ្មា​ត្រូវ​បាន​កសាង​ឡើង ដើម្បី​​​ឧទ្ទិស​​​ថ្វាយ​​​ដល់​​​បុត្រ​​របស់​​​ព្រះមហាក្សត្រ​ ព្រះ​បាទ​​​ជ័យ​វរ្ម័ន​​​ទី​​​៧ ដែល​​​បា​ន​សោយ​​​ទិវង្គត​ ​ក្នុង​​ការ​​ច្បាំង​​ជា​មួយ​​​នគរ​ចម្ប៉ា និង​កសាង​​​នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។​

  ​លោក​ឧត្ដមសេនីយ៍​ទោ​ លី​ ឡាយ​ ប្រធាន​នា​យក​ដ្ឋាន​នគរបាល​ការ​ពារ​បេតិកភណ្ឌ​​បាន​ថ្លែង​ថា ​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​​ជួសជុល​ក្តាបែន​ នៃ​ប្រាសាទ​បន្ទាយឆ្មារ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន កាល​រសៀល​ថ្ងៃទី ២៥ ខែ​កញ្ញា ​ឆ្នាំ​២០១៨ បាន​ធ្វើ​កំណាយ​ឃើញ​​ក្បាល​នាគ ដែល​កប់​ក្នុង​ដី​ជម្រៅ​ ១ម៉ែ​ត្រ ​​។​ ក្បាល​នាគ​មាន​កម្ពស់ ​១,១៥​ ម៉ែត្រ ទ​ទឹង ០,៨០ម៉ែត្រ កម្រាស់ ០,៣៥ម៉ែ​ត្រ ​គឺជាក្បាលនាគទី៤ ដែល​ត្រូវ​បាន​រក​ឃើញ កាលពី​ឆ្នាំ ២០០៩ ហើយ​កម្លាំង​នគរបាល​ក៏​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិលេខ១ នៃ​អង្គភាព និង​ត្រូវ​ប្រគល់​ជូន​សារមន្ទីរ​​នៅ​ពេល​​ក្រោយ​។

​​ក្បាល​នាគ​​​នេះ​​នៅ​ស្អាត​ជាង​ក្បាល​នាគ​៣​ ទៀត​ដែល​បាន​រក​ឃើញ​ ​ហើយ​ក្បាល​នាគ​ដែល​រក​ឃើញ​​នេះ​​ អាច​ថា​ក្រុម​ចោរលួច​ ​យក​ទៅ​​មិន​បាន​ក៏​កប់​ទុក​នៅ​ទីតាំង​ខាងលើ​តែ​ម្តង។ ការងារ​បន្ទាប់​ គឺ​ក្រសួង​​ជា​អ្នក​ចាត់ចែង​ថា ត្រូវ​​បញ្ជូន​មក​សារមន្ទីរ​នៅ​ភ្នំពេញ​ ឬ​នៅ​ខេត្ត​​”។

  ​លោក​ឧត្ដមសេនីយ៍​ទោ​​បាន​បន្ថែម​​ថា ​ក្រុម​អ្នក​ជំនាញ​​ផ្នែក​ជួស​ជុល​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ បន្ទាប់​ពី​រក​ឃើញ​​​ក្បាល​នាគ​ដ៏​ធំ​នេះ​ ហើយ​មាន​​​ជំនឿ​ជឿ​ជាក់​ថា ប្រទេស​កម្ពុជា​នឹង​សុខសប្បាយ​ត្រជាក់ត្រជំ ដូច​គ្នា​ទៅ​នឹង​គ្រឿង​អលង្ការ​មាស​ ដែល​ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​អង់គ្លេស​​កាលពី​ពេល​ថ្មីៗ​កន្លងមក​នេះ។ “អញ្ចឹង​​ក្នុង​ជំនឿ​ខ្មែរ របស់របរ ដែល​បែកបាក់​​ត្រូវ​បាន​ប្រមូល​ និង​រក​ឃើញ​វិញ​ តំណាង​ឱ្យ​ប្រជាជាតិ​យើង​នឹង​សុខសាន្ត​ ​ត្រជាក់ត្រជំ”។

  ​ការ​រក​ឃើញ​ក្បាល​នាគ​ដ៏ធំ នេះ​អាច​ចាត់​ទុក​ថា ជា​ការ​រក​ឃើញ​ទ្រង់​ទ្រាយ​ធំ​មួយ​ពី​ក្រុម​អ្នក​ជំនាញ​ និង​បាន​​ប្រគល់​ឱ្យ​​​​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​យក​មក​រក្សា​ទុក​​។ នេះ​បើ​តាម​លោក​ លី ឡាយ​ ប្រធាន​​នាយកដ្ឋាន​នគរបាល​ការ​ពារ​បេតិកភណ្ឌ​៕

រូបថត៖ ផ្ដល់​ឲ្យ

អត្ថបទ៖ សុផល

មតិយោបល់