• 2019-05-10 04:34:09
  • សេដ្ឋកិច្ច

ដឹង​ព័ត៌មានទាំងនេះ អាចជួយ​កាត់​បន្ថយ​ហា​និភ័យ​ពីការ​ឆបោក​ពេល​ទិញផ្ទះ ឬដី​ឡូត៍​

  • 2019-05-10 04:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សេដ្ឋកិច្ច​​បាន​ឲ្យ​ដឹង​ថា​ដើម្បី​ជៀស​វាង​ការ​ចាញ់​បោក​ជន​ខិល​ខូច​មួយ​ចំនួន​​ទាក់ទង​នឹង​ការ​ទិញ​-លក់​អចលន​ទ្រព្យ​ សាធារណ​ជន​គួរ​យល់​ដឹង​ពី​ចំណុចសំខាន់​​​មួយចំនួនមុន​នឹង​សម្រេច​ចិត្ត​ទិញ​។

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ នឹង​ទើប​ទទួលបាន​តាម​ប្រ​ព័ន្ទតេឡេ​ក្រាម​នា​រថ្ងៃ​នេះ ក្រ​សួង​បាន​សរសេរ​ថា​ដើម្បី​ឲ្យការ​ទិញ​លក់​អចលនទ្រព្យ​ ដីឡូត៍​ និងផ្ទះ​ដោយ​រលូន​ និង​ជៀស​វាង​ហានិភ័យ​ពី​ជន​ខិល​ខូចអ្នក ទិញ​ត្រូវ​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន។

សម្រាប់​ការ​ទិញ​ដីឡូត៍ ក្រ​សួង​ណែនាំ​ថា​អ្នក​ទិញ​ត្រូវ​ដឹង​ព័ត៌មាន​​មួយ​ចំនួន​ដូចជាឈ្មោះ​ម្ចាស់​អចលនទ្រព្យលើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ថា​តើជា​របស់​អ្នក​អភិវឌ្ឍន៍គម្រោង​ពុះ​ដីឡូត៍​លក់​ ឬ​ជា​របស់អ្នក​ផ្សេង​។

មួយ​ទៀត​ត្រូវ​ដឹង​ពី​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​​មាន​ជាប់​បន្ទុក​ឬអត់ និង​មាន​លិខិត​អនុញ្ញាត​ឲ្យ​​អភិវឌ្ឍ​ចេញពី​អាជ្ញាធរ និង​អង្គភាព​​មាន​សមត្ថកិច្ចឬយ៉ាងណា​។

ព័ត៌មា​ន​សំខាន់​មួយទៀត​គឺឯកសារ​បង់ពន្ធ​អចលនវត្ថុ​ បណ្ណ​បំបែក​​ក្បាល​ដី និងខ្លឹម​សារ​លម្អិត​នៃ​កិច្ច​សន្យា​ទិញ​-លក់។

សម្រាប់​ការទិញ​ផ្ទះ​វិញ សាធារណជន​ត្រូវ​ដឹងព័ត៌មាន​​លើ​ឯកសារ​ជាលិខិត​អនុញ្ញាត​សាងសង់​ចេញ​ដោយ​ក្រ​សួង​ដែនដី ឬសាលារាជធានី​ ខេត្ត។ មួយ​វិញ​ទៀតត្រូវ​ដឹងថា​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​​មាន​ជាប់​បន្ទុក​ឬអត់ និងមាន​លិខិត​អនុញ្ញាត​អភិវឌ្ឍលំនៅ​ដ្ឋានឬយ៉ាងណា។

ក្រៅពីនេះ​ក៏​ត្រូវ​ដឹង​ព័ត៌មាន​ពីឯកសារ​បង់ពន្ធ​អចលនវត្ថុ​ បណ្ណ​បំបែក​​ក្បាល​ដី និងខ្លឹម​សារ​លម្អិត​នៃ​កិច្ច​សន្យា​ទិញ​-លក់ ផងដែរ។

​ក្នុង​ករណី​សាធារណជន​ចង់​ដឹង​ព័ត៌មាន​កាន់តែ​លម្អិត​អាចទាក់ទង​មន្ត្រីជំនាញ​ទទួលបន្ទុក​កិច្ចការ​នេះ​របស់ក្រ​សួង​សេដ្ឋកិច្ច​បានតាម​រយៈលេខ​ទូរសព្ទ​ ០១២ ៣៩៣ ៧២៧ និ​ង​០៩៨ ៩៩៤ ៣៤៤៕

អត្ថបទ៖ ទូច សុខា

មតិយោបល់