• 2019-05-24 07:36:03
  • ព័ត៌មាន

ជីវិត​ត​ស៊ូ ពី​កូន​អ្នក​ក្រ​ម្ដាយ​បេះ​បន្លែ​លក់ ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដ៏​ធំ​មួយ

  • 2019-05-24 07:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​មេឃ​តែ​មួយ​មែន​ពិត ប៉ុន្តែ​វាសនា​មនុស្ស​មិន​ដូច​គ្នា​ទេ ព្រោះ​អ្នក​ខ្លះ​បាន​កើត​មក​លើ​គំនរ​ទ្រព្យ​សម្បត្តិ​រួច​ទៅ​ហើយ ចំណែក​អ្នក​ខ្លះ​ទៀត​កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់ ត្រូវ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង ទើប​អាច​រស់​បាន​សមរម្យ​ក្នុង​សង្គម។ ជាក់​ស្ដែង​លោក ផន វណ្ណិត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​រាជសន្តុសិត បាន​ឆ្លង​កាត់​ការ​លំបាក តស៊ូ​រៀន​សូត្រ​ទាំង​ពេល​ខ្លះ​គ្មាន​បាយ​ក្នុង​ពោះ រហូត​មាន​ជំនួញ​ក្នុង​ដៃ​អាច​ដឹក​នាំ​មនុស្ស​រាប់​រយ​នាក់។

ចាប់​កំណើត​ក្នុង​គ្រួសារ​កសិករ​ក្រ​ខ្សត់៖

ជីវិត​ពិត​របស់​លោក ផន វណ្ណិត ស្ទើរ​តែ​មិន​ជឿ​ថា​​អាច​មាន​ដល់​សព្វ​ថ្ងៃ​ឡើយ ព្រោះ​លោក​បើក​ភ្នែក​ឃើញ​ពន្លឺ​ថ្ងៃ​មក មិន​ដែល​ស្គាល់​ភាព​ស្រណុក​សុខ​ស្រួល​នោះ​ទេ។ លោក​ជា​កូន​ទី២ ក្នុង​ត្រកូល​គ្រួសារ​កសិករ​ដ៏​ក្រ​ខ្សត់​នៅ​ភូមិ​ក្រូច ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃ​វែង។ ដោយ​សារ​ជីវភាព​មាន​ការ​លំបាក​ខ្លាំង ឪពុក​របស់​លោក បាន​ចាក​ចេញ​ពី​ខេត្ត​ព្រៃវែង ទៅ​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​រក​ចំណូល​គ្រាន់​ចិញ្ចឹម​កូន​តូចៗ ខណៈ​ដែល​ម្ដាយ​របស់​លោក ត្រូវ​បេះ​បោច​បន្លែ​លក់​ទាំង​មាន​ជំងឺ យក​ប្រាក់​ឱ្យ​កូន​រៀន។

នៅ​អាយុ​បាន​ប្រហែល​ពីរ​​ខួប ម្ដាយ​របស់​លោក ផន វណ្ណិត បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ស្ទឹងត្រែង ដោយ​សង្ឃឹម​ថា​អាច​រស់​ជុំ​គ្រួសារ​អាច​មាន​អនាគត​ប្រសើរ​ជាង​មុន។ ជីវិត​នៅ​ទី​នោះ ក៏​ហាក់​មិន​ប្រសើរ​ឡើយ ព្រោះ​ធ្វើ​ចម្ការ​គ្រាន់​តែ​មួយ​រស់​ប៉ុណ្ណោះ។ ក្នុង​ចំណោម​បង​ប្អូន​ទាំង ៤​នាក់ មាន​តែ​លោក ផន វណ្ណិត ប៉ុណ្ណោះ ដែល​បាន​តស៊ូ​រៀន​សូត្រ​បន្ត​បន្ទាប់ ដោយសារ​ជាប់​ចិត្ត​នឹង​ការ​សិក្សា ហើយ​​សង្ឃឹម​ថា​អាច​កែ​ប្រែ​ជីវិត​បាន។ ចំណែក​បង​ប្អូន ៣​នាក់​ទៀត មិន​បាន​ឆ្លង​ការ​សិក្សា​ខ្ពង់​ខ្ពស់​ដល់​ថ្នាក់​សាកលវិទ្យាល័យ​ឡើយ។

នៅ​អាយុ ១៣​ឆ្នាំ លោក ផន វណ្ណិត បាន​បួស​ជា​សាមណេរ ហើយ​ក៏​បាន​ចាប់​ផ្ដើម​រៀន​បន្ត​នៅ​ខេត្ត​ស្ទឹង​ត្រែង ដែល​ជា​ទឹក​ដី​ម្ដាយ​លោក​កំពុង​ផ្ញើ​ប្រាណ។ ប៉ុន្តែ​ក្រោយ​មក លោក​ត្រូវ​លា​ចាក​ម្ដាយ ទៅ​រៀន​នៅ​ខេត្ត​ក្រចេះ​វិញ ព្រោះ​នៅ​ខេត្ត​ស្ទឹង​ត្រែង​កន្លែង​ដែល​លោក​រស់នៅ មិន​មាន​សាលារៀន​ខ្ពស់​ឡើយ។ បែក​ពី​ម្ដាយ អារម្មណ៍​កំព្រា​ពិបាក​ថ្លែង ប៉ុន្តែ​ដាក់​ចិត្ត​ផ្ញើ​ខ្លួន​ស្វែង​រក​វិជ្ជា​នៅ​ពុទ្ធិក​អនុវិទ្យាល័យ​រហូត​ទទួល​ជោគជ័យ និង​បាន​បន្ត​មក​សិក្សា​នៅ​ពុទ្ធិកវិទ្យាល័យ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។

នៅ​ឆ្នាំ​២០០៦ លោក ផន វណ្ណិត មាន​វាសនា​ល្អ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ត​វិជ្ជា​នៅ​ប្រទេស​ឥណ្ឌា រួច​ក៏​ប្រឹង​រៀន​សូត្រ​នៅ​ទី​នោះ រហូត​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ និង​អនុបណ្ឌិត​នៅ​ឆ្នាំ​២០១១។ ជោគជ័យ​លើ​ការ​រៀន​សូត្រ​ជា​ពេល​វេលា​ដ៏​រីក​រាយ​ក្នុង​ជីវិត គិត​ថា​អាច​ជួយ​ម្ដាយ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ពេល​នោះ ក៏​ជា​ពេល​ដែល​ម្ដាយ​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ មាន​ជំងឺ​មក​បៀតបៀន​ពេញ​រាង​កាយ។

ត្រលប់​មក​ទឹក​ដី​កម្ពុជា​វិញ លោក ផន វណ្ណិត បាន​ព្យាយាម​ប្រមូល​យក​ប្រាក់​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន ជួយ​ព្យាបាល​ម្ដាយ និង​តាម​មើល​ថែ​ម្ដាយ​តាំង​ពី​ខេត្ត​ស្ទឹងត្រែង រហូត​ដល់​រាជធានី​ភ្នំពេញ។ ជា​រឿង​ដ៏​សង្វេគ​បំផុត នៅ​​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១១ ម្ដាយ​របស់​លោក ផន វណ្ណិត ក៏​បាន​លា​ចាក​លោក មិន​ទាន់​ស្គាល់​ភាព​ស្រណុក​សុខ​ស្រួល បាយ​ឆ្ងាញ់​ម្ដង​ណា​ឡើយ ហើយ​ខំ​ប្រឹង​ធ្វើ​ការ មិន​ខ្វល់​នឹង​ជំងឺ​ខ្លួន​ឯង។

ចាប់​ផ្ដើម​ការងារ រក​ប្រាក់​ចិញ្ចឹម​ខ្លួន​ឯង៖

លោក ផន វណ្ណិត បាន​សឹក​វិញ​នៅ​ឆ្នាំ​២០១១ ដោយ​គ្មាន​ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន​ឡើយ គឺ​មាន​តែ​ចំណេះ​វិជ្ជា​មួយ​មុខ​គត់ ដែល​អាច​ជួយ​លោក​បាន។ ចាប់​ផ្ដើម​ដំបូង លោក ផន វណ្ណិត បាន​បង្រៀន​នៅ​សាលា Newton Thilay ដោយ​សន្សំ​លុយ​ទិញ​បាន​ម៉ូតូ​មួយ​គ្រឿង​ជិះ។ ក្រោយ​មក នៅ​អំឡុង​ខែ​តុលា​ឆ្នាំ​២០១១ លោក​ក៏​បាន​ដាក់​ពាក្យ​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ និង​បញ្ញាជាតិ ដោយ​ទទួល​បាន​ប្រាក់​ខែ​សមរម្យ អាច​ទំនុក​បម្រុង​ខ្លួន​ឯង​បាន ព្រម​ទាំង​រៀប​ការ​ជាមួយ​អ្នក​ស្រី ជា សុឡាឌី។

ជីវិត​ជា​សាស្ត្រាចារ្យ បាន​ធ្វើ​ឱ្យ លោក ផន វណ្ណិត រៀន​សូត្រ​កាន់​តែ​ច្រើន​ឡើង និង​ស្វែង​យល់​ពី​សង្គម​កម្ពុជា​កាន់​តែ​ខ្លាំង។ លោក ផន វណ្ណិត តែង​យក​បទ​ពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះ​មក​ចែក​រំលែក​ដល់​សិស្ស ព្រម​ទាំង​បង្រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ធ្វើ​ឱ្យ​សិស្ស​ទាំង​អស់​គោរព​ស្រលាញ់​លោក​យ៉ាង​ខ្លាំង។ លើស​ពី​នេះ លោក​តែង​ដឹក​នាំ​និស្សិត ចូល​រួម​ការងារ​សង្គម​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​គុណ​តម្លៃ​របស់​លោក។ ​ ក្រោយ​មក លោក ផន វណ្ណិត ក៏​ត្រូវ​​បាន​សាកលវិទ្យាល័យ​នានា ទាក់​ទង​បង្រៀន​ជា​បន្ត​បន្ទាប់ ហើយ​ក៏​មាន​ក្រុមហ៊ុន​ទាក់​ទង​ឱ្យ​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់ ដោយ​ទទួល​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន។ ទោះ​បែប​នេះ​ក្ដី លោក ផន វណ្ណិត គិត​ថា ជីវិត​មិន​អាច​នៅ​ដដែល​រហូត​ទេ គឺ​ត្រូវ​ធ្វើ​អ្វី​ដែល​ថ្មី​ជា​និច្ច លោក​ក៏​បាន​គិត​ពី​ការ​រកស៊ី​វិញ​ម្ដង។

ចាប់​ផ្ដើម​ជីវិត ក្នុង​វិស័យ​អចលនទ្រព្យ៖

តាម​ពិត​ទៅ លោក ផន វណ្ណិត មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ​តាំង​ពី​ឆ្នាំ​២០១១ ហើយ​ចាប់​ផ្ដើម​ទិញ​ដី​ដំបូង​នៅ​ម្ដុំ​ចោម​ចៅ ផ្លូវ​ជាតិ​លេខ៣ ដើម្បី​ទុក​ជា​ទ្រព្យ​ជាប់​ខ្លួន។ បន្ទាប់​មក​ទៀត រាល់​ថ្ងៃ​ឈប់​សម្រាក លោក​តែង​ធ្វើ​ដំណើរ​ទៅ​ជាយ​ក្រុង ពិសេស​ម្ដុំ​តំបន់​ភ្នំ​រាប រហូត​ដល់​គ្រួសារ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​លោក​ចេះ​តែ​ទៅ​ទីនោះ ប៉ុន្តែ​លោក​មាន​គោល​ដៅ​ច្បាស់​សម្រាប់​ខ្លួន​ឯង​រួច​ទៅ​ហើយ។

នៅ​ឆ្នាំ​២០១៦ លោក ផន វណ្ណិត បាន​សម្លឹង​ឃើញ​ពី​វិស័យ​អចលនទ្រព្យ​មាន​សន្ទុះ​កាន់​តែ​ខ្លាំង ក៏​ចាប់​ផ្ដើម​ដាក់​ចិត្ត​ប្រឡូក​ដោយ​មិន​រួញរា។ នៅ​​ខែ​តុលា ឆ្នាំ​២០១៦ ដដែល លោក​បាន​ឃើញ​ការិយាល័យ​ពុះ​ដីឡូត៍​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ប្រកាស​លក់​ដីឡូត៍​បង់​រំលស់ លោក​ក៏​សម្រេច​ចិត្ត​ទៅ​ទិញ ២​ឡូត៍ និង​សុំ​គេ​ធ្វើ​ជា​បុគ្គលិក​ផ្នែក​លក់។ ដោយ​ឱកាស​មក​ដល់ ហើយ​ជួប​ប្រធាន​រដ្ឋបាល​ជា​អ្នក​ធ្លាប់​បួស​ដូច​​គ្នា​ផង​នោះ លោក​ក៏​បាន​ក្លាយ​ជា​បុគ្គលិក​ផ្នែក​លក់​ម្នាក់។

មិន​បង្អង់​យូរ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដំបូង លោក ផន វណ្ណិត បាន​រៀន​ស្វែង​យល់​ពី​ភូមិសាស្ត្រ ការ​ធ្វើ​ប្លង់ ឡើង​ឡូត៍ និង​ការ​ពន្យល់​អតិថិជន ដោយ​មិន​ទាន់​គិត​ពី​ផល​ចំណេញ​មក​វិញ​ឡើយ។ ត្រឹម​ពេល​ដ៏​ខ្លី លោក ផន វណ្ណិត បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង ដោយ​មាន​អតិថិជន​ទុក​ចិត្ត និង​ទិញ​តាម​លោក​ជា​ច្រើន ដោយ​មិន​ជួប​បញ្ហា​អ្វី​ឡើយ។ ប្រាក់​កម្រៃ​របស់​លោក បាន​ទទួល​ចាប់​ពី​​ខ្ទង់​រយ​ដុល្លារ ដល់​ពាន់​ដុល្លារ និង​ឈាន​ដល់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។ ទោះ​បែប​នេះ​ក្ដី លោក​នៅ​តែ​មិន​បោះ​បង់​ការ​ប្រឹង​ប្រែង ហើយ​ព្យាយាម​សិក្សា​បន្ថែម​ទៀត ពី​របៀប​ធ្វើ​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង។

នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ លោក ផន វណ្ណិត ក៏​សម្រេច​ចិត្ត ចាប់​ផ្ដើម​ជំនួញ​ដោយ​ខ្លួន​ឯង ដោយ​បើក​ក្រុមហ៊ុន​ឈ្មោះ រាជសន្តុសិត។ មាន​ជំនួញ​ផ្ទាល់​ខ្លួន និង​មាន​ឈ្មោះ​ជា​អគ្គនាយក​មែន​ពិត ប៉ុន្តែ​លោក ផន វណ្ណិត នៅ​តែ​វប្បធម៌​រស់នៅ​ដោយ​ជួយ​អ្នក​ដទៃ ព្រម​ទាំង​បង្ហាញ​ផ្លូវ​អ្នក​ដែល​ដើរ​ជាមួយ​លោក​ជា​និច្ច។ អគ្គនាយក​ក្រុមហ៊ុន​វ័យ​ក្មេង​រូប​នេះ គឺ​​ជា​មនុស្ស​ម្នាក់​ដែល​ហ្មត់ចត់​លើ​ការងារ ហើយ​មាន​ចំណេះ​ដឹង​ផ្នែក​អចលនទ្រព្យ​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ចែក​រំលែក​ទៅ​កាន់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន។

អ្នក​ដែល​ស្គាល់​លោក​ពី​មុន​មក មាន​ការ​ជឿ​ទុក​ចិត្ត​ខ្លាំង ក៏​បាន​មក​​រួម​ដំណើរ​ជា​មួយ​ក្រុមហ៊ុន​របស់​លោក​បន្ត​បន្ទាប់​រហូត​ដល់​រាប់​រយ​នាក់។ សព្វថ្ងៃ​ក្រុមហ៊ុន រាជសន្តុសិត របស់​លោក ផន វណ្ណិត បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ដោយ​លោក​មាន​លទ្ធភាព​ទិញ​ដី​ជា​ច្រើន​គម្រោង ហើយ​លក់​ដាច់​អស់​ត្រឹម​ពេល​យ៉ាង​ខ្លី ក៏​ព្រោះ​តែ​សេចក្ដី​ទុក​ចិត្ត និង​ភាព​ល្បី​ល្បាញ​ត​គ្នា។ ពេល​នេះ លោក ផន វណ្ណិត បាន​បើក​សាខា​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​អតិថិជន។

មេរៀន​ជីវិត​ពី​លោក ផន វណ្ណិត៖

លោក ផន វណ្ណិត តែង​គិត​ថា ភាព​ជោគជ័យ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​វា​កើត​ចេញ​ពី​ការ​សេពគប់​មិត្តត្រូវ គិត​ត្រូវ និង​ធ្វើ​ត្រូវ។ លោក​បាន​ស្វែង​យល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​មិន​ដល់ ហើយ​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង ដោយ​មិន​ដេក​រង់ចាំ​ឱកាស​ឡើយ។ ភាព​ជោគ​ជ័យ​កន្លង​មក គឺ​ដោយសារ​លោក​គិត​លឿន ធ្វើ​លឿន ហាន​ប្រថុយ​នូវ​ហានិភ័យ ដើម្បី​កុំ​ឱ្យ​ឱកាស​ល្អ​កន្លង​ហួស។

លោក ផន វណ្ណិត បាន​បញ្ជាក់​ថា បើ​លោក​មិន​បាន​ទិញ​ដី​ឡូត៍​ដំបូង​ក្នុង​ឆ្នាំ​២០១១ ​នោះ​ទេ លោក​ក៏​មិន​អាច​មាន​ថ្ងៃ​នេះ​ដែរ។ ដូច​នេះ គ្រប់​គ្នា​ត្រូវ​ហ៊ាន​ធ្វើ​អ្វី​ដែល​ថ្មី​ជា​និច្ច មិន​គួរ​ធ្វើ​អ្វី​ដដែល​ៗ​ជា​​ទម្លាប់​ប្រចាំ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ការ​ធ្វើ​អ្វី​ដដែលៗ លទ្ធផល​ក៏​មិន​ខុស​ពី​មុន​ឡើយ។ បើ​អ្នក​ចង់​បាន​អ្វី​ថ្មី ត្រូវ​បោះ​បង់​ទម្លាប់​ធម្មតា ហើយ​ហាន​ធ្វើ​អ្វី​ដែល​ថ្មី​ដូច​គ្នា៕

អត្ថបទ៖ សុផល

មតិយោបល់