• 2019-08-29 08:53:10
  • ព័ត៌មាន

ស្ពាន​ឈើ​ថ្មើរ​ជើង​​ប្រវែង​​ជិត​១​​គីឡូ​ម៉ែត្រ​​ ត្រូវ​បាន​សាង​សង់​ចូល​ប្រាសាទ​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​​

  • 2019-08-29 08:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ ​មេបុណ្យ​" ជា​ឈ្មោះ​ស្ពាន​ឈើ​ប្រវែង ​៨០០​ម៉ែត្រ​​ ទទឹង​ ១,៥ ​ម៉ែត្រ​ សាង​សង់​ចូល​ទៅ​កាន់​ប្រាសាទ​បន្ទាយឆ្មារ ស្ថិត​នៅភូមិ​បន្ទាយ​ឆ្មារ​កើត​ឃុំ​បន្ទាយ​ឆ្មារ​ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយ​មានជ័យ ​និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ថ្ងៃ​ទី​២៩ ​ខែ​សីហា ​​នេះ។

លោក​ ហេង សុភក្តិ ​មេ​ឃុំ​បន្ទាយ​ឆ្មារ​ឱ្យ​ដឹង​ថា​ ស្ពាន​ឈើ​នេះ​បាន​ចំណាយ​ពេល​សាង​សង់​ពី​២​ខែ​ ចំណាយ​ទឹក​ប្រាក់ ​សម្ភារៈ​និង​កម្លាំង​យ៉ាង​ច្រើន​ជា​អំណោយ​ ឯកឧត្ដម​ ឧប្បនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន និង​លោកជំទាវ។ លោក​ថា ​ស្ពាន​នេះ ភ្ជាប់​ពី​ខ្នង​បារាយណ៍​ទិស​ខាង​លិច​ម្ដុំ​ស្រះ​ស្រង់​ទៅ​កើត​ គឺ​ឆ្លង​ចូល​កាត់​បារាយណ៍​ ទើប​ឡើង​លើ​ទួល​ប្រាសាទ​កំពែង​ទី​១ ​រួច​ចុះ​កាត់​កសិណ ​ទើប​ឡើង​ចូល​ដល់​ប្រាសាទ​មេបុណ្យ​ ដែល​ស្ថិត​នៅ​កណ្ដាល​ដូច​កោះ​មួយ​។ នៅ​​កណ្ដាល​ប្រាសាទ  ក៏​បាន​ស្ថាបនា​ផ្លូវ​ឈើ​ថ្មើរ​ជើង​ខ្វាត់​ខ្វែង​ទៀត​ ព្រម​ទាំង​តាំង​ទី​អាសន:​សម្រាប់​ភ្ញៀវ​អុច​ធូប​ទៀន​បួង​សួង​សុំ​សេចក្ដី​សុខ​ចម្រើន ​។

លោក​បាន​បន្ថែម​ថា ចំពោះ​មូល​ហេតុ​ប្រសិទ្ធ​នាម​​ឈ្មោះ "ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍ ​មេបុណ្យ​"​

  • ​ទី​១​​ រំលឹក​ដល់​បេតិកភណ្ឌ​ប្រាសាទ​មេបុណ្យ ​កសាង​នៅ​ចុង​ស.វ​ទី​១២ ​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ ដែល​ទ្រង់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វរ:​រាជ​មាតា​របស់​ព្រះអង្គ​។

  • ​ទី​២​ ដើម្បី​រំលឹក​អនុស្សាវរីយ៍ ​និង​ភ្ជាប់​និស្ស័យ​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​​កម្ពុជា ​ដែល​បាន​ផ្ដល់​ស្រះ​ទឹក​យក្ស​ធំ​ៗ​កាល​ពី​ឆ្នាំ​២០១៥ ​និង​ទទួល​វត្តមាន​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ចំនួន​២លើក ​។

  • ទី៣ គឺ​ភ្ជាប់​និស្ស័យ​ជាមួយ​ឯកឧត្ដម ​កែ ​គឹម​យ៉ាន​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​លោក​ជំទាវ​ម៉ៅ ម៉ាល័យ ​កែ ​គឹមយ៉ាន​ ដែល​បាន​ដឹក​នាំ​និង​ជួយ​ស្តារ​និង​អភិវឌ្ឍន៍​ខេត្ត​បន្ទាយ​មានជ័យ​ និង​ដោយ​ឡែក​នៅ​ឃុំ​បន្ទាយ​ឆ្មារ​ស្រុក​ថ្ម​ពួក​នេះ​ ​។

ស្ពាន​ឈើ​នេះ​ ត្រូវ​បាន​​សាង​សង់​ពី​ឈើ​ក្រាក់​ចម្រុះ​រួម​មាន​ គគីរ កកោះ ឈើ​ក្រំ ត្រាច​ ទ្រាស​ ផ្ចឹក​ រាំង​ ជាដើម​ ហើយ​គ្រាន់​តែ​ថ្ងៃ​ដំបូង ដែល​ស្ពាន​ឈើ​ថ្មើរ​ដ៏​វែង​នេះ​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ ក៏​មាន​ភ្ញៀវ​ទេសចរ ​ពី​គ្រប់ទិស មក​ទស្សនា ​ធ្វើដំណើរ​ថ្មើរ​ជើង  ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ និង​ចូល​ទៅ​គោរព​សក្ការ:​នៅ​ប្រាសាទ​មេបុណ្យ​ ​។​

លោក ​យឿង ​ឈៀ ​មេ​ក្រុម​ជាង​ឈើ​នៅ​ឃុំ​បន្ទាយ​ឆ្មារ​ឱ្យ​ដឹង​ដែរ​ថា ​សំណង់​ស្ពាន​ឈើ​ដ៏​វែង​នេះ​ ត្រូវ​សាង​សង់​ដោយ​ជាង​ជិត​១០​នាក់​ ប្រើ​ពេល​ជិត​៣​ខែ ​។ ឯ​ស្ថាបត្យកម្ម ​និង​សំណង់​ស្ពាន​ឈើ​បាន​ផ្ដល់​គំរូ​​ ដោយ​ក្រសួង​វប្បធម៍  និង​ក្រសួងទេសចរណ៍​៕

អត្ថបទ៖ សុផល

មតិយោបល់