• 2019-04-02 07:18:34
  • សេដ្ឋកិច្ច

នរណា​ខ្លះ​ធ្លាប់​ញ៉ាំ​ចាហួយ​ដូង​អ្នក​កំពត​?

  • 2019-04-02 07:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣១ ពី​ថ្នល់​បែក​គុស ទៅ​ស្រុក​កំពុង​ត្រាច ខេត្ត​កំពត មក​ដល់​ម្ដុំ​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គភ្នំតូច ស្រុក​អង្គរជ័យ ទឹក​ដី​ខេត្ត​កំពត នៅ​សងខាង​ផ្លូវ​ឃើញ​មាន​លក់​ដូង​ជា​ហូរហែ​។ មិន​មែន​មាន​តែ​ដូង​ទេ ប្រសិន​អែប​ខាង​ផ្លូវ​រួច​ចូល​ទៅ​អង្គុយ​លេង​បន្តិច និង​ឃើញ​មាន​តាំង​ពី​ស្ករ​ត្នោត ស្ករផែន ឪឡឹក ត្រសក់ស្រូវ ជា​ពិសេស​ចាហួយ​ដូង ក្លិន​ឡើង​ឈ្ងុយ។

ចាហួយដូង

ចាហួយ​ដូង​ធ្វើ​ចេញ​ពី​ទឹក​ដូង និង​សាច់​ដូង ស្ករ ដូចៗ​គ្នា តែ​រសជាតិ​មិន​ដូច​គ្នា​ទេ​។ អ្នក​ស្រី​គង់ សុខហឿន​បាន​ប្រាប់​។ ព្រោះ​តែ​រូបមន្ត នៃ​បច្ចេកទេស​ធ្វើ​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​។ អ្នក​ស្រី​ប្រាប់​ថា មិន​កំណាញ់​ចំណេះ​ទេ ហូប​ហើយ​យល់​ថា​ឆ្ងាញ់​សាក​ធ្វើ​ហូប​ខ្លួន​ឯង​ក៏​បាន គាត់​ប្រាប់​គ្រឿង​ផ្សំ និង​របៀប​ធ្វើ​។

គ្រឿង​ផ្សំ​រួម​មាន

ដូង​មិន​ចាស់ មិន​ខ្ចី ដូង​ទុំ ស្ករ និង​ម្សៅ​ចាហួយ

វិធី​ធ្វើ

កាប់​ដូង​យក​ទឹក​ពូត​ជា​មួយ​ខ្ទិះ​ដូង (​ដូង​ទុំ​) ឯ​សាច់​ដូង​ច្រៀក​ជា​ចម្រៀក​ៗ ឬ​ជា​បន្ទះ​តូច​ៗ​ល្មម បន្ទាប់​មក​យក​ទៅ​រំងាស់​ជា​មួយ​គ្នា ថែម​ស្ករ​តិច ឬ​ច្រើន តាម​តម្រូវការ និង​ដាក់​ម្សៅ​ចាហួយ​ចូល រួច​ហើយ​កូរ​វា​ឲ្យ​ខាប់​ល្មម ប្រហែល​៣​ទៅ​៥​នាទី តាម​បរិមាណ​ច្រើន ឬ​តិច​។

ដំណាក់កាល​ចុង​ក្រោយ គឺ​ចាក់​ចូល​លលាដ៍​ដូង ដែល​ឆ្កៀល​យក​សាច់​អស់​ហើយ រួច​ក្លាសេ​ក្នុង​ទូ​ទឹកកក​ឲ្យ​ត្រជាក់​។ ប្រយ័ត្ន​ភ្លេច​ទុក​លលាដ៍​ដូង​ណា​!

អ្នក​ស្រី ​គង់ សុខហឿន​ កំពុងរៀបចំផ្លែដូងនៅខាងមុខផ្ទះនាពេលសៀល

អ្នក​ស្រី​សុខហឿន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​គាត់​លក់​អស់​៣០ ទៅ ៤០ ផ្លែ​ដូង​ចាហួយ ក្នុង​តម្លៃ​មួយ​ផ្លែ​ ៥ ០០០រៀល​។ ចាហួយ ១០០ ផ្លែ​ដូង អ្នក​ស្រី​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ទើប​ធ្វើ​រួច​។ អ្នក​ស្រី​ថា ត្បិត​ការងារ​ហត់​នឿយ​បន្តិច តែ​វា​បាន​ផ្ដល់​ចំណូល​ដល់​គ្រួសារ​ប្រចាំ​ថ្ងៃ​។ សុខ​ចិត្ត​រវល់​បាន​ចំណូល គ្រាន់​បើ​ជាង​ដក​ដង្ហើម​ចោល​ចាំ​ព្រេង​សំណាង​ ។ នេះ​ជា​ប្រសាសន៍​អ្នក​ស្រី​គង់ សុខហឿន អ្នក​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់