• 2019-04-24 00:33:00
  • ព័ត៌មាន

ដំណាក់កាលសំខាន់ៗ មុននឹងបានឡើងជិះយន្តហោះ សម្រាប់អ្នកគ្មានបទពិសោធន៍ (វីដេអូ)

  • 2019-04-24 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ការ​ជិះ​យន្តហោះ គ្នា​យើង​ភាគ​ច្រើន​អាច​មាន​ការ​បារម្ភ និង​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ខ្លះ សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍​ទាល់​តែ​សោះ ឬ​ត្រូវ​ជិះ​លើក​ទី​មួយ​ ហើយ​គ្មាន​​គ្នា​ទៅ​ជាមួយ។ សូម្បី​តែ​បង​កញ្ញា​ក៏​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ដូច​គ្នា ទើប​ថ្ងៃ​នេះ​បង​កញ្ញា​​នឹង​បង្ហាញ​​ដំណាក់​កាល​សំខាន់ៗ​​ដែល​គ្នា​យើង​គួរ​ដឹង​ ទម្រាំ​បាន​ឡើង​ដល់​កៅអី​យន្តហោះ ហើយ​កុំ​មាន​ការ​ព្រួយ​បារម្ភ​អី។

១. ពិនិត្យ​មើល​ឯកសារ​សំខាន់​ដែល​ត្រូវ​ប្រើ

មុន​ពេល​មក​ដល់ ឬ​ពេល​ដល់​ព្រលាន​យន្តហោះ ត្រូវ​ប្រាកដ​ថា លិខិត​ឆ្លងដែន និង​សំបុត្រ​​យន្តហោះ ព្រោះ​បើ​គ្មាន​របស់​ទាំង​ពីរ​នេះ អ្នក​មិន​អាច​ឡើង​លើ​យន្តហោះ​បាន​ទេ។

២. ស្វែង​រក​ព័ត៌មាន​ចេញ​ដំណើរ

ពេល​ឈាន​ជើង​ដល់​មាត់​ទ្វារ​ស្ថានីយ​ចេញ​ដំណើរ​អន្តរជាតិ និង​ក្នុង​ស្រុក យើង​ត្រូវ​ស្វែង​រក​អេក្រង់​ព័ត៌មាន​ចេញ​ដំណើរ​ដែល​ធម្មតា​មាន​នៅ​ពី​មុខ​កន្លែង​ Check-in ដើម្បី​ដឹង​ថា​ជើង​ហោះ​ហើរ​របស់​យើង​ត្រូវ​ដល់​ម៉ោង​ Check-in ហើយ​ឬ​នៅ។

លើ​តារាង​​ព័ត៌មាន​ចេញ​ដំណើរ​នេះ​មាន​៦​ផ្នែក​ធំៗ គឺ​៖

១. ឈ្មោះ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​យើង​បាន​កក់​ការ​ហោះហើរ

២. លេខ​ជើង​ហោះ​ហើរ

៣. ប្រទេស​គោល​ដៅ​ដែល​យើង​នឹង​ត្រូវ​ចុះ​នៅ​ពេល​​ខាង​មុខ

៤. ម៉ោង​ដែល​ត្រូវ​ចេញ​ដំណើរ

៥. តុ​ដែល​ត្រូវ​ Check-in (ជា​ធម្មតា​មាន​លើស​ពី​១​តុ)

៦. ព័ត៌មាន​បញ្ជាក់​ថា ជើង​ហោះ​ហើរ​យើង​ត្រូវ​ដល់​ម៉ោង​ Check-in ឬ​ត្រូវ​ឡើ​ងយន្តហោះ​ហើយ

៣. យក​វ៉ាលី និង​ប៉ាស្ព័រ​ទៅ​ Check-in

បន្ទាប់​ពី​ដឹង​ថា​ជើង​ហោះ​ហើរ​​ត្រូវ​ដល់​ម៉ោង​ Check-in ហើយ យើង​ត្រូវ​​ប៉ាស្ព័រ​ និង​សំបុត្រ​យន្តហោះ​ទៅ​តុ​ Check-in ដើម្បី​ទទួល​បាន​ Boarding Pass ហើយ​យក​វ៉ាលី​ទាំង​ធំ​និង​តូច​ទៅ​ថ្លឹង​ដើម្បី​ផ្ញើ​ទៅ​មុន។ ជា​ទូទៅ ការ​កំណត់​ទម្ងន់​វ៉ាលី​ដែល​ផ្ញើ​គឺ​ខុសៗ​គ្នា​ទៅ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ។ ឧទាហរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ Malindo ទម្ងន់​វ៉ាលី​ដែល​កំណត់​គឺ​មិន​ឱ្យ​លើស​ពី​៣០គីឡូ ហើយ​កាតាប ឬ​វ៉ាលី​តូច​ដែល​ដាក់​តាម​ខ្លួន​គឺ​៧​គីឡូ។

សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ ដំបូង​គួរ​ដឹង​ផង​ដែរ​ពី​របស់​មួយ​ចំនួន​ដែល​មិន​អាច​ដាក់​ក្នុង​វ៉ាលី​ផ្ញើ​ទៅ​មុន​បាន​ ដូច​ជា​របស់​មុត​ស្រួច ថ្ម​សាក Power Bank ជា​ដើម ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​ដែល​ជា​ការ​ហាម​ឃាត់​របស់​ព្រលាន​យន្តហោះ។

ចុចអាន៖ ម៉ាឡេស៊ី​អញ្ជើញ​អ្នក​សារព័ត៌មាន​ និង Blogger ពី​១០​ប្រទេស​ទៅ​​​ភ្លក់អាហារប្រចាំតំបន់ច្រើនកន្លែង

៤. យក Boarding Pass ទៅ​ដក​ពន្ធ​៧​ដុល្លារ​មក​វិញ

ចំណុច​នេះ​សំខាន់! មាន​អ្នក​មិន​ដឹង​ច្រើន ជា​ពិសេស​អ្នក​ទើប​មាន​បទ​ពិសោធន៍​ដំបូង​តែ​ម្ដង ព្រោះ​គ្មាន​បុគ្គលិក​ព្រលាន​ណា​ប្រាប់​យើង​ឡើយ។ ជា​គោលការណ៍ សម្រាប់​អ្នក​កាន់​ប៉ាស្ព័រ​កម្ពុជា​អាច​យក​ Boarding Pass និង​ប៉ាស្ព័រ​ទៅ​ដក​ពន្ធ​៧​ដុល្លារ​មក​វិញ ដែល​កន្លែង​ដក​ពន្ធ​នោះ គឺ​នៅ​ខាង​ក្រោយ​ជណ្ដើរ​ឡើង​ទៅ​ខាង​លើ​តែ​ម្ដង។

៥. បន្ត​ដំណើរ​ទៅ​ផ្នែក​អន្តោប្រវេសន៍ និង​ស្កេន​របស់​របរ

ក្រោយ​ពី​ដក​ពន្ធ​៧​ដុល្លារ​បាន​ហើយ យើង​ត្រូវ​ឡើង​ជណ្ដើរ​យន្ត​ទៅ​ខាង​លើ ដើម្បី​ឱ្យ​ផ្នែក​អន្តោប្រវេសន៍​ត្រួត​ពិនិត្យ និង​ដាក់​ស្កេន​របស់​របរ​តាម​ខ្លួន​ មុន​នឹង​បាន​ចូល​ទៅ​ក្នុង​បន្ត។ សម្រាប់​ការ​ស្កេន​ក្នុង​ដំណាក់​កាល​នេះ យើង​ត្រូវ​ដោះ​ស្បែក​ជើង នាឡិកា​ដៃ កាបូប កាមេរ៉ា កុំព្យូទ័រ​ និង​របស់​ផ្សេង​ទៀត​ដែល​មាន​ក្នុង​កាបូប​​ដាក់​ក្នុង​កន្ត្រក​ ហើយ​រុញ​ចូល​ម៉ាស៊ីន​ស្កេន។ សម្រាប់​យើង​ខ្លួន​ឯង​ត្រូវ​ដើរ​ចូល​ក្លោង​ទ្វារ​ស្កេន​មួយ​តង់​ទៀត ទើប​ចេញ​មក​យក​របស់​របរ​បន្ត​ទៀត។

ដំណាក់​កាល​នេះ ត្រូវ​ដឹង​ថា មិន​អាច​យក​ទឹក​ឬ​វត្ថុ​រាវ​លើស​ពី​១០០​ម.ល ចូល​បាន​ទេ។ ដូច្នេះ​សម្រាប់​ស្រីៗ​ដែល​ត្រូវ​ប្រើ​ឡេ សាប៊ូ​ទឹក ទឹក​អប់ មិន​អាច​យក​ឱ្យ​លើស​ពី​១០០​ម.ល ឡើយ តែ​សម្រាប់​ទឹក អាច​ដាក់​ប៊ីដុង​ទឹក​ដើម្បី​ច្រក​នៅ​ផ្នែក​ខាង​ក្នុង​បាន។

៦. ស្វែង​រក​ Gate ដើម្បី​រង់​ចាំ​ឡើង​យន្តហោះ

នៅ​លើ​ Boarding Pass មាន​បញ្ជាក់​​លេខ Gate ដែល​យើង​ត្រូវ​អង្គុយ​រង់ចាំ​ Check-in ឡើង​លើ​យន្តហោះ។ ក្រោយ​​ចេញ​ពី​កន្លែង​ស្កេន យើង​ត្រូវ​ស្វែង​រក​ព័ត៌មាន និង​ការ​បង្ហាញ​ទិស​ដៅ​ Gate នីមួយៗ ហើយ​ទៅ​កាន់​​ទី​នោះ រង់ចាំ​ឡើង​យន្ត។ មិន​ថា​ដំណាក់​កាល​ណា​ទេ សម្រាប់​ Boarding Pass និង​ប៉ាស្ព័រ​ត្រូវ​ដាក់​ឱ្យ​នៅ​ជាមួយ​គ្នា ព្រោះ​វា​ជា​របស់​ចាំ​បាច់​ណាស់។

៧. ឡើង​លើ​យន្តហោះ

ពេល​ដល់​ម៉ោង Check-in ឡើង​លើ​យន្តហោះ យើង​ត្រូវ​ស្វែង​រក​លេខ​កៅអី​ចូល​អង្គុយ ហើយ​ដាក់​កាតាប​ ឬ​វ៉ាលី​តូច​ដែល​យក​តាម​ខ្លួន​នោះ នៅ​ខាង​លើ (អាច​ឱ្យ​បុគ្គលិក​លើ​យន្តហោះ​ជួយ​សម្រាប់​រឿង​នេះ)។ បន្ទាប់​មក​ទៀត គឺ​ដាក់​ខ្សែ​ក្រវាត់ និង​ត្រងត្រាប់​ការ​ណែនាំ​ពី​បុគ្គលិក​អាកាសចរណ៍​ជា​ការ​ស្រេច។

ចង់ដឹងព័ត៌មានលម្អិត សូមមើលវីដេអូខាងក្រោម៖

ជូន​ពរ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទាំង​អស់​គ្នា​ឱ្យ​ជួប​តែ​សុខ​សប្បាយ និង​សុវត្ថិភាព ហើយ​កុំភ្លេច​ Share អត្ថបទ​និង​វីដេអូ​នេះ​ដល់​មិត្តភ័ក្ដិ​ឬ​គ្រួសារ​បាន​ដឹង​ផង!

អត្ថបទ៖ សរ សុគន្ធី

មតិយោបល់