- 2019-04-09 08:10:09
- ព័ត៌មាន
អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត យកថវិកាជាង ៣ម៉ឺនដុល្លារ ជួយពលរដ្ឋក្រីក្រ ក្នុងខេត្តព្រះសីហនុ
- 2019-04-09 08:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត យកថវិកាជាង ៣ម៉ឺនដុល្លារ ជួយពលរដ្ឋក្រីក្រ ក្នុងខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានប្រារព្ធសកម្មភាពសប្បុរសធម៌មួយនៅខេត្តព្រះសីហនុ ដើម្បីផ្ដល់ជំនួយឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់ប្រជាជនក្រីក្រចំនួន ៦០០ គ្រួសារដែលគិតជាទឹកប្រាក់សរុបប្រមាណ ៣២ 000 ដុល្លារអាមេរិក។
ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ លោក លី មីញ នាយកប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចូលរួមជាវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនាំឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់។ ខេត្តព្រះសីហនុដែលមានកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេនៅកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលទទួលបានការកត់សម្គាល់ពីជុំវិញប្រទេស។
ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនខេត្តព្រះសីហនុមានចំនួនស្មើនឹង ៣ ០០០ដុល្លារអាមេរិក ក្នុងមួយនាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានប្រជាជនមួយចំនួនតូចនៅខេត្តព្រះសីហនុ ដែលកំពុងស្ថិតក្នុងស្ថានភាពទីទាល់ក្រលំបាក។
បន្ទាប់ពីបានទទួលពាក្យស្នើសុំជំនួយសប្បុរសធម៌ពីក្រុងព្រះសីហនុ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានបង្កើតក្រុមការងារដើម្បីរៀបចំនូវសម្ភារៈប្រើប្រាស់នានា និងឧបត្ថម្ភជាជំនួយដល់ប្រជាជនក្រីក្រចំនួន ៦០០ គ្រួសារនៅក្រុងព្រះសីហនុ ដើម្បីឆ្លងផុតគ្រាលំបាកនេះ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឡើងថ្លែងសុន្ទរកថា ក្រុមការងារ នៃអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ នៅក្នុងសកម្មភាពសប្បុរសធម៌នេះ។ ថ្នាក់ដឹកនាំក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយឥតសំណងរបស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត។
លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានថ្លែងនៅក្នុងសុន្ទរកថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចូលមកប្រទេសកម្ពុជាអស់រយៈពេលបួនឆ្នាំមកហើយ ហើយក្រុមហ៊ុនបានដើរតួជាសាក្សី ក៏ដូចជាអ្នកចូលរួមចំណែកក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់ទីក្រុងភ្នំពេញ និងទីក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ ផែនការ ១០ ឆ្នាំដំបូងរបស់ក្រុមហ៊ុន មានយុទ្ធសាស្ត្រធ្វើការវិនិយោគជាទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ និងវិនិយោគសរុប ចំនួន ៥ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់របស់ប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នឹងផ្តល់ថវិកាចំនួន ១០ លានដុល្លារអាមេរិកដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ការអភិវឌ្ឍ នៃវិស័យសប្បុរសធម៌នៅកម្ពុជា។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតឱកាសការងារចំនួនជាង ២០ ០០០ កន្លែង ដែលនឹងបង្កើនអត្រាការងាររបស់ប្រជាជនកម្ពុជានៅក្នុងរយៈពេល ១០ឆ្នាំ។
លោកលី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងជាអនុប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ឡើងថ្លែងសុន្ទរកថា ក្នុងរយៈពេលកន្លងមកនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយបានគាំទ្រដល់ការអភិវឌ្ឍវិស័យសប្បុរសធម៌របស់កម្ពុជាក្នុងគ្រប់ទិដ្ឋភាព រួមបញ្ជូលការកសាងផ្លូវថ្នល់ ការបរិច្ចាគជាថវិកាឧបត្ថម្ភការសិក្សា និងការផ្ដល់ជាជំនួយដល់ប្រជាពលរដ្ឋក្រីក្រ។ល។
អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានធ្វើដំណើរទៅកាន់ស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតអង្គការមូលនិធិសប្បុរសធម៌មក អង្គការក៏បានបង្កើតសកម្មភាពសប្បុរសធម៌ជាង ២០០ កម្មវិធី ហើយបានផ្តល់ជំនួយឧបត្ថម្ភជាថវិកា និងសម្ភារៈសរុបជាង ៦ លានដុល្លារអាមេរិក។
ពាក្យចាស់ពោលថា “តក់ៗពេញបំពង់” ចំណែកឯកិច្ចការសប្បុរសក៏ដូចគ្នាដែរ ពោលគឺសាមគ្គីរួមកំលាំងគ្នាកសាងសង្គម ឲ្យពោរពេញដោយក្តីស្រឡាញ់។ នៅពេលអនាគត អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នឹងបន្តធ្វើជាអ្នកត្រួសត្រាយ និងជាអ្នកអនុវត្តក្នុងកិច្ចការសប្បុរសធម៌ បន្តជំរុញគុណធម៌និងប្រពៃណីរបស់ប្រទេសចិន ព្រមទាំងតបស្នងមកកាន់សង្គមកម្ពុជាវិញ។
អង្គការសង្ឃឹមថា តាមរយៈសកម្មភាពរបស់ខ្លួន ស្មារតីសប្បុរសធម៌របស់អង្គការអាចជ្រួតជ្រាបដល់មនុស្សគ្រប់គ្នា និងធ្វើឲ្យមនុស្សកាន់តែច្រើនឡើងចូលរួមក្នុងបុព្វហេតុសប្បុរសធម៌ និងចូលរួមកសាងកម្ពុជាឲ្យកាន់តែប្រសើរនាពេលអនាគត៕